Connect with us

នយោបាយ

បណ្ឌិត សូ ណារ៉ូ៖ កម្ពុជាខុសពីនេប៉ាល់ កម្ពុជាមានស្ថិរភាពនយោបាយរឹងមាំ មានការរីកចម្រើនឥតឈប់ឈរ

បានផុស

នៅ

លោកបណ្ឌិត សូ ណារ៉ូ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានអះអាងថា ប្រទេសកម្ពុជាខុសពីប្រទេសនេប៉ាល់ដែលកំពុងរងនូវវិបត្តិយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីរដ្ឋាភិបាលបានដួលរលំដោយសារការបាតុកម្មទ្រង់ទ្រាយធំរបស់ក្រុមយុវជន និងប្រជាពលរដ្ឋនេប៉ាល់។ ខុសគ្នា នៅត្រង់ថាកម្ពុជាកំពុងមានស្ថិរភាពនយោបាយយ៉ាងរឹងមាំ បើទោះបីកំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃក៏ដោយ។ ម្យ៉ាងទៀត កម្ពុជានាពេលនេះ ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែតបន្តពីសម្តេចតេជោ ហ៊ុន សែន គឺកំពុងរីកចម្រើនយ៉ាងខ្លាំង ដោយបង្កើតបានសមិទ្ធផលថ្មីៗធំៗជាច្រើនឥតគណនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមិទ្ធផលថ្មីៗធំៗជាច្រើន គឺជាសក្ខីភាពនៃការរីកច្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ អាកាសយានដ្ឋានអន្តរជាតិតេជោតម្លៃជាង២ពាន់លានដុល្លារ ត្រូវបានដាក់ឱ្យដំណើរការ ដែលនេះជាសមិទ្ធផលថ្មីដ៏ធំមួយរបស់ប្រទេសកម្ពុជា។ នេះ គឺជាការគូសបង្ហាញឱ្យឃើញរបស់លោកបណ្ឌិត សូ ណារ៉ូ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។ លោកបណ្ឌិត សូ ណារ៉ូ គូសបង្ហាញបែបនេះ ស្របពេលដែលប្រទេសនេប៉ាល់កំពុងជួបភាពវឹកវរដោយសារយុវជន និងប្រជាពលរដ្ឋនាំគ្នាធ្វើបាតុកម្មផ្តួលរំលំរដ្ឋាភិបាល និងក្នុងខណៈដែលបញ្ហានៅនេប៉ាល់ ត្រូវបានក្រុមប្រឆាំងនៅខាងក្រៅប្រទេសទាញភ្ជាប់មកប្រទេសកម្ពុជាដូចករណីប្រទេសបង់ក្លាដេសនាពេលកន្លងមក។

ប៉ុន្តែ កម្ពុជា គឺកម្ពុជា កម្ពុជាមិនមែនជាស្រីលង្កា កម្ពុជាមិនមែនជានេប៉ាល់។ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី សូ ណារ៉ូ បានទាញពន្លៀតឱ្យកាន់តែឃើញពីភាពរីកចម្រើនរបស់កម្ពុជា ដោយបញ្ជាក់ថា ដោយសារការរីកចម្រើនសេដ្ឋកិច្ច សង្គមខ្លាំងក្លា រោងចក្រ សហគ្រាស ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ វត្តអារាម បានរីកដុះដាលគ្រប់ទីកន្លែង ធ្វើឱ្យការងារកាន់តែសម្បូរ ដែលអាចផ្តល់ឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋ ជាពិសេស ពលករដែលវិលត្រឡប់មកពីប្រទេសថៃក្នុងពេលកំពុងមានជម្លោះព្រំដែនកម្ពុជា-ថៃ។

លោកបណ្ឌិត សូ ណារ៉ូ អះអាងថា៖ «អ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះ កម្មករ កម្មការី ដែលវិលត្រឡប់មកពីប្រទេសថៃវិញ បានបញ្ជាក់ថា ប្រាក់ខែនៅស្រុកខ្មែរនាពេលបច្ចុប្បន្នបានកើនឡើងជិតស្មើ ឬប្រហាក់ប្រហែលនឹងប្រាក់ខែនៅប្រទេសថៃ។ ហើយអ្វីដែលពួកគេទទួលបានលើសពីប្រទេសថៃនោះ គឺការទទួលបាននូវបណ្ណប.ស.ស ដើម្បីព្យាបាលជំងឺឥតគិតថ្លៃ ហើយកូនៗបានចូលសលារៀនឥតគិតថ្លៃ និងទទួលបានជំនួយជាច្រើនទៀតពីរាជរដ្ឋាភិបាល»។ លើសពីនេះ លោកបណ្ឌិត សូ ណារ៉ូ ក៏បានអះអាងដែរថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បានប្រមូលផ្តុំទៅដោយបញ្ញវន្តពូកែៗគ្រប់ស្រទាប់វណ្ណៈមកពីគ្រប់ប្រភពទាំងក្នុង និងក្រៅប្រទេស ដែលមានការសិក្សាថ្នាក់កំពូលមកពីគ្រប់ប្រទេសមហាអំណាច បង្កើតជាក្បាលម៉ាស៊ីនដឹកនាំរដ្ឋ ដើម្បីធានាបាននូវការបន្តវេនឱ្យមានស្ថិរភាព ប្រកបដោយសមត្ថភាព និងមានគុណភាព។

ដោយឡែក ពាក់ព័ន្ធនឹងក្រុមប្រឆាំងនៅខាងក្រៅដែលយកបញ្ហានេប៉ាល់ធ្វើអាជីវកម្មនយោបាយ ហើយទាញបញ្ហានេះមកភ្ជាប់ប្រទេសកម្ពុជាដើម្បីញុះញង់ជំរុញឱ្យយុវជន និងប្រជាពលរដ្ឋខ្មែរធ្វើដូចនៅក្នុងប្រទេសនេប៉ាល់នោះ គឺជារឿងមិនអាចទៅរួច ព្រោះយុវជន និងប្រជាពលរដ្ឋកំពុងរស់នៅយ៉ាងសុខសាន្ត និងកំពុងសាមគ្គីគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។ តែទោះជាយ៉ាងណា លោកបណ្ឌិត​សូ ណារ៉ូ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេស យុវជន កុំជឿតាមការញុះញង់របស់របស់ក្រុមជ្រុលនិយមនៅក្រៅប្រទេស ដែលគុបគិតជាមួយសត្រូវឈ្លានពាន ដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល បំផ្លាញសមិទ្ធផលជាតិដែលខំកសាងដោយលំបាក និងជំរុញឱ្យកម្ពុជាធ្លាក់ក្នុងវិបត្តិឱ្យសោះ៕

default
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម