Connect with us

សន្តិសុខសង្គម

អាជ្ញាធរ​ក្រុងដូនកែវ ចុះរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារធំតាកែវ ដើម្បីពង្រឹងអនាម័យ និងការគ្រប់គ្រងភាស៊ីឲ្យមានតម្លាភាព

បានផុស

នៅ

នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោក សុខ គង្គារ័ត្ន អភិបាលរងក្រុងដូនកែវ បានដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះអនុវត្តការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅជុំវិញបរិវេណផ្សារធំតាកែវ ដោយផ្តោតសំខាន់លើការកែលម្អសោភ័ណភាពទីក្រុង អនាម័យបរិស្ថាន និងការរៀបចំរបៀបរៀបរយឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងប្រតិបត្តិការនេះ អាជ្ញាធរក្រុងបានពិនិត្យ និងណែនាំដល់អាជីវករ ព្រមទាំងអ្នកលក់ដូរនៅតាមបណ្តោយផ្លូវជុំវិញផ្សារ ឲ្យចូលរួមថែរក្សាអនាម័យ មិនដាក់សំរាមចោលអនាធិបតេយ្យ និងគោរពតាមការរៀបចំទីតាំងលក់ដូរដែលអាជ្ញាធរកំណត់ដើម្បីបង្កើនភាពស្រស់ស្អាត និងភាពទាក់ទាញ។

ជាមួយគ្នានេះ លោកអភិបាលរងក្រុង បានធ្វើការណែនាំយ៉ាងម៉ឺងម៉ាត់ដល់ម្ចាស់ភាស៊ីផ្ញើកង់ និងម៉ូតូទាំងអស់ ត្រូវអនុវត្តការយកភាស៊ីឲ្យបានត្រឹមត្រូវ ស្របតាមសៀវភៅបន្ទុក និងតម្លៃដែលបានកំណត់ជាផ្លូវការ ដើម្បីជៀសវាងការយកលើសកំណត់ ឬបង្កការខូចខាតដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ការអនុវត្តយ៉ាងតឹងរ៉ឹងលើវិធានការនេះ គឺមានគោលបំណងធានានូវភាពយុត្តិធម៌ តម្លាភាព និងបង្កើនទំនុកចិត្តរបស់សាធារណជនចំពោះសេវាសាធារណៈ។

លោក សុខ គង្គារ័ត្ន ក៏បានលើកឡើងថា ការរៀបចំសណ្តាប់ធ្នាប់ និងអនាម័យនៅតាមទីសាធារណៈ ជាពិសេសតំបន់ផ្សារ គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ និងបង្ហាញពីរូបភាពវិជ្ជមានរបស់ទីក្រុង។ ដូច្នេះ អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការអនុវត្តវិធានការនានា ដើម្បីរក្សាបរិស្ថានឲ្យស្អាត និងមានរបៀបរាបរយជាបន្តបន្ទាប់។

សកម្មភាពចុះរៀបចំនេះ ត្រូវបានគេរំពឹងថា នឹងជួយបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងទីក្រុង កាត់បន្ថយភាពអនាធិបតេយ្យ និងធ្វើឲ្យបរិយាកាសជុំវិញផ្សារធំតាកែវ កាន់តែមានសោភ័ណភាព សុវត្ថិភាព និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងប្រកបអាជីវកម្មប្រចាំថ្ងៃ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម