Connect with us

សន្តិសុខសង្គម

ស្នងការខេត្តកណ្ដាលផ្អាកការងារនាយរងផ្នែកសន្តិសុខម្នាក់ក្រោយបែកធ្លាយរឿងទារប្រាក់ពីជនរងគ្រោះ២០០ដុល្លារជាថ្នូរនឹងការតាមចាប់ជនល្មើស

បានផុស

នៅ

លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានសម្រេចផ្អាកការងារបណ្ដោះអាសន្ននាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ ម្នាក់ ក្រោយបែកធ្លាយរឿងទារប្រាក់ចំនួន២០០ដុល្លារពីជនរងគ្រោះជាថ្នូរនឹងការតាមចាប់ជនល្មើស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលិខិតបង្គាប់ការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលក្នុងប្រការ១ ផ្អាកការងារបណ្ដោះអាសន្នលោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ អត្ដលេខ៦៣៥៥៤ នារងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ ដោយមូលហេតុ ប្រព្រឹត្តកំហុសមានចែងក្នុងបទបញ្ជាលេខ០០៦ ប ប ជ។

ការផ្អាកការងារនាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ នេះបានធ្វើឡើងបន្ទាប់ពីមានគេហទំព័រសារព័ត៌មានមួយបានចុះផ្សាយមានខ្លឹមសារថា «អះអាងថាខ្លួនជាប៉ូលីស និងជាដៃស្តាំលោកអធិការនគរបាលស្រុកពញាឮ ហើយបានទារលុយចំនួន២០០ដុល្លារពីគ្រួសារជនរងគ្រោះជាថ្នូរនឹងការចុះចាប់ជនសង្ស័យ ខណៈជនរងគ្រោះត្រូវគេកាប់ស្ទើរតែស្លាប់ទៅហើយ។

ក្រោយពីធ្វើការស្រាវជាវពាក់ព័ន្ធនឹងការចុះផ្សាយនេះ​ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញចុះធ្វើការងារស្រាវជ្រាវជាលទ្ធផល ឈ្មោះ ហួត ចាន់សុខ ពិតជាបានទារប្រាក់ពីឈ្មោះ ឈៀង សំ ចំនួន២០០$ (ពីររយដុល្លារ) តាមរយៈគណនីABA ឈ្មោះ Hout Chansok ជាថ្នូរនឹងការតាមចាប់ជនល្មើស និងបានសរសេរពាក្យបណ្តឹងថ្មី ឲ្យជនរងគ្រោះយកទៅដាក់នៅអធិការដ្ឋាននគរបាលស្រុក។

បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ ពិតជាមានចេតនាប្រព្រឹត្តអំពើខាងលើដោយខ្លួនឯង ព្រោះចង់បានលុយយកទៅចាយ ដោយមិនមានការណែនាំ ឬបង្គាប់បញ្ជាពីលោកអធិការនគរបាលស្រុកពញាឮ ឲ្យទៅទារប្រាក់ពីជនរងគ្រោះជាថ្នូរទៅនឹងការតាមចាប់ជនសង្ស័យនោះទេ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម