នយោបាយ
អ្នកនាំពាក្យ៖ ការចោទថា មានការដាក់កាមេរ៉ាឃ្លាំមើល គឺគ្រាន់តែជាការសម្តែងរបស់លោក ទាវ វណ្ណុល នៅមុនការបោះឆ្នោតព្រឹទ្ធសភាប៉ុណ្ណោះ
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃពុធនេះ បានចេញមកទាត់ចោលនូវការចោទប្រកាន់របស់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនដែលថា អាជ្ញាធរកម្ពុជា បានដាក់កាមេរ៉ាឃ្លាំមើលសកម្មភាពរបស់លោក។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការចោទប្រកាន់របស់លោក ទាវ វណ្ណុល នេះថា គឺជាការសម្តែងជា«តួកំសត់» ដើម្បីទាក់ទាញការអាណិតអាសូរនៅមុនការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាតែប៉ុណ្ណោះ។
រឿងរ៉ាវចោទប្រកាន់ថារាជរដ្ឋាភិបាលកម្ពុជា ដាក់កាមេរ៉ាឃ្លាំមើលសកម្មភាពនេះ គឺលោក ទាវ វណ្ណុល បានផ្តល់កិច្ចសម្ភាសដល់សារព័ត៌មាន Nikkei Asia របស់ជប៉ុន ហើយត្រូវបានដកស្រង់សម្តីមកផ្សាយបន្តដោយ វិទ្យុបារាំងអន្តរជាតិ RFI ជាខេមរភាសាកាលលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។ លោក ទាវ វណ្ណុល បានប្រាប់សារព័ត៌មានទាំង២ថា រាជរដ្ឋាភិបាលបានដាក់កាមេរ៉ានៅមុខផ្ទះរបស់លោកដើម្បីឃ្លាំមើលសកម្មភាព២៤ម៉ោង។ លោក ទាវ វណ្ណុល ក៏បាននិយាយទៀតថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាន់តែអាក្រក់ទៅទាក់ទងនឹង ប្រជាធិបតេយ្យ ដោយបានបន្តចាប់ខ្លួនក្រុមប្រកួតប្រជែង នយោបាយ និងប្រជាពលរដ្ឋដែលរិះគន់រាជរដ្ឋាភិបាល។
តាមរយៈសេចក្តីថ្លែងការណ៍នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការលើកឡើងរបស់លោក ទាវ វណ្ណុល នេះថា មានលក្ខណៈជាការចោទប្រកាន់ មកលើរាជរដ្ឋាភិបាលទាំងបំពាន និងដោយខុសពីការពិត។ ដូច្នេះហើយ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសបដិសេធទាំងស្រុងចំពោះការអះអាងរបស់លោក ទាវ វណ្ណុល និងគូសបញ្ជាក់៥ចំណុចសំខាន់ៗជុំវិញបញ្ហានេះ។ ទី១. គឺ អ្នកនាំពាក្យរាជរដ្ឋាភិបាលអះអាងច្បាស់ៗថា គ្មានការដាក់កាមេរ៉ា ដើម្បីឃ្លាំមើលសកម្មភាពរបស់ លោក ទាវ វណ្ណុល ដូចការអះអាងមួលបង្កាច់របស់គាត់ឡើយ។ កាមេរ៉ានានាដែលត្រូវបានបំពាក់នៅតាមទីសាធារណៈទូទាំងប្រទេស ក៏ដូចជានៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ គឺក្រោមមូលហេតុសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងចរាចរណ៍ជូនប្រជាពលរដ្ឋទូទៅតែប៉ុណ្ណោះ ហើយក៏គ្មានគោលការណ៍ដាក់កាមេរ៉ាដោយឡែក ដើម្បីឃ្លាំមើលសកម្មភាពរបស់បុគ្គលណាមួយនោះឡើយ។
ចំណែកទី២ គឺការអនុវត្តច្បាប់ត្រូវបានធ្វើឡើងចំពោះជនទាំងឡាយណាដែលបានប្រព្រឹត្តល្មើសច្បាប់ ដោយគ្មានការបែងចែកថា អ្នកនោះមានឋានៈ តួនាទីអ្វី ឬជាអ្នកនយោបាយនោះឡើយ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល សង្កត់ធ្ងន់ថា នៅកម្ពុជាគ្មានទេអ្នកទោសនយោបាយ គឺមានតែអ្នកនយោបាយដែលប្រព្រឹត្តខុសច្បាប់ហើយត្រូវបានច្បាប់ផ្តន្ទាទោស។ រីឯចំណុចទី៣ គឺការអនុវត្តច្បាប់ គឺជាការងារសំខាន់ចាំបាច់ដើម្បីពង្រឹងនីតិរដ្ឋ។ នៅគ្រប់ប្រទេសទាំងអស់ ជាពិសេស ក្នុងបណ្តាប្រទេសប្រជាធិបតេយ្យជឿនលឿន ការពង្រឹងនីតិរដ្ឋគឺជារឿងមិនអាចខ្វះបាន ដើម្បីឱ្យប្រជាធិបតេយ្យដំណើរការនិងរីកលូតលាស់ទៅមុខ។ គ្មានការគោរពច្បាប់ គ្មានប្រជាធិបតេយ្យ តែវាជាប្រភពនៃភាពអនាធិបតេយ្យទៅវិញទេ ពោល គឺប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់បុគ្គលត្រូវតែស្ថិតនៅក្រោមច្បាប់។
ចំណុចទី៤ គឺអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញឱ្យដឹងថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៤១ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការជួបជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភបំពាននាំឱ្យប៉ះពាល់ ដល់កិត្តិយសអ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គមដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។ របបសារព័ត៌មានត្រូវរៀបចំឡើងដោយច្បាប់។ ដោយឡែក ចំណុចទី៥ គឺនៅកម្ពុជា ការបញ្ចេញមតិដែលស្ថិតនៅក្នុងក្របខណ្ឌនៃរដ្ឋធម្មនុញ្ញ ដូចបានលើកឡើងខាងដើម និងការរិះគន់ដោយស្ថាបនា ត្រូវបានគោរព និងធានាយ៉ាងខ្ជាប់ខ្ជួន។ ប៉ុន្តែ ការបញ្ចេញមតិដោយរំលោភបំពានលើអ្នកដទៃ ដែលត្រូវបានហាមដោយរដ្ឋធម្មនុញ្ញ គឺជាអំពើខុសច្បាប់ ហើយការអនុវត្តច្បាប់មិនត្រូវបានបកស្រាយថា ជាការបំបិទសិទ្ធិបញ្ចេញមតិ ឬការធ្វើទុក្ខបុកម្នេញឡើយ។
ជាមួយនឹងចំណុចទាំងនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល យល់ឃើញថា ការលើកឡើងរបស់លោក ទាវ វណ្ណុល ពិតជាមានចេតនាអាក្រក់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល ខណៈដែលការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ខិតជិតចូលមកដល់ ហើយនេះ គឺជាការសម្តែងរបស់លោក ទាវ វណ្ណុល ដើម្បីទាក់ទាញការអាណិតអាសូរពីសាធារណមតិប៉ុណ្ណោះ។ សម្រាប់អ្នកនាំពាក្យរាជរដ្ឋាភិបាល នេះ គឺជាភស្តុតាងមួយដែលបញ្ជាក់ពីការបញ្ចេញមតិ ដោយរំលោភបំពានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃដែលច្បាប់រដ្ឋធម្មនុញ្ញ បានហាមឃាត់ ។
ជាថ្មីម្តងទៀត អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន និងកំពុងបន្តការងារពីរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក៏ដូចជាការដាក់ចេញគោលនយោបាយ និងយុទ្ធសាស្ត្រនានា ដើម្បីពង្រឹងនីតិរដ្ឋ និងប្រជាធិបតេយ្យនៅកម្ពុជា ក៏ដូចជា ដើម្បីធានាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ។ នេះគឺជាគោលជំហរដ៏ម៉ឹងម៉ាត់ និងឥតងាករេរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល