សេដ្ឋកិច្ច
អាជីវកម្ម ៣ប្រភេទ កំពុងសម្រុកកើបលុយរាល់ថ្ងៃ ទោះកូវីដនៅតែបន្តរាតត្បាត
ក្នុងស្ថានភាពជំងឺកូវីដកំពុងរាតត្បាត ដោយគ្មានសញ្ញាថមថយ អាជីវកម្ម និងសហគ្រាសតូចធំ ភាគច្រើន ត្រូវបានគេមើលឃើញថា សុទ្ធតែរងផលប៉ះពាល់ ទោះតិច ឬច្រើន ប៉ុន្តែទន្ទឹមគ្នានោះ មានប្រភេទអាជីវកម្មមួយចំនួនតូច បែរជាត្រូវប៉ាន់កាន់តែខ្លាំងទៅវិញ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានប្រាប់កម្ពុជាថ្មីថា ក្នុងស្ថានភាពសព្វថ្ងៃ លោកមើលឃើញប្រភេទអាជីវកម្មចំនួន ៣ប្រភេទ ហាក់ដូចជាដើរបញ្ច្រាស់ ដោយពួកគាត់បានច្បាមយកឱកាសទទួលបានប្រាក់ចំណេញខ្ពស់ជាង កាលមិនទាន់មានបញ្ហាកូវីដរាតត្បាតក្នុងប្រទេសយើងទៅវិញ។

លោកបណ្ឌិត លើកឡើងថា៖ សេវាកម្មខាងផ្នែកដឹកជញ្ជូនទាំងខ្នាតតូច និងមធ្យម សេវាកម្មខាងផ្នែកស្បៀងអាហារប្រចាំថ្ងៃ និងសេវាកម្មផ្នែកវេជ្ជសាស្ត្រ ដូចជា លក់ផលិតផលម៉ាស់ អាល់កុល និងឱសថជាដើម សុទ្ធតែត្រូវប៉ាន់ខ្លាំងអំឡុងពេលកូវីដ និងបានរួមចំណែកកំរៃដល់ពលរដ្ឋដែលបម្រើការងារផ្នែកនេះផងដែរ។
មន្ត្រីជំនាញផ្នែកសេដ្ឋកិច្ចប្រចាំរាជបណ្ឌិតសភាកម្ពុជា ដដែលរូបនេះ ព្យល់បន្ថែមថា សេវាកម្មដឹកជញ្ជូនទំនិញតាមរថយន្ត និងដឹកជញ្ជូនម្ហូបអាហារ ដូចជា Food Panda, NHAM 24, E-Gets ជាដើមសុទ្ធតែបានរួមចំណែកផ្ដល់ការងារដល់ប្រជាពលរដ្ឋ តាំងពីមុនកូវីដមកម្ល៉េះ ហើយបច្ចុប្បន្នឃើញថា អ្នកដែលធ្វើការផ្នែកនេះផ្ទាល់កាន់តែទទួលបានការគាំទ្រកាន់តែខ្លាំង ដោយសារតែតម្រូវការកើនឡើង មនុស្សមិនសូវចេញក្រៅ ខ្លាចឆ្លងកូវីដជាដើម។

យ៉ាងណាមិញ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក៏បានកត់សម្គាល់ឃើញថា ស្ថានភាពកូវីដហាក់មិនទាន់ថមថយក៏ពិតមែន ប៉ុន្តែប្រជាពលរដ្ឋខ្មែរយើង មកទល់ពេលនេះឃើញថា ពួកគាត់មានការយល់ដឹង ប្រុងប្រយ័ត្នខ្ពស់ និងចេះរៀនរស់ក្នុងសម័យកូវីដនេះ ធ្វើឱ្យចរន្តសេដ្ឋកិច្ចជាតិយើង ចាប់ផ្ដើមដំណើរការវិញជាបណ្ដើរៗលហើយ។ ទន្ទឹមគ្នានោះ អាជីវកម្មមួយចំនួន ក៏បានបើកទ្វារលក់ដូរ តាមបែបផែនគន្លងថ្មីហើយដែរ លើកលែងតែសហគ្រាសខ្នាតធំ ឬរោងចក្រមួយចំនួនប៉ុណ្ណោះ ដែលបន្តរងផលប៉ះពាល់ដោយសារឥទ្ធិពលកូវីដនេះ។
ទើបដឹកជញ្ជូនម្ហូបអាហារជូនភ្ញៀវនៅម្ដុំផ្លូវមុន្នីវង្ស យុវជន សៀង ឡៃទ្រី អាយុ ២២ឆ្នាំ បម្រើការងារឱ្យក្រុមហ៊ុនដឹកជញ្ជូន Food Panda បានប្រាប់ភ្នាក់ងារកម្ពុជាថ្មីថា ក្នុងមួយថ្ងៃខ្លួនអាចដឹកអុីវ៉ាន់ជូនភ្ញៀវកបានចាប់ពី ២៥ជើង គិតជាមធ្យម។ ក្នុងមួយថ្ងៃ ឡៃទ្រី បញ្ជាក់ថា អាចរកចំណូលបានពីការងារដឹកជញ្ជូនម្ហូបអាហារជូនភ្ញៀវ យ៉ាងតិចក៏ ២០ដុល្លារដែរ មិនដែលមានថ្ងៃណាអត់សោះទេ។ យុវជនអ្នករស់នៅរាជធានីភ្នំពេញរូបនេះ បង្ហើបឱ្យដឹងថា តាំងពីចាប់យកការងារផ្នែកដឹកជញ្ជូននេះមក ខ្លួនអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ សន្សំលុយទិញម៉ូតូ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតបាន តាមចិត្តចង់ផងដែរ។

កំពុងអង្គុយលើម៉ូតូ រងចាំក្រុមហ៊ុនទម្លាក់ប៉ុងភ្ញៀវហៅដឹកអុីវ៉ាន់ នៅក្បែរខុនដូ ម្ដុំគិរីរម្យ យុវជន ធី សុធា អាយុ ២០ឆ្នាំ ដែលជាបុគ្គលិកផ្នែកដឹកជញ្ជូនឱ្យក្រុមហ៊ុន E-Gets ប្រាប់កម្ពុជាថ្មីថា ក្នុងមួយថ្ងៃៗ ខ្លួនអាចរកចំណូលពីសេវាកម្មដឹកជញ្ជូនតាមម៉ូតូនេះ មិនក្រោម ១៥ដុល្លារទេ។ សុធា រៀបរាប់ទៀតថា ចំណូលមួយជើងៗ បានតិច ឬច្រើន អាស្រ័យតាមការដឹកឱ្យភ្ញៀវជិត ឬឆ្ងាយ ជាទូទៅបើ ភ្ញៀវហៅដឹកឆ្ងាយៗ ចំណូលក្រុមហ៊ុនក៏គិតឱ្យយើងបានច្រើនទៅតាមហ្នឹងដែរ។

កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ត្រូវនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងឆ្នាំ២០២០កន្លងទៅ និងរហូតមកដល់ជិតពាក់កណ្តាលឆ្នាំ២០២១ កម្ពុជាបាន និងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ១៩មកលើបញ្ហាមួយចំនួន ដូចជា សុខភាព សង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងអាចបន្ទច់បង្អាក់ដល់ការអភិវឌ្ឍន៍ខ្លះៗរបស់កម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលថន្ថែមថា ជាលទ្ធផល សេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមាន(-៣%) ប៉ុន្តែវិស័យពាណិជ្ជកម្មវិញ បានរក្សាស្ថានភាពបានល្អ ដោយទំហំពាណិជ្ជកម្មអន្តរជាតិ និងការនាំចេញរបស់កម្ពុជាមានការកើនឡើង៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


