សន្តិសុខសង្គម
អ្នកនាំពាក្យ ៖ នគរបាលចរាចរណ៍ជាច្រើនរយនាក់ ត្រូវបានពង្រាយគ្រប់គោលដៅ ដើម្បីសម្រួលចរាចរណ៍ជូនពលរដ្ឋ
មន្ត្រីនាំពាក្យ នគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កម្លាំងនគរបាលចរាចរណ៍ជាច្រើនរយនាក់ ត្រូវបានដាក់ពង្រាយគ្រប់គោលដៅទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ដើម្បីជួយសម្រួលការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋ។ ការឲ្យដឹងនេះ បន្ទាប់ពីអ្នកប្រើប្រាស់ បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានត្អូញត្អែរអំពីស្ថានភាព នៃការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ នាដើមឆ្នាំ ២០២២នេះ។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៣ ខែមករានេះថា ពាក់ព័ន្ធនឹងស្ថានភាព នៃការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញក្នុងឆ្នាំ ២០២២នេះ គឺមិនខុសគ្នាទៅនឹងការធ្វើចរាចរណ៍ នៅឆ្នាំ ២០២១នោះទេ គ្រាន់តែថាកាលពីអំឡុងពេល នៃការរាតត្បាតជំងឺកូវីដ-១៩ខ្លាំង ហើយមានការបិទខ្ទប់នោះ គឺការធ្វើស្ថានភាព នៃការធ្វើចរាចរណ៍ មិនមានការមមារញឹកខ្លាំងនោះឡើយ។

ក៏ប៉ុន្តែបន្ទាប់ស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាលឡើងវិញ និងមានការបើកដំណើរការសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ ហើយអនុញ្ញាតឲ្យមានកាធ្វើចរាចរណ៍ ជាធម្មតាឡើងវិញនោះ គឺប្រជាពលរដ្ឋបានចេញពីផ្ទះ ទៅធ្វើការងារ រកស៊ី និងទៅសិក្សាជាដើម ដែលធ្វើឲ្យការធ្វើចរាចរណ៍ មានការមមារញឹក ឡើងវិញផងដែរ។
លោកវរសេនីយ៍ឯក សាន សុខសីហា បានលើកឡើងថា «បន្ទាប់ពីរាជរដ្ឋាភិបាល បើកដំណើរការប្រទេសឡើងវិញ លើគ្រប់វិស័យមក គឺដំណើរការសេដ្ឋកិច្ច មានភាពទូលំទូលាយ ហើយប្រជាពលរដ្ឋចេញតំបន់ណា ទីតាំងណា ដោយសេរីតែម្ដង យើងឃើញថា ក្នុងឱកាសកម្មវិធីបុណ្យផ្សេងៗ ហ្នឹង គឺប្រជាពលរដ្ឋ គាត់អញ្ជើញទៅកម្សាន្ដតាមបណ្ដាខេត្ត តាមបណ្ដាច្រកនានាហ្នឹង គឺមានការកកកុញច្រើន»។
ម្យ៉ាងទៀត ដោយសារតែប្រទេសជាតិ មានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ នាំឲ្យមានការវិនិយោគ ពីវិនិយោគិនជាតិ និងអន្តរជាតិ ហើយនៅពេលប្រទេសជាតិ មានសុខសន្តិភាព និងការរីកចំរើននោះ ប្រជាពលរដ្ឋក៏អាចមានលទ្ធភាព ប្រកបមុខរបរនានាទៅតាម ចំណង់ចំណូលចិត្តរបស់ខ្លួន។ នៅពេលពួកគាត់ រកទទួលទានមានបាន និងមានជីវភាពធូរធានោះ ក៏បានទិញរថយន្ត ឬម៉ូតូសម្រាប់ធ្វើដំណើរផ្ទាល់ខ្លួន ដែលនាំឲ្យមានកំណើន នៃការប្រើប្រាស់យានយន្ដ នៅក្នុងរាជធានីភ្នំពេញ ហើយក៏ជាកត្តាមួយ ដែលនាំឲ្យមានការកកស្ទះចរាចរណ៍ ផងដែរ។ នេះបើតាមការលើកឡើង របស់លោកវរសេនីយ៍ឯក សាន សុខសីហា។
លោកបន្តថា ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ គឺកម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាច្រើនរយនាក់ ត្រូវបានដាក់ពង្រាយនៅគ្រប់គោលដៅទាំងអស់ ក្នុងរាជធានីភ្នំពេញ ដើម្បីជួយសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា «ទោះបីជាយ៉ាងណា ក៏សមត្ថកិច្ចរបស់យើង តែងតែខិតខំប្រឹងប្រែង អស់ពីលទ្ធភាព ទាំងពីពេលព្រលឹម រហូតដល់ពេលយប់ ដើម្បីសម្រួលការធ្វើចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ»។
ទន្ទឹមនឹងនេះដែរ នគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ ទាំងនៅស្នងការដ្ឋាន និងអធិការដ្ឋានខណ្ឌ តែងតែចុះជាប្រចាំនៅតាមបណ្ដាផ្លូវនានា ក្នុងរាជធានីភ្នំពេញ ដោយបានអប់រំណែនាំប្រជាពលរដ្ឋ កុំឲ្យលក់ដូរលើចិញ្ចឹមផ្លូវ ដែលត្រូវធ្វើចរាចរណ៍ ហើយប្រសិនបើអប់រំណែនាំមិនស្ដាប់ នឹងត្រូវអនុវត្តតាមនីតិវិធីច្បាប់តែម្ដង។
សម្រាប់ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក របស់កងកម្លាំងនគរបាលរាជធានីភ្នំពេញវិញ ក៏ទទួលលទ្ធផលល្អផងដែរ។ លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងបន្ថែមថា ដោយអនុវត្តតាមការណែនាំ និងបទបញ្ជា របស់អគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ គឺកម្លាំងនគរបាលរាជធានីភ្នំពេញ បានអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹងយ៉ាងម៉ឺងម៉ាត ដែលជាលទ្ធផលធ្វើឲ្យចំនួន ករណីគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ និងរងរបួស មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។
ជាមួយគ្នានេះ អ្នកនាំពាក្យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានមើលឃើញអំពីការខិតខំ របស់រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋបាលរាជធានីភ្នំពេញ ដែលតែងតែគិតគូរ និងសិក្សាស្រាវជ្រាវ ដើម្បីធ្វើការដោះស្រាយ បញ្ហាកកស្ទះចរាចរណ៍នេះ។
ទោះជាបែបណាក៏ដោយ ក្នុងនាមសមត្ថកិច្ចមួយរូប លោកវរសេនីយ៍ឯក សាន សុខសីហា បានអំពាវនាវដល់ប្រជាពល រដ្ឋ ដែលជាអ្នកបើកបរទាំងអស់ សូមចូលរួមគោរពអនុវត្ត ច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នា និងមានសីលធម៌ក្នុងការបើកបរ ដោយមិនត្រូវបើកបរ ក្នុងគន្លងចរាចរណ៍ របស់យានយន្ដដទៃឡើយ៕
អត្ថបទ៖ ឃួន សុភ័ក្រ





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី