Connect with us

នយោបាយ

គម្រោង​ធ្វើ​សម្ព័ន្ធភាព​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​កំពុងតែ​ស្ថិតនៅ​លើផ្លូវ​រដិបរដុប ដោយសារ​មិន​ទុកចិត្ត​គ្នា

បានផុស

នៅ

នៅ​ថ្ងៃ​អង្គារ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២២ ស្អែក​នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​គ្រោង​នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​បញ្ជាក់​ជំហរ​របស់​ខ្លួន ក្នុង​ការធ្វើ​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​ផ្សេងៗ​ទៀត​នៅក្រៅ​រដ្ឋាភិបាល នេះ​បើតាម​លោក យ៉េ​ង វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​។

លោក យ៉េ​ង វីរៈ អះអាងថា សន្និសីទ​សារព័ត៌មាន​នោះ មិនទាន់​ប្រកាស​ផ្លូវការ ពី​ការសម្រេចចិត្ត​ធ្វើ​សម្ព័ន្ធភាព​នោះទេ គ្រាន់តែ​ចង់បង្ហាញ​អ្នកសារព័ត៌មាន​អំពី​គំនិត​យោបល់ ក៏ដូចជា​រូបមន្ត ពី​បំណង​មួយចំនួន​ក្នុងការ​ធ្វើ​សម្ព័ន្ធភាព​តែប៉ុណ្ណោះ តែ​មិនទាន់​ជាក់លាក់​ថា ត្រូវធ្វើ​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​ណា​នោះ​ទេ ប៉ុន្តែ​បើតាម​លោក អ៊ូ ច័ន្ទ​រ័ត្ន ការធ្វើ​សន្និសីទ​នោះ ប្រហែលជា​គណបក្ស​នេះ ចង់​បញ្ជាក់​អំពី​គោលជំហរ​របស់ខ្លួន​ក្នុង​ការធ្វើ​សម្ព័ន្ធភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ូ ច័ន្ទ​រ័ត្ន ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​ថា កន្លងមក​គម្រោង​ធ្វើ​សម្ព័ន្ធភាព​នៅមាន​ការ​ស្ទាបស្ទង់​គ្នា​នៅឡើយ ដូច្នេះ​សន្និសីទ​សារព័ត៌មាន​នោះ នឹង​បញ្ជាក់​អំពី​បំណង​របស់លោក ដែល​បានលើកឡើង​កន្លងមក ចំពោះ​ការធ្វើ​សម្ព័ន្ធភាព​រវាង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​។ លោក​អះអាងថា កន្លងមក​មានការ​សហកា​រ​គ្នា​ខ្លះ​ហើយ​ទាក់ទង​ទៅនឹង​ការតស៊ូ​មតិ​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​ជាដើម​។

បើតាម​លោក អ៊ូ ច័ន្ទ​រ័ត្ន កន្លងមក ការបង្រួបបង្រួម​នេះ អត់​ទាន់​មាន​អ្វី​ច្បាស់លាស់​ទេ ម្លោះ​ហើយ​ការធ្វើ​សន្និសីទ​សារព័ត៌មាន​នោះ ប្រហែលជា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ចង់​បញ្ជាក់​ជំហរ​ខ្លួនឯង​ថា ខ្លួន​ចង់បាន​អី​។ ពីព្រោះ​កន្លងមក លោក​បានឃើញ​លោក យ៉ង សាំង​កុមារ បានដាក់​ចេញ​នូវ​សេណា​រី​យ៉ូ អំពី​កិច្ច​សហការគ្នា​ដូចជា ការដាក់​បញ្ជី​ឆ្លាស់គ្នា ឬ​ចែក​តំបន់​គ្នា ឬ​ជ្រក​ក្រោម​ឆ័​ត្រ​គណបក្ស​ណាមួយ ឬ​ទៅជា​បញ្ជី​តែមួយ​ជាដើម ហើយ​គម្រោង​នេះ លោក​ចង់ឱ្យ​ដំណើរការ​មុន​បោះឆ្នោត​ឆ្នាំ​២០២៣​។

លោក អ៊ូ ច័ន្ទ​រ័ត្ន អះអាងថា ការធ្វើ​សម្ព័ន្ធភាព​នេះ ជា​សេ​នារី​យ៉ូ លោក​ចង់​ឲ្យ​ធ្វើ​ទៅជា​គណបក្ស​តែមួយ ប៉ុន្តែ​លោក​មើល​ទៅ ហាក់ដូចជា​ពិបាក ដោយសារតែ​គណបក្ស​ភ្លើងទៀន​មាន​អាសនៈ​ក្រុមប្រឹក្សា​ច្រើន​រួចហើយ​។ លោក​បញ្ជាក់​ដែរ​ថា កន្លងមក​តំណាង​គណបក្ស​នីមួយៗ​បាន​ជួប​គ្នា​ខ្លះ​ហើយ ប៉ុន្តែ​មិន​មែន​ជា​ការជួប​ផ្លូវការ​នោះទេ គ្រាន់តែ​ជួប​ផ្ដល់យោបល់​ផ្ដល់​សេណា​រី​យ៉ូ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​តំណាង​គណបក្ស​នីមួយៗ​យកទៅ​ពិចារណា​។ ទោះជា​យ៉ាងណា លោក​មើលឃើញ​មាន​ឧបសគ្គ​សម្រាប់​ឈានទៅរក​ការរួបរួម ដោយសារ​គណបក្ស​នីមួយៗ នៅមុន​បោះឆ្នោត ហាក់ដូចជា​ចង់​សាក​កម្លាំង​ខ្លួនឯង ថា​តើ​មានការ​គាំទ្រ​ប៉ុណ្ណា ប៉ុន្តែ​ក្រោយពី​ការបោះឆ្នោត​ឃុំ សង្កាត់​ហើយ ហាក់ដូចជា​មានការ​បន្ទន់​ឥរិយាបថ​ខ្លះ​។

គួររំលឹកថា កន្លងមក​លោក អ៊ូ ច័ន្ទ​រ័ត្ន មានបំណង​ធ្វើ​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​មួយចំនួន នៅក្រៅ​រដ្ឋាភិបាល ដែល​គណបក្ស​ទាំងនោះ​មានដូចជា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​, គណបក្ស​ឆន្ទៈ​ខ្មែរ​, គណបក្ស​កែទម្រង់​កម្ពុ​ជា​, គណបក្ស​កម្ពុជា​និយម និង​គណបក្ស​ភ្លើងទៀនជាដើម ប៉ុន្តែ​គម្រោង​នេះ​មិន​ចេញ​ជា​រូបរាង ដោយសារ​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងនោះ ហាក់ដូចជា​មិន​ទុកចិត្ត​គ្នា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម