Connect with us

សន្តិសុខសង្គម

អាជីវករលក់ពោះគោ និងពោះជ្រូកនៅផ្សារលូប្រាំ ប្រើទឹកល័ក្តពណ៌ក្រហមដើម្បីជំនួយសម្រស់

បានផុស

នៅ

ក្រុមអាជីវករលក់គ្រឿងក្នុងគោ និងគ្រឿងក្នុងជ្រូកនៅផ្សារលូប្រាំ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ត្រូវបានមន្ត្រីជំនាញរកឃើញថា បានប្រើប្រាស់ទឹកល័ក្តពណ៌ក្រហមដាក់ចូលក្នុងម្ហូបអាហារទាំងនោះដើម្បីជំនួយសម្រស់បោកបញ្ឆោតអតិថិជនថាជារបស់ទើបយកមកថ្មីៗ។ តែទោះយ៉ាងណា មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បញ្ជាក់ថា ទឹកល័ក្តពណ៌ក្រហមនេះពុំមានសារធាតុគីមីនោះទេ ហើយមន្ត្រីជំនាញក៏បានណែនាំឲ្យអាជីវករទាំងអស់ ត្រូវឈប់ប្រើប្រាស់ទឹកល័ក្តពណ៌ក្រហមនេះ ព្រោះវាធ្វើឲ្យប្រជាពលរដ្ឋដទៃមានការយល់ច្រឡំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះពិនិត្យ និងរកឃើញការប្រើប្រាស់ទឹកល័ក្តពណ៌ក្រហមដាក់ចូលក្នុងគ្រឿងក្នុងគោ និងគ្រឿងក្នុងជ្រូកនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩សីហា បន្ទាប់ពីអាជ្ញាធរ និងមន្ត្រីជំនាញទទួលបានបានព័ត៌មានពីប្រជាពលរដ្ឋថាមានការដាក់ទឹកពណ៌ក្រហមក្នុងពោះគោ និងពោះជ្រូកដែលជាការព្រួយបារម្ភពីសុវត្ថិភាពសុខភាពក្រោយទទួលទាន។

ក្រោយពីពិនិត្យលើទីតាំងលក់ដូររបស់អាជីវករចំនួន៧កន្លែង លើ២៧សំណាក មន្ត្រីជំនាញមិនបានរកឃើញសារធាតុគីមីនៅក្នុងគ្រឿងក្នុងគោ និងគ្រឿងក្នុងជ្រូកនោះទេ និងបានបញ្ជាក់ថា ទឹកពណ៌ក្រហមនោះ គ្រាន់តែជាទឹកល័ក្តដាក់ពណ៌។

ប្រជាពលរដ្ឋម្នាក់ដែលធ្នាប់ទិញគ្រឿងក្នុងជ្រូកពីផ្សារលូប្រាំយកទៅស្ងោរដើម្បីបរិភោគបានលើកឡើងថា ទោះបីទឹកល័ក្តនេះមិនប៉ះពាល់ដល់សុខភាពក៏ពិតមែន តែពួកគាត់នៅតែព្រួយបារម្ភពីសុខភាព ព្រោះពេលយកពោះជ្រូកដែលទិញពីផ្សារលូប្រាំទៅស្ងោរឃើញថា មានចេញទឹកពណ៌ក្រហមពីពោះជ្រូកជាប់ឆ្នាំងដែលធ្វើឲ្យពួកគាត់ញញើតក្នុងការបរិភោគ ហើយចាប់តាំងពេលនោះមក គាត់ក៏ឈប់ទៅទិញហូបទៀតដែរ។ ពលរដ្ឋដដែលសំណូមពរដល់អាជីវករទាំងអស់ សូមយកគុណភាពជាធំ ចៀសវាងក្លែងបន្លំភ្លែកអតិថិជន កុំព្រោះតែផលប្រយោជន៍បន្តិចបន្ទួចធ្វើឲ្យបាត់បង់ទំនុកចិត្តលែងមានអតិថិជនចូលទិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម