Connect with us

សន្តិសុខសង្គម

រដ្ឋបាលខណ្ឌកំបូល ស្ថាបនាប្រព័ន្ធលូមួយខ្សែ តភ្ជាប់ជាមួយប្រព័ន្ធលូមហាវិថីសុី ជិន ពីង ដើម្បីរំដោះទឹកចេញពីភូមិកន្ទោកជើង

បានផុស

នៅ

អាជ្ញាធរខណ្ឌកំបូល កាលពីថ្ងៃទី០៩ ខែមិថុនា បានដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យការស្ថាបនាគម្រោងប្រព័ន្ធលូបង្ហូរទឹកមួយខ្សែដើម្បីរំដោះទឹកជំនន់ពីភូមិកន្ទោកជើង ទៅប្រព័ន្ធលូធំផ្លូវក្រវាត់ក្រុងទី៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌកំបូល បញ្ជាក់ថា ប្រព័ន្ធលូនេះត្រូវបានតភ្ជាប់ជាផ្លូវការជាមួយប្រព័ន្ធលូធំលើមហាវិថីសុី ជិន ពីង (ផ្លូវក្រវាត់ក្រុងទី៣) ដែលជាប្រព័ន្ធចម្បងក្នុងការបង្ហូរទឹកក្នុងតំបន់ទៅកាន់ស្ទឹងព្រែកត្នោត។

លោកអភិបាលរងខណ្ឌកំបូលបានប្រាប់ កម្ពុជាថ្មី បន្ថែមថា ការដាក់ប្រព័ន្ធលូនេះមានសារៈសំខាន់ក្នុងការកាត់បន្ថយបញ្ហាទឹកជំនន់ដោយទឹកភ្លៀង នៅក្នុងតំបន់ភូមិកន្ទោកជើង ជាពិសេសក្នុងរដូវវស្សា។ គម្រោងនេះក៏ជាការឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង ដែលតំបន់កន្ទោកនេះតែងតែលិចលង់ផ្ទះរបស់ប្រជាពលរដ្ឋនាឆ្នាំមុនៗកន្លងមក និងស្របគោលនយោបាយអភិវឌ្ឍទីក្រុងរបស់រាជរដ្ឋាភិបាល។

លោក ទ្រី ណារ៉េត បានបញ្ជាក់ឱ្យដឹងទៀតងថា ប្រព័ន្ធលូរំដោះទឹកនេះមានប្រវែង​ ១៥៦ម៉ែត្រ មានទំហំមុខកាត់ ៦តឹក ចំណែកមុខទឹកដែលត្រូវហូរចេញពីភូមិមក នៅចំណុចដីវាល គឺអាជ្ញាធរបានកាយធ្វើជាប្រឡាយដើម្បីបើកមុខទឹកហូរចូលមកប្រព័ន្ធលូ។ ក្នុងនាមរដ្ឋបាលខណ្ឌ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមចំណែកក្នុងការថែរក្សាប្រព័ន្ធលូ ដើម្បីធានាថាការបង្ហូរទឹកនឹងមានប្រសិទ្ធិភាពនាពេលខាងមុខ។

លោក គន្ធ ចាន់នី ជាប្រជាពលរដ្ឋរស់នៅភូមិកន្ទោកជើង បានសម្តែងក្តីរីករាយក្រោយអាជ្ញាធរបានដាក់លូរំដោះនេះ។ ដែលតំបន់ភូមិកន្ទោកជើងនេះ តែងតែលិចលង់នាពេលមានភ្លៀងខ្លាំងម្តងៗ គឺទឹកលិចត្រឹមជង្គង់បង្កជាទឹកស្អុយ ហើយកកស្ទះយ៉ាងតិច៣ថ្ងៃទៅមួយសប្តាហ៍៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម