Connect with us

ព័ត៌មានជាតិ

ចំណាប់អារម្មណ៍អ្នកវិភាគ ជុំវិញដំណើរទស្សនកិច្ចមេដឹកនាំពិភពលោកមកកម្ពុជា ចំពេលមានភាពតានតឹងជម្លោះព្រំដែនកម្ពុជា-ថៃ

បានផុស

នៅ

ស្របពេលដែលកម្ពុជា-ថៃ មានជម្លោះព្រំដែន ចាប់ពីថ្ងៃទី​២៨ ខែឧសភា ឆ្នាំ ២០២៥ ដែលបានអូសបន្លាយអស់​រយៈពេលជិតមួយខែមកនេះ បានធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែឡើងកម្តៅ និងឈានទៅដល់ការបិទច្រកព្រំដែនផ្លូវគោកទ្វេភាគី។ ដើមហេតុនៃបញ្ហានេះ ដោយសារកងទ័ពថៃបានបាញ់មកលើទាហានខ្មែរមួយរូបបណ្តាលឱ្យបាត់បង់ជីវិតនៅទីកន្លែងលេណដ្ឋានទឹកដីកម្ពុជា។

នាយឧត្តមសេនីយ៍ MORISHITA Yasunori
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការកត់សម្គាល់ស្របពេលមានភាពតានតឹងនេះ សង្កេតឃើញបណ្តាប្រទេសជាមិត្ត ទាំងមេដឹកនាំក្នុងតំបន់ និងពិភពលោក បានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់។ ជាក់ស្តែង នាយឧត្តមសេនីយ៍ MORISHITA Yasunori មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន បានធ្វើទស្សនកិច្ចមកកម្ពុជា និងប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អ ជាមួយកងទ័ពជើងគោកកម្ពុជា។

ជាមួយគ្នានោះ លោក Andrew Byers ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីភាគខាងត្បូង និងអាស៊ីអាគ្នេយ៍ បានធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ដើម្បីមានជំនួបជាមួយមន្រ្តីកម្ពុជា និងពិភាក្សាជំហានបន្ទាប់ពង្រឹងទំនាក់ទំនងយោធាទ្វេភាគី។ តាមគម្រោង រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក និងនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងបំពេញទស្សនកិច្ចនៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ។

លោក Andrew Byers ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក

ជុំវិញដំណើរទស្សនកិច្ចរបស់បណ្តាប្រទេសជាមិត្តមកកាន់កម្ពុជាចំពេលមានភាពតានតឹង ត្រូវបានអ្នកវិភាគនយោបាយ មើលឃើញស្រដៀងគ្នាថា ដោយសារកម្ពុជាមាននយោបាយការទូតកម្រិតខ្ពស់ និងគោរពគោលការណ៍ច្បាប់អន្តរជាតិ។

អ្នកវិភាគនយោបាយ លោកបណ្ឌិត អេង កុកថាយ កត់សម្គាល់ថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រទេស ជប៉ុន សហរដ្ឋអាមេជិក និងសិង្ហបុរី និងប្រទេសផ្សេងៗមកកាន់កម្ពុជានាពេលនេះ ជាចំណុចវិជ្ជមានល្អមែនទែនសម្រាប់ស្ថានភាពដែលកម្ពុជាកំពុងជួបប្រទះ នៅក្នុងទំនាស់ព្រំដែនជាមួយថៃ។ លោកបញ្ជាក់ថា៖«ជំនួបទាំងអស់ ក៏ដូចជាដំណើរទស្សនកិច្ចរបស់មេដឹកនាំក្នុងតំបន់ ក៏ដូចជាអាស៊ាន មកកម្ពុជាគឺជាចំណុចល្អប្រសើរ និងស្របទិសដៅនៃយុទ្ធសាស្រ្តរួមកម្ពុជាដែលពឹងផ្អែកលើវិស័យការទូត និងលើច្បាប់អន្តរជាតិ ដើម្បីតតាំងជាមួយថៃ ទាក់ទងតំបន់ព្រំដែនរបស់ប្រទេសទាំងពីរ»។

លោកថ្លែងថា បើនិយាយពីការទូតកម្ពុជាមានកម្រិតមួយខ្ពស់នៅឆ្នាំ ២០២៥ ក៏ដូចឆ្នាំ ២០២៤ ឃើញថានៅក្នុងសន្ទទ្សន៍អំណាចអាស៊ីដែលធ្វើឡើងដោយវិទ្យាស្ថានឡូវី បានបញ្ជាក់ថា កម្ពុជាមានអំណាចផ្នែកការទូតខ្លាំងជាងប្រទេសថៃ និងមានកម្រិតខ្ពស់បើប្រៀបធៀបទៅនឹងទំហំសេដ្ឋកិច្ច និងប្រជាជនរបស់កម្ពុជា។ លោកបន្តថា ដូច្នេះវិស័យការទូតកម្ពុជា ជាប្រទេសមួយដែលមានភាពល្បីល្បាញ ដឹងឭ មានការជ្រោមជ្រែងច្រើនពីប្រទេសផ្សេងៗនៅក្នុងពិភពលោកដែលនេះជាយុទ្ធមួយដែលកម្ពុជាបាននិងកំពុងធ្វើដើម្បីដោះស្រាយទំនាស់ជាមួយប្រទេសថៃ។

លោកបណ្ឌិត អេង កុកថាយ


លោកបញ្ជាក់ថា យុទ្ធសាស្រ្តមួយទៀតដែលកម្ពុជាកំពុងធ្វើនោះ គឺការពឹងទៅលើច្បាប់អន្តរជាតិដែលប្រទេសទាំងអស់ជាសមាជិករបស់អង្គការសហប្រជាជាតិត្រូវអនុវត្តតាម ហើយច្បាប់អន្តរជាតិគឺវាបម្រើផលប្រយោជន៍ធំ ចំពោះប្រទេសដែលទំហំសេដ្ឋកិច្ច ប្រជាជន ទំហំដី យោធា ដែលជាគោលដៅដើមនៃការបង្កើតអង្គការសហហប្រជាជាតិ ដើម្បីឱ្យប្រទេសទាំងអស់គោរពគ្នាទៅវិញទៅមក និងគោរពច្បាប់ ធ្វើជាអាទិភាពក្នុងការទំនាក់ទំនងរវាងប្រទេសនិងប្រទេស និងការដោះស្រាយទំនាស់។

លោកថា៖«អ៊ីចឹង!កម្ពុជាដើរតាមគោលដៅនេះជាចំបង ដោយបានលើកករណីទាំង ៤ ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ បី ទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីដោះស្រាយ ហើយកម្ពុជាក៏បានធ្វើយុទ្ធសាស្រ្ត​នេះនៅក្នុងឆ្នាំ ១៩៦២ ទាក់ទងទៅនឹងករណីប្រាសាទព្រះវិហារកន្លងរួចមកហើយ ដែលទទួលបានជោគជ័យ»។លើសពីនេះ លោកថាកម្ពុជាក៏បានបោះឆ្នោតប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ី មកលើប្រទេសអ៊ុយក្រែន នេះក៏ដោយសារតែកម្ពុជាគឺដើរតាមច្បាប់អន្តរជាតិនៃការឈ្លានពានទៅវិញទៅមករវាងប្រទេសនិងប្រទេស។​

ចំណុចមួយទៀត ប្រទេសទាំងអស់ដែលមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ សុទ្ធសឹងតែជាប្រទេសដែលមិនអាចមកចូលរួមធ្វើសង្គ្រាមដើម្បីជួយភាគីកម្ពុជាបាននោះទេ ដោយលោកឃើញថាប្រទេសទាំងអស់នេះមានទំនាក់ទំនងជាមួយកម្ពុជាផង ជាមួយថៃផង ។ ត្រង់ចំណុចនេះ លោកបញ្ជាក់ថា៖«ប៉ុន្តែដើម្បីឱ្យមានការចរចាការទូត និងមានឥទ្ធិពលចំពោះភាគីទាំងសងខាង យើងទាមទារប្រទេសដែលមានឥទ្ធិពលទៅលើប្រទេសដែលមានទំនាស់ទាំងពីរកម្ពុជា ថៃ»។

បើតាមអ្នកវិភាគរូបនេះ កម្ពុជាមានទំនាក់ទំនងល្អជាមួយអាមេរិកដែលជាមហាអំណាចទី១ និងជប៉ុនមហាអំណាចក្នុងតំបន់អាស៊ីមួយដែរនោះ ដើម្បីឱ្យគាត់ជួយសម្រួលភាគីទាំងពីរមានការចរចាដោយសន្តិវិធី ដើម្បីបញ្ចៀសសង្គ្រាម ឬមួយក៏បញ្ឈប់សង្គ្រាមនៅពេលកើតមានឡើង។

ចំណុចពិសេសមួយទៀតរបស់អាមេរិកនោះ គឺថានៅពេលដែលត្រង់ចំណុចព្រំដែនកម្ពុជា ហើយនិងព្រំដែនថៃ គឺអាមេរិកនៅខាងកម្ពុជាកន្លងមក។ លោកបណ្ឌិត អេង កុកថាយ ថា ៖«យើងឃើញថានៅឆ្នាំ ១៩៤៦ អាមេរិកក៏បានជួយគាំទ្រឱ្យមានការធ្វើសន្ធិសញ្ញារវាងថៃ និងបារាំង ដើម្បីបញ្ចប់ទំនាស់ព្រំដែនរវាងប្រទេសទាំងពីរដែលថៃទាមទារក្នុងសង្គ្រាមលោកលើកទី២រហូតមកដល់ព្រំដែនខេត្តសៀមរាប»។

អាមេរិកបានសម្របសម្រួលដែលមានសន្ធិសញ្ញានេះ នៅទីក្រុងវ៉ាស៊ីនតោន។ នៅឆ្នាំ ១៩៦២ អាមេរិកក៏នៅគាំទ្រជំហរកម្ពុជាដែរ ហើយក្រុមការងារក្តីរបស់កម្ពុជាក៏មានឥស្សរជនអាមេរិកជួយគាំទ្រ។ ចឹងជាប្រវត្តិសាស្រ្តទាក់ទងជាមួយព្រំដែនអាមេរិកនៅខាងកម្ពុជាមួយភាគធំ។ ដែលនេះបញ្ជាក់ថា វិស័យការទូតកម្ពុជានៅតែពង្រឹងទៅមុខក្នុងនាមជាប្រទេសដែលមានទំហំតូច ទំហំកងទ័ពក៏តូចជាងប្រទេសថៃ ប៉ុន្តែកម្ពុជាមានគោលដៅមួយនៃការពង្រឹង ពង្រីក និងយុទ្ធសាស្រ្តដ៏សំខាន់ក្នុងការតទល់ទំនាស់ជាមួយថៃ។

ពាក់ព័ន្ធវិស័យការពារជាតិវិញ លោក អេង កុកថាយ​ កត់សម្គាល់ថា៖«ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ គឺកម្ពុជាបានធ្វើទំនើបកម្មនៅក្នុងវិស័យការពារជាតិច្រើន បានធ្វើសមយុទ្ធជាមួយបណ្តាប្រទេសផ្សេងៗជាច្រើន ដែលមានសមត្ថភាពក្នុងការប្រើបច្ចេកវិទ្យាថ្មីៗនៅក្នុងសង្គ្រាម ក៏ដូចជាការធ្វើសង្គ្រាមតាមប្រភពអនឡាញ សុទ្ធតែជាចំណុចពិសេសៗដែលកម្ពុជាបានធ្វើទំនើបកម្ម និងធ្វើសមយុទ្ធរៀនសូត្រពីប្រទេសទាំងអស់នោះកន្លងមក»។

លោកបណ្ឌិត​ យង់ ពៅ

ចំណែកអ្នកវិភាគនយោបាយ លោកបណ្ឌិត​ យង់ ពៅ កត់សម្គាល់ថា​ ទោះបីកម្ពុជាមានជម្លោះជាមួយថៃ ប៉ុន្តែកម្ពុជាក្នុងកាលៈទេសៈនេះ បានបង្ហាញឥរិយាបទ បើកទូលាយសម្រាប់បណ្តាប្រទេសទាំងអស់នៅលើកិច្ចសហប្រតិបត្តិការវិស័យកងទ័ព វិស័យការពារជាតិ ដែលផ្ទុយពីការរិះគន់កន្លងមកថាកម្ពុជាមានតែកិច្ចសហប្រតិបត្តិការជាមួយចិននោះទេ។

លោកបន្តថា ដំណើរទស្សនកិច្ចមេដឹកនាំប្រទេសជាមិត្តមកកាន់កម្ពុជា បានបង្ហាញថា កម្ពុជាបច្ចុប្បន្ននេះ មិនដូចកម្ពុជាកាលពីទសវត្សមុនៗនោះទេ គឺកម្ពុជាក៏ជាចំណុចស្នូលសំខាន់សម្រាប់តំបន់ និងពិភពលោកផងដែរ បើមិនសំខាន់ ករណីកើតឡើងថ្មីៗ ឬក៏បញ្ហាទាំងឡាយណា គឺពិភពលោកមិនបានចាប់អារម្មណ៍ពីកម្ពុជានោះទេ។

លោកបញ្ជាក់ថា៖«អ៊ីចឹង! ការចាប់អារម្មណ៍បំពេញទស្សនកិច្ចបន្តបន្ទាប់របស់បណ្តាថ្នាក់ដឹកនាំប្រទេសផ្សេងៗជាមិត្ត ទៅលើវិស័យការពារជាតិ បានបង្ហាញអំពីប្រទេសកម្ពុជា គឺជាចំណុចស្នូលសំខាន់ផងដែរ ទៅលើសណ្តាប់ធ្នាប់តំបន់ ក៏ដូច​ជាពិភពលោក ហើយក៏បានបង្ហាញតួនាទីដ៏សំខាន់របស់កម្ពុជាទៅលើកិច្ចការអន្តរជាតិ និងការថែរក្សាសន្តិភាពរបស់កម្ពុជា​ដែលប្រឹងប្រែងកន្លងមក»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣២ វិនាទី មុន

ចំណាប់អារម្មណ៍អ្នកវិភាគ ជុំវិញដំណើរទស្សនកិច្ចមេដឹកនាំពិភពលោកមកកម្ពុជា ចំពេលមានភាពតានតឹងជម្លោះព្រំដែនកម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

តើលោក Pete Hegseth រដ្ឋមន្ត្រីការពារជាតិអាមេរិក​ ​គ្រោងមក​ទស្សនកិច្ច​នៅកម្ពុជា មានប្រវត្តិជីវិតបែបណាខ្លះ?

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ហូឡង់ និងបែលហ្ស៊ិក ប្រគល់​នាវា​ដោះមីន​២​គ្រឿង​ឲ្យ​អ៊ុយក្រែនពង្រឹង​សន្តិសុខ​ដែន​សមុទ្រ

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ គ្រោងហោះទៅអាមេរិកសប្ដាហ៍ក្រោយ ដើម្បីចរចាពន្ធ

ព័ត៌មានជាតិ២៥ នាទីutes មុន

អតីតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ឹម ឈុនលឹម ត្រូវតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

Sokha Hotels

ព័ត៌មានពេញនិយម