ព័ត៌មានជាតិ
អ្នកនាំពាក្យរដ្ឋាភិបាលទទូចដល់សហគមន៍អន្តរជាតិដាក់សម្ពាធលើថៃឱ្យបញ្ឈប់អំពើឈ្លានពានលើកម្ពុជា
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ទទូចដល់សហគមន៍អន្តរជាតិដាក់សម្ពាធទៅលើថៃឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពឈ្លានពានមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយបង្ខំឱ្យប្រទេសក្បែរខាងកម្ពុជានេះ ត្រូវងាកមករកដំណោះស្រាយជម្លោះដោយសន្តិវិធីវិញ។

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាននិយាយនៅព្រឹកថ្ងៃចន្ទនេះ ថា រយៈពេល១៦ថ្ងៃ រាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានបើកការវាយប្រហារទ្រង់ទ្រាយធំ និងយ៉ាងសាហាវ ដើម្បីឈ្លានពានមកលើកម្ពុជា ដោយការទម្លាក់គ្រាប់បែកលើទីតាំងស៊ីវិល ដោយមិនរើសគោលដៅ ដែលធ្វើឱ្យជនស៊ីវិលស្លូតត្រង់កម្ពុជារងគ្រោះជាច្រើន ទាំងស្លាប់ របួស និងភៀសសឹក ខណៈហេដ្ឋារចនាសម្ព័ន្ធក៏រងការបំផ្លិចបំផ្លាញ។

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជា គឺថៃបានប្រើសព្វាវុធធុនធ្ងន់ ដែលមានសមត្ថភាពបំផ្លាញខ្ពស់គ្រប់ប្រភេទ មានទាំងយន្តហោះចម្បាំង F-16 នាវាចម្បាំង កាំភ្លើងកាំ ដ្រូនគ្រប់ប្រភេទគ្រាប់បែកចង្កោម និងផ្សែងពុល បានកើតឡើងជារៀងរាល់ថ្ងៃ។ ជាក់ស្ដែងមកដល់ព្រឹកថ្ងៃទី២២ ខែធ្នូនេះ ថៃនៅតែបន្តវាយប្រហារកាន់តែខ្លាំងក្លាមកលើកម្ពុជា។
អំពើវាយប្រហារដោយកម្លាំងយោធារបស់ថៃចូលជ្រៅមកលើទឹកដីកម្ពុជានេះ អ្នកនាំពាក្យ ថា ជាការផ្គើននឹងសហគមន៍អន្តរជាតិ រួមមានទាំងសហរដ្ឋអាមេរិក ចិន អឺរ៉ុប ប្រធានប្ដូរវេនអាស៊ាន និងបណ្ដាប្រទេសផ្សេងទៀត ដែលអំពាវនាវឱ្យបញ្ឈប់ការផ្ទុះអាវុធ ហើយងាកមកគោរពបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃឡើងវិញ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសថ្កោលទោសសកម្មភាពដ៏អមនុស្សរបស់យោធាថៃ និងអំពាវនាវសហគមន៍អន្តរជាតិដាក់សម្ពាធទៅលើប្រទេសថៃឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់ ដែលកម្ពុជាអះអាងថា ជាសកម្មភាពដែលបំពានច្បាប់អន្តរជាតិ និងរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស។
ការអំពាវនាវរបស់កម្ពុជា ក៏ស្របពេលដែលអាស៊ាន ក្រោមការសម្របសម្រួលរបស់ប្រទេសម៉ាឡេស៊ី ជាប្រធានប្ដូរវេនអាស៊ាន បានកោះប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ នៅឯទីក្រុងគូឡាឡាំពួរ ដើម្បីជជែកលើបញ្ហាជម្លោះតាមព្រំដែនរវាងកម្ពុជានិងថៃ ដែលកំពុងរាលដាលកាន់តែខ្លាំងពេលនេះ។ កិច្ចប្រជុំពិសេសនេះ ត្រូវបានរំពឹងថា នឹងជំរុញឱ្យមានការបន្ធូរបន្ថយភាពតានតឹង និងស្តារឡើងវិញនូវសន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃ។

លោក ប៉ែន បូណា ថា ការចូលរួមរបស់កម្ពុជា ក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ លើកកម្ពស់មជ្ឈភាព និងឯកភាពអាស៊ាន ដែលនឹងពង្រឹងដល់ការរួមចំណែកដ៏យូរអង្វែងរបស់អាស៊ានចំពោះសហគមន៍អន្តរជាតិទាំងមូល៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


