សន្តិសុខសង្គម
អាជ្ញាធរខណ្ឌកំបូលចុះឃាត់សំណង់មួយកន្លែង តែម្ចាស់អះអាងថា សុំច្បាប់រួចរាល់ហេីយនិងទារឲ្យសងថ្លៃខាតកម្លាំងកម្មករវិញទៀត
កម្លាំងអាជ្ញាធរខណ្ឌកំបូលបានចុះទៅឃាត់ការសាងសង់សំណង់អគាររោងចក្រមួយកន្លែង ព្រមទាំងបានដកហូតយកសម្ភារៈសំណង់មួយចំនួនផងដែរ ដោយអះអាងថាសំណង់ខាងលើគ្មានច្បាប់ ហើយចុះទៅផ្អាកនិងណែនាំឲ្យសុំច្បាប់ជាមុនសិន ប៉ុន្តែ២ដងហើយម្ចាស់មិនព្រមស្ដាប់នៅតែបន្តសាងសង់ ទាំងគ្មានច្បាប់ទៀត ទើបពេលនេះអនុវត្តវិធានការរដ្ឋបាល ហើយក៏ត្រូវម្ចាស់យករថយន្តឃាំងផ្លូវមិនឲ្យអាជ្ញាធរចេញពីទីតាំងរបស់ខ្លួនឡើយ។

ចំណែកម្ចាស់វិញបានអះអាងថា គាត់មានច្បាប់អនុញ្ញាតពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ទើបហ៊ានធ្វើការសាងសង់ ប៉ុន្តែអាជ្ញាធរចេះតែទៅហាមឃាត់មិនឲ្យគាត់សាងសង់ម្ដងហើយម្ដងទៀត។ ទោះជាគាត់បង្ហាញច្បាប់ក៏មិនព្រមដែរ និងបានដកហូតយកសម្ភារៈគាត់ទៀត ទើបគាត់ឈប់រថយន្តឃាំងផ្លូវ មិនឲ្យអាជ្ញាធរចេញពីទីតាំងគាត់ដើម្បីឲ្យអាជ្ញាធរចេញសងប្រាក់ជាង១លានរៀល ដែលកម្មករខកខានមិនបានធ្វើការកន្លះថ្ងៃថែមទៀតផង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ម្ចាស់សំណង់ខាងលើឈ្មោះ ឈួន គឹមស្រៀង ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បាននិយាយថា គាត់មិនបានសុំច្បាប់សាងសង់នៅសាលាខណ្ឌកំបូលទេ ព្រោះសំណង់ដែលគាត់សង់មានទំហំ៥០០០ម៉ែត្រការ៉េ ហួសដែនគ្រប់គ្រងរបស់អាជ្ញាធរខណ្ឌហើយ។ ចំណែអាជ្ញាធរខណ្ឌគ្រប់គ្រងត្រឹម៥០០ម៉ែត្រការ៉េប៉ុណ្ណោះ ដូច្នេះទើបគាត់ត្រូវសុំច្បាប់អនុញ្ញាតនៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ហើយអាជ្ញាធរខណ្ឌកំបូលបានចុះហាមឃាត់សំណង់របស់គាត់ចំនួន៣លើករួចមកហើយ។

ស្រ្តីរូបនោះបាននិយាយទៀតថា គាត់បានបង្ហាញច្បាប់សាងសង់ដែលក្រសួងអនុញ្ញាតរួចហើយ ប៉ុន្តែអាជ្ញាធរខណ្ឌកំបូលនៅតែឃាត់មិនឲ្យសង់ និងហៅឲ្យគាត់ទៅជួបដោះស្រាយនៅសាលាខណ្ឌ ប៉ុន្តែគាត់អត់ទៅ។ លុះដល់ថ្ងៃកើតហេតុស្រាប់តែអាជ្ញាធរចុះទៅប្រាប់ឲ្យកម្មករផ្អាកការងារ និងលើសម្ភារៈជាងសំណង់របស់គាត់ដាក់រថយន្ត ប្រុងដឹកទៅសាលាខណ្ឌនិងប្រាប់ឲ្យគាត់ទៅដោះស្រាយគ្នា ទោះគាត់បង្ហាញច្បាប់ក៏មិនព្រមដែរ។ ពេលនោះគាត់បានបើករថយន្តទៅឈប់តាមផ្លូវ ទើបដឹកចេញមិនបានតែគាត់មិនបានឈប់បាំងផ្លូវទេ គាត់បើករថយន្តចូល ឯអាជ្ញាធរបើករថយន្តចេញ ហើយគាត់ក៏ឈប់ទីនោះដើម្បីដោះស្រាយគ្នា ព្រោះអាជ្ញាធរផ្អាកការងារធ្វើឲ្យកម្មករ៣៨នាក់ខាតថ្លៃពលកម្មកន្លះថ្ងៃសរុបជាលុយ១,១៤០,០០០រៀល គាត់ត្រូវឲ្យអាជ្ញាធរសងលុយនេះវិញទើបបើកផ្លូវឲ្យចេញពីទីតាំងរបស់គាត់ ហើយបើចង់យករថយន្តនោះចេញទាល់តែទម្លាក់សម្ភារៈរបស់គាត់ចុះវិញឲ្យអស់សិន ។


ដោយឡែកអាជ្ញាធរខណ្ឌកំបូលដឹកនាំដោយលោក គុន់ ចាន់សុភារី អភិបាលរងខណ្ឌ បាននិយាយថា កន្លងមកអាជ្ញាធរបានចុះទៅកាន់ទីតាំងនោះចំនួន២លើករួចមកហើយ តែម្ចាស់ទីតាំងរូបនេះមិនបានយកច្បាប់មកបង្ហាញនោះទេ ព្រោះគាត់មិនទាន់មានច្បាប់សាងសង់នៅឡើយ។ ពេលនោះក្រុមការងាររដ្ឋបាលខណ្ឌបានឲ្យគាត់ផ្អាកការសាងសង់ជាបណ្ដោះអាសន្ន និងធ្វើកំណត់ហេតុណែនាំឲ្យម្ចាស់ទីតាំងរៀបចំបែបបទសុំច្បាប់ទៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់រួចរាល់ជាមុនសិនទើបអាចសាងសង់បាន ប៉ុន្តែគាត់មិនសហការនោះទេ នៅតែបន្តការសាងសង់ទាំងគ្មានច្បាប់ទៀត ។
អាជ្ញាធរបាននិយាយទៀតថា លើកទី៣នេះក្រុមការងាររដ្ឋបាលខណ្ឌបានចុះផ្អាកទៀត និងបានអនុវត្តវិធានការរដ្ឋបាលដកហូតសម្ភារៈជាងមួយចំនួន យកទៅរក្សាទុកនៅសាលាខណ្ឌ ហើយដរាបណាគាត់ទទួលបានលិខិតអនុញ្ញាតទើបខណ្ឌប្រគល់ជូនវិញ។ ប៉ុន្តែម្ចាស់ទីតាំងពុំបានចូលរួមសហការអនុវត្តតាមការណែនាំរបស់រដ្ឋបាលខណ្ឌឡើយ ថែមទាំងយករថយន្តទៅបិទផ្លូវមិនឲ្យរថយន្តគណៈបញ្ជាការឯកភាពខណ្ឌនិងរថយន្តរដ្ឋបាលខណ្ឌចេញពីទីតាំងនោះឡើយ ។ ដូច្នេះក្រុមការងាររដ្ឋបាលខណ្ឌបានសម្រេចទុករថយន្តដែលមានចង្កូតស្ដាំPP-1829 នៅក្នុងទីតាំងសំណង់នោះ ដោយការខូចខាតនិងបាត់បង់ជាការទទួលខុសត្រូវរបស់ម្ចាស់ទីតាំងខាងលើ ។

អាជ្ញាធរបានឲ្យដឹងទៀតថា និយាយជារួមម្ចាស់ទីតាំងសំណង់នេះមិនមានច្បាប់ឡើយ គឺមានតែពាក្យស្នើរសុំលិខិតអនុញ្ញាតសាងសង់ដែលដាក់ចូលទៅកាន់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ប៉ុណ្ណោះ ហើយក្រសួងមិនទាន់ចេញលិខិតអនុញ្ញាតឲ្យនៅឡើយទេ ។ ដូចនេះគាត់និងមិនអាចបន្តការសាងសង់បានឡើយ ដរាបណាមិនទាន់មានច្បាប់អនុញ្ញាតនោះ ហើយអាជ្ញាធរខណ្ឌត្រូវតែហាមឃាត់មិនឲ្យសាងសង់ទេ ព្រោះប្រសិនបើការសាងសង់មានបញ្ហាអ្វីកើតឡើងជាយថាហេតុនោះ អាជ្ញាធរក៏មានបញ្ហាដូចគ្នាដែរ ៕
អត្ថបទ៖ សុខា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


