Connect with us

នយោបាយ

តំណាងគណបក្សប្រជាជនកម្ពុជា ពេញចិត្តលេខរៀងទី ១៨ នៅលើសន្លឹកឆ្នោត

បានផុស

នៅ

តំណាងគណបក្សប្រជាជនកម្ពុជា បានបង្ហាញការពេញចិត្តក្រោយគណបក្សរបស់ខ្លួន ទទួលបានលេខរៀងទី ១៨លើសន្លឹកឆ្នោត។ ការបង្ហាញការពេញចិត្តបែបនេះ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី ២៩ ខែឧសភានេះ បានរៀបចំពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ ២០២៣។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះ ធ្វើឡើងក្រោមព្រះរាជាអធិបតីភាពសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ និងក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ព្រមទាំងមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងគណបក្សនយោ​បាយ តំណាងអង្គការ-សមាគម ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត។ ជាលទ្ធផលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី ១៨ នៅលើសន្លឹកឆ្នោត។

លោក អ៊ុក គឹមហាន តំណាងគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅ គ.ជ.ប ថា លោកពេញចិត្តចំពោះលេខរៀងទី ១៨ ដែលគណបក្សប្រជាជនកម្ពុជាទទួលបាន ក្រោយការចាប់ឆ្នោតនៅពេលនេះ។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស​ បានស្គាល់អំពីឡូហ្គោរបស់គណបក្សប្រជាជន​កម្ពុជា។

តំណាងគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍បែបនេះថា «ខ្ញុំពេញចិត្ត ទោះស្ថិតនៅកន្លែងណា ក៏ខ្ញុំពេញចិត្តដែរ ព្រោះវាសំខាន់ដូចខ្ញុំបញ្ជាក់អញ្ចឹង គឺប្រជាពលរដ្ឋ លោកស្គាល់ លោកដឹង ឡូហ្គោហ្នឹង (ឡូហ្គោគណបក្សប្រជាជនកម្ពុជា) លោកគូសទៅ វាអត់ខុសទេ»។

លោក អ៊ុក គឹមហាន បានបញ្ជាក់ថា ក្រោយពីទទួលបានលេខរៀងទី ១៨ នៅលើសន្លឹកឆ្នោតហើយ គឺក្រុមការងារគណបក្សប្រជាជនកម្ពុជា​គ្រប់លំដាប់ថ្នាក់ នឹងចុះជម្រាបជូនប្រជាពលរដ្ឋម្ចាស់ឆ្នោតដល់មូលដ្ឋាន ជាពិសេសនៅក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោត ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០​២៣តទៅ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧​ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ​២០២៣។ គណបក្សប្រជាជនកម្ពុជា បានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត នៅគ្រប់មណ្ឌលបោះឆ្នោតទាំង ២៥រាជធានី-ខេត្ត ដែលមាន ១២៥លើ ១២៥អាសនៈ ហើ​យមានបេក្ខជនសរុប ២៧៤រូប៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម