នយោបាយ
គណបក្សនយោបាយចូលរួមការបោះឆ្នោតទាំង ១៨ ទទួលបានលេខរៀងលើសន្លឹកឆ្នោតហើយ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៣នេះ បានរៀបចំពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ ២០២៣ នៅទីស្ដីការ គ.ជ.ប។

ពិធីនេះ ធ្វើឡើងក្រោមព្រះរាជាអធិបតីភាពសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ និងក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ព្រមទាំងមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងគណបក្សនយោបាយ តំណាងអង្គការ-សមាគម ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត។

បន្ទាប់ពីការចាប់ឆ្នោត ដោយសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ជាលទ្ធផលបង្ហាញថា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នៅលេខរៀងទី ១, គណបក្សខ្មែរតែមួយ នៅលេខរៀងទី ២, គណបក្សសញ្ជាតិកម្ពុជា នៅលេខរៀងទី ៣, គណបក្សខ្មែររួបរួមជាតិ នៅលេខរៀងទី ៤ , គណបក្សកម្លាំងប្រជាធិបតេយ្យ នៅលេខរៀងទី ៥, គណបក្សកសិករ នៅលេខរៀងទី ៦, គណបក្សស្ត្រីដើម្បីស្រ្ដី នៅលេខរៀងទី ៧, គណបក្សខ្មែរឈប់ក្រ នៅលេខរៀងទី ៨, គណបក្សហ៊្វុនស៊ិនប៉ិច នៅលេខរៀងទី ៩, គណបក្សធម្មាធិបតេយ្យ នៅលេខរៀងទី ១០, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅលេខរៀងទី ១១, គណបក្សបំណងពលរដ្ឋ នៅលេខរៀងទី ១២, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច នៅលេខរៀងទី ១៣, គណបក្សឯកភាពជាតិខ្មែរ នៅលេខរៀងទី ១៤, គណបក្សខ្មែរអភិរក្ស នៅលេខរៀងទី ១៥, គណបក្សយុវជនកម្ពុជា នៅលេខរៀងទី ១៦, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា នៅលេខរៀងទី ១៧ និងគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី ១៨។

លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប មានប្រសាសន៍ថា នាពេលខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវផលិតសន្លឹកឆ្នោតតាមមណ្ឌលនីមួយៗ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ដែលនៅក្នុងសន្លឹកឆ្នោតទាំងនោះ ត្រូវការជាចាំបាច់នូវលំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ដែលនឹងត្រូវកំណត់ជាលេខរៀងរបស់គណបក្សនយោបាយនីមួយៗ នៅលើសន្លឹកឆ្នោត សម្រាប់មណ្ឌលទាំង ២៥ ទូទាំងប្រទេស។
ប្រធាន គ.ជ.ប មានប្រសាសន៍បន្តថា «ដោយផ្អែកតាមបទពិសោធន៍ល្អ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ក៏ដូចជាការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា និងដើម្បីធានាបាននូវភាពយុត្តិធម៌ និងតម្លាភាព ក្នុងការកំណត់លំដាប់លេខរៀងឈ្មោះ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំពិធីនេះឡើង ដោយបានយាងសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ធ្វើជាព្រះរាជាធិបតី និងប្រោសព្រះរាជទាន ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧»។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខ។ ការបោះឆ្នោតនេះ នឹងមានគណបក្សនយោបាយចំនួន ១៨ ចូលរួមប្រកួតប្រជែងស្វែងរកសន្លឹកឆ្នោតពីប្រជាពលរដ្ឋម្ចាស់ឆ្នោត៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម១២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


