សន្តិសុខសង្គម
មន្រ្តីសង្ឃ និងបុគ្គលមានឥទ្ធិពលអំពាវនាវឱ្យបញ្ឈប់ការផ្សាយល្បែងស៊ីសងអនឡាញ
មន្រ្តីសង្ឃ និងបុគ្គលមានឥទ្ធិពលលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម បានអំពាវនាវឱ្យបញ្ឈប់ការផ្សព្វផ្សាយល្បែងស៊ីសងអនឡាញខុសច្បាប់ ដែលកំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍប្រទេសជាតិ និងនាំឱ្យមានសោកនាដកម្មក្នុងគ្រួសារ។
ការអំពាវនាវនេះ ស្របពេលដែលមាននិន្នាការកើនឡើងនៃការលេងល្បែងអនឡាញនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង និងដាក់ចេញវិធានបង្ក្រាបជាបន្តបន្ទាប់ក្តី។ កាលពីពេលថ្មីៗនេះ មានហេតុការណ៍ដ៏សោកសៅមួយ ដោយសារតែល្បែងអនឡាញ បុរសម្នាក់បានផុងខ្លួននៅក្នុងល្បែងខុសច្បាប់នេះ នាំឱ្យជំពាក់បំណុលវ័ណ្ឌក ហើយបានសម្លាប់ប្រពន្ធ និងកូន រួចចងកសម្លាប់ខ្លួនតាមក្រោយ។ នេះគ្រាន់តែជាករណីមួយប៉ុណ្ណោះ នៅមានករណីជាច្រើនទៀត ដែលផុងខ្លួនទៅនឹងការភ្នាល់ល្បែងអនឡាញ។

ជុំវិញបញ្ហានេះ ព្រះមេធានុរ័ក្ខ បណ្ឌិត គូ សុភាព ព្រះធម្មធរគណរាជធានីភ្នំពេញ សមាជិកការិយាល័យព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងអន្តរជាតិ នៃលេខាធិការដ្ឋានគណៈសង្ឃនាយក មានសង្ឃដីកា អំពាវនាវដល់បងប្អូនគួរឈប់ផ្សាយឱ្យខ្មែរយើងលេងល្បែង Online ក្តី Offline ក្តី។ ព្រះតេជគុណ មានសង្ឃដីកា ដាស់តឿនថា ការលេងល្បែងនាំឱ្យអន្តរាយ មានសោកនាដកម្មក្នុងគ្រួសារ និងជាអំពើបាប ។

ជាមួយគ្នានេះ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ព្រះប្រធានអង្គការសាសនាដើម្បីការអប់រំនៃកម្ពុជា មានសង្ឃដីកា នៅលើបណ្តាញសង្គមថា៖«ប្រយ័ត្នប្រយែង សព្វថ្ងៃមានល្បែងអនឡាញច្រើនណាស់ កុំឈ្លក់វង្វេងចង់ឈ្នះផ្តេសផ្តាស តែគិតមិនច្បាស់នាំឱ្យវិនាស»។
ចំណែក អតីតព្រះសង្ឃ លោក សាន សុជា មានប្រសាសន៍ថា ល្បែងតែងវិនាស គប្បីប្រជាជនប្រុសស្រីគេចចេញឱ្យឆ្ងាយពីល្បែងស៊ីសង។ លោកកត់សម្គាល់ថា ជាទូទៅក្រុមហ៊ុនដែលវិយោគល្បែងធំៗគេមានប្រៀប មិនងាយចាញ់អ្នកលេងល្បែងនោះទេ។ លោកបានថ្លែងថា៖«អ្នកលេងល្បែង ពេលខ្លះឈ្នះបានពីរ បី អាទិត្យ ឃើញជិះម៉ូតូ ប៉ុន្តែក្រោយមកពេលចាញ់ល្បែងលក់ដី និងផ្ទះសម្បែង។ ល្បែងដែលនាំឱ្យវិនាសទ្រព្យសម្បត្តិ គឺជាល្បែងដែលយើងចង់ឈ្នះធ្វើមានបាន»។
ក្នុងន័យនេះ លោកថា ការលេងល្បែងលក្ខណៈក្រុមគ្រួសារម្តងម្កាល បង្កើនបរិយាកាសសប្បាយនាឱកាសបុណ្យទានម្តងៗ ដែលជាការលេងមិនចង់ចាញ់ឈ្នះនោះមិនអីទេ ប៉ុន្តែបុគ្គលដែលញៀននឹងល្បែង ហើយលេងល្បែងដើម្បីចង់ក្លាយជាអ្នកមានដោយសារល្បែងនឹងនាំវិនាសដល់ខ្លួន។
កន្លងទៅ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានសហការ ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ ចាត់វិធានការបិទខ្ទប់គេហទំព័ររាប់ពាន់ករណី បន្ទាប់ពីរកឃើញថាគេហទំព័រទាំងនេះ បានធ្វើប្រតិបត្តិការ និងផ្តល់សេវាលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ន.ទ.ក. នឹងបន្តសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករ ទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់គេហទំព័រដែលធ្វើប្រតិបត្តិការនិងផ្តល់សេវាលេងល្បែងស៊ីសង តាមប្រព័ន្ធអនឡាញខុសច្បាប់ ផ្ទុយនឹងសារាចរណែនាំរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៩ ស្តីពីការពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៊ីនធឺណិតអនឡាញ ក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទ។
ន.ទ.ក. បានសង្កត់ធ្ងន់ថា៖«សកម្មភាពនេះ បង្កផលប៉ះពាល់ ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយក្នុងសង្គម»។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីខែកុម្ភៈ ឆ្នាំ ២០២៤ បានចេញបញ្ជាឱ្យអភិបាល-រាជធានីខេត្តទាំងអស់ នៅទូទាំងប្រទេស ត្រួតពិនិត្យលើទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយក្នុងករណីបន្តកើតមានថ្មីទៀត ត្រូវចាត់វិធានការបិទជាបន្ទាន់។
សម្តេចសង្កត់ធ្ងន់ថា៖«ពេលវេលានេះនិងបន្តទៅមុខ គឺជាពេលវេលាដែលត្រូវចូលរួមទាំងអស់គ្នា អនុវត្តគោលនយោបាយរាជរដ្ឋាភិបាលក្នុងការបង្កើនការកសាង និងពង្រាយសមិទ្ធផលវិជ្ជមាន ដូចជាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ភ្លើង ប្រឡាយទឹក បង្កើតរោងចក្រសហគ្រាសនៅតាមមូលដ្ឋាន ដើម្បីបង្កើនប្រាក់ចំណូលជូនពលរដ្ឋ មិនមែនជាពេលវេលាដែលត្រូវយកចិត្តទុកដាក់ក្នុងពង្រាយទីតាំងល្បែងនោះទេ»៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


