Connect with us

សន្តិសុខសង្គម

តុលាការក្រុងភ្នំពេញ ឃុំខ្លួនជនជាតិចិន៤នាក់ ពីបទឆបោកមានស្ថានទម្ងន់ទោសពាក់ព័ន្ធករណី online scam

បានផុស

នៅ

ភ្នំពេញ ៖ លោក អាំង ចិន្តាចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញដីកាចំនួន៤ផ្សេងគ្នាបង្គាប់ឱ្យឃុំខ្លួនបុរស និងស្រ្តីជនជាតិចិនចំនួន៤នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង (Online Scams) និងអំពើគេចវេះពន្ធ ដែលប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជន​បរទេស​ដែល​តុលាការ​រាជធានីភ្នំពេញបានបង្គាប់ឱ្យឃុំខ្លួនមាន ទី១-ឈ្មោះ LIN DONGPING ភេទប្រុស ទី២-ឈ្មោះ LIN WUTONG ភេទប្រុស ទៅឃុំខ្លួន​បណ្តោះអាសន្ន​នៅមណ្ឌលអប់រំកែប្រែទី១ (ម១) ចំណែកទី៣-ឈ្មោះ SUN JIAXIU ភេទស្រី និងទី៤-ឈ្មោះ LAI ZUOXIANG ភេទស្រី ត្រូវឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ (ម២) ដោយអនុវត្តតាមច្បាប់។

ជនត្រូវចោទទាំង៤នាក់នេះ ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិតក្រោមការពិនិត្យពីបទ ឆបោក​មាន​ស្ថាន​ទម្ងន់​ទោសជាក្រុមមានការចាត់តាំង និងគេចវេះពន្ធ ប្រព្រឹត្តនៅចំណុចផ្ទះលេខ៣៥ និងផ្ទះលេខ២៤ បុរីរីវើរ៉ា  វិថីកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីអំឡុងឆ្នាំ ២០២៦ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៣៧៧, មាត្រា ៣៨០ និងមាត្រា ៣៨១ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៧៤ នៃច្បាប់ស្តីពីគយ ។ 

តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួនជាង៥០០នាក់ ក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី, សំណុំរឿងឧកញា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។ សមត្ថកិច្ចបានបន្តសហការជាមួយបណ្តាប្រទេសដៃគូ ដើម្បីស្រាវជ្រាវ ធ្វើកោសល្យវិច័យលើវត្ថុតាង និងស៊ើបអង្កេតប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជន ដើម្បី​ឈាន​ទៅ​វែក​មុខ​ក្រុមអង្គការចាត់ដែលបានយកកម្ពុជាធ្វើជាទីតាំងឆបោកទៅក្រៅប្រទេស។

ដោយ​ឡែក នៅ ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យអគារ Diamond star ស្ថិតនៅលើផ្លូវសុភមង្គល ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយឃាត់ខ្លួនជនសង្ស័យ ដែលជាបុរសជនជាតិចិន៣នាក់ និងស្ត្រីខ្មែរ ៤នាក់ រួមទាំងវត្ថុតាង រួមមានៈ កុំព្យូទ័រ ALL IN ONE  ចំនួន ២២គ្រឿង ទូរស័ព្ទដៃ ចំនួន ៣៨គ្រឿង  Laptop ចំនួន ១គ្រឿងម៉ូនីទ័រ ចំនួន ១២គ្រឿង ក្បាល DVR ចំនួន ០១គ្រឿង  លិខិតឆ្លងដែន ជនជាតិចិន ចំនួន ០៣ច្បាប់ ។ 

សមត្ថកិច្ចបានសន្និដ្ឋានថា ជាករណីលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scams ក្រោមរូបភាពឆបោកបែបស្នេហា(Romance Scam) ឱ្យបង្កើតគណនី ដើម្បីជួញដូររូបិយប័ណ្ណអេឡិចត្រូនិច(Wallet) ដែលមានគោលដៅទៅកាន់ប្រទេសផ្សេងៗ និងលួងលោមអូសទាញលក់សេវាកម្មផ្លូវភេទ។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ក្រុមការងារចម្រុះបានសម្រេចប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តស្រាវជ្រាវអនុវត្តតាមនីតិវិធី។ 

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាព​ទាំងឡាយណា​ដែល​នៅ​ពី​ក្រោយសកម្មភាពឆបោកទាំងនេះ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ទោស​ទណ្ឌ​ខ្ពស់​បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹង​អាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕

ប្រភព ៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម