Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចខេត្តក្រចេះ ស្រាវជ្រាវមុខសញ្ញាក្រុម​ជន​ស៊ីវិល​បាញ់បោះដេញចាប់ឃាត់គោយន្តកន្ត្រៃឈើ​ដឹក​គ្រឿងផ្ទះ

បានផុស

នៅ

កម្លាំង​អធិការរដ្ឋាននគរបាលស្រុកចិត្របុរី ខេត្ត​ក្រចេះ​បានចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាក្រុមជនស៊ីវិលមួយក្រុម ដែលធ្វើសកម្មភាពប្រើកាំភ្លើង វែង ខ្លី បាញ់បោះជាច្រើនគ្រាប់ នៅក្នុងករណីដេញចាប់ឃាត់គោយន្តកន្ត្រៃដឹកឈើគ្រឿងផ្ទះ និងចាប់វាយខ្នោះម្ចាស់គោយន្តកន្ត្រៃម្នាក់និងបានប្រើអំពើហឹង្សា។

ហេតុការណ៍នេះ បានកើតឡើងនៅចំណុចស្គរ ស្ថិតនៅក្នុងភូមិចម្រើន ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ខណៈដែលម្ចាស់គោយន្តកន្ត្រៃចំនួនពីរនាក់ បានបើកបរដឹកឈើគ្រឿងផ្ទះប្រមាណជាង ២០ កន្ទុយ ពីចំណុចសណ្ដាយ មកកាន់ភូមិអញ្ចាញ ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅទីតាំងកើតហេតុខាងលើ បានឲ្យដឹងថា នៅពេលកើតហេតុវេលាម៉ោងប្រមាណជា ១១:០០ យប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ពួកគាត់ឮសូរគ្រាប់កាំភ្លើងផ្ទុះជាច្រើនគ្រាប់ ប៉ុន្តែមិនដឹងជាករណីអីនោះទេ លុះដល់សភាពស្ងប់ស្ងាត់បន្តិចពួកគាត់ក៏ចេញមើលឃើញមានមនុស្សចំនួន ៤ ទៅ ៥នាក់ ដែលមានរថយន្តលុចស៊ីស ៤៧០ មួយគ្រឿង និងរថយន្តលុចស៊ីស ៣០០ ពណ៌សមួយគ្រឿង តែពួកគាត់អត់ហ៊ានចេញទៅមើលទេព្រោះខ្លាច។

ប្រភពពីក្រុមជនរងគ្រោះបានឱ្យដឹងថា ពួកគាត់បានដឹកឈើអារ ចំនួនជាង ២០កន្ទុយ ពីចំណុចទីតាំងខាងលើ ដើម្បី​យកទៅធ្វើផ្ទះ ប៉ុន្តែមកដល់ចំណុចទីតាំងកើតហេតុ ស្រាប់តែមានជនស៊ីវិលមួយក្រុមបានជិះរថយន្តម៉ាក lexus ៤៧០ ពណ៌ស្ករមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ២F-៩៩៧៩ និងរថយន្ត Lexus ៣០០ ពណ៌ស មួយគ្រឿងទៀតបានធ្វើសកម្មភាព ដេញតាមគោយន្តកន្ត្រៃរបស់ខ្លួន។

ប្រភពបន្តថា ខណៈពួកគេដេញតាមក៏បានដកកាំភ្លើងខ្លីមួយដើម និងកាំភ្លើងវែងមួយដើមទៀត ធ្វើសកម្មភាពបាញ់ស្រោច​មកលើគោយន្តកន្ត្រៃរបស់ពួកគាត់ដែលកំពុងតែធ្វើដំណើរនោះ និងស្រែកបញ្ជាឱ្យឈប់ ប៉ុន្តែដោយសារពួកគាត់មានការភិតភ័យក៏ខំប្រឹងបើកគោយន្តកន្ត្រៃរបស់ខ្លួនបន្តដំណើរទៅមុខក៏ត្រូវបានក្រុមជនទាំងនោះ បើករថយន្តមកកាក់ពីមុខ ធ្វើឱ្យគោយន្តកន្ត្រៃគេចពីរថយន្ត បណ្តាលឱ្យក្រឡាប់ផ្ងារជើង នៅចំណុចទីតាំងកើតហេតុខាងលើ ហើយក៏រត់គេចខ្លួនបានម្នាក់ និងម្នាក់ទៀតក៏ត្រូវបានក្រុមជនស៊ីវិលនោះ ចាប់វាយនឹងកាំភ្លើងហើយក៏វាយខ្នោះ ចាប់ពីម៉ោង ១១:០០យប់រហូតដល់ម៉ោង២រំលងអាត្រាធ ទើបដោះលែងខ្នោះចេញពីដៃ និងបញ្ជាឲ្យបើកគោយន្តកន្ត្រៃនោះទៅដាក់នៅទីតាំងស្នាក់ការថ្នាលបណ្តុះកូនឈើខ្សា រួចក៏បានដោះលែងឱ្យត្រឡប់ទៅនៅឋានវិញនៅពេលទៀបភ្លឺ។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី១១  ខែកញ្ញា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចអធិការដ្ឋាន នគរបាលស្រុកចិត្របុរី និងកម្លាំងអាវុធហត្ថស្រុក និងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ក៏បានចុះទៅធ្វើការស៊ើបអង្កេតស្រាវជ្រាវពិនិត្យនៅចំណុចទីតាំងកើតហេតុ ក៏រកឃើញសំបកកន្ទុះគ្រាប់កាំភ្លើង ហើយបច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាក្រុមជនស៊ីវិលទាំងនោះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើ។

ដោយឡែក ប្រភពពីមន្រ្តីប្រចាំការនៅស្ថានីយថ្នាលបណ្តុះកូនឈើខ្សា បានឲ្យដឹងថា ពាក់ព័ន្ធនឹងគោយន្តកន្ត្រៃដឹកឈើខាងលើនោះ ត្រូវបានកូនចៅរបស់ព្រះរាជអាជ្ញា យកមកផ្ញើកាលពីវេលាម៉ោងប្រមាណជា ១យប់ ដោយប្រាប់ថា តេទៅមេអត់លើក និងបានបញ្ជាឱ្យខ្លួនបើកទ្វារ ហើយក៏យកគោយន្តកន្ត្រៃនោះទុកខាងក្នុងតែម្តង។ ករណីខាងលើនេះ មិនមែនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើអ្នកទៅចាប់នោះទេ ហើយរហូតដល់ម៉ោងនេះក៏មិនទាន់បានប្រគល់ទទួលពីស្ថាប័នណាដែរ៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម