កីឡា
លោក McConkey ថា បើមិនជួប ភ្នំពេញក្រោន វគ្គ ៨ ក្រុម នឹងចំណេញច្រើនសម្រាប់ កម្ពុជា
គ្រូបង្គោលក្រុម ព្រះខ័នរាជស្វាយរៀង លោក Matthew McConkey ចាត់ទុកការជួបក្រុម ភ្នំពេញក្រោន នៅវគ្គ ៨ ក្រុមចុងក្រោយពាន AFC Challenge League គឺមិនសូវចំណេញច្រើនសម្រាប់ចំណាត់ថ្នាក់ក្លិបលីគបាល់ទាត់កំពូលកម្ពុជា ក្នុងចំណាត់ថ្នាក់អាស៊ី AFC។

ព្រះខ័នរាជស្វាយរៀង ត្រូវជួបជាមួយក្រុម ភ្នំពេញក្រោន នៅវគ្គ ៨ ក្រុមចុងក្រោយពាន ACGL រដូវកាលនេះ បន្ទាប់ពីពួកគេឈរនៅលេខ ១ ក្នុងពូល D ក្រោយថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២៥ បានស្មើគ្នា ២-២ ទល់នឹងក្រុម Manila Digger FC នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈ ភ្នំពេញក្រោន ឈរនៅលេខ ២ ក្នុងពូល E។

ក្រោយបញ្ចប់ការប្រកួតទល់នឹងក្រុម Manila Digger FC លោក McConkey ត្រូវបានអ្នកសារព័ត៌មានសួរ ថា តើវាជារឿងល្អប្រសើរសម្រាប់ក្រុមលោកទេ ដែលត្រូវជួប ភ្នំពេញក្រោន នៅវគ្គបន្ត? ភ្លាមនោះគ្រូបង្វឹកសញ្ជាតិ អៀរឡង់ បានមានប្រសាសន៍ ថា៖ «ជាថ្មីម្តងទៀត ដូចខ្ញុំបាននិយាយពីមុនមកហើយ វាមិនមែនជាអ្វីដែលយើងអាចគ្រប់គ្រងបានទេ។ ដូច្នេះយើងពិតជាមិនបានគិតច្រើនអំពីវានោះទេ។ ជាក់ស្តែង យើងស្គាល់ពួកគេច្បាស់។ យើងបានលេងទល់ពួកគេ ២ ដងហើយ នៅដើមរដូវកាលនេះ។ ការប្រកួត គឺតឹងតែងទាំង ២ ប្រកួត»។
លោក McConkey បានបន្តទៀត ថា៖ «ខ្ញុំគិតថា វានឹងល្អប្រសើរសម្រាប់កម្ពុជា បើយើងមិនជួបគ្នាឯងនៅជុំបន្ទាប់ ព្រោះវាជាឱកាសល្អជាងនេះ ក្នុងការដណ្តើមពិន្ទុសម្រាប់ចំណាត់ថ្នាក់លីគ (ក្នុង AFC)។ ខ្ញុំគិតថា វានឹងនៅតែជាការប្រកួត ដែលគួរឱ្យចាប់អារម្មណ៍។ ខ្ញុំមិនដឹងថា ពីមុនធ្លាប់មានប្រវត្តិច្រើនដងដែរឬទេ ដែលក្រុមកម្ពុជា ២ បានជួបប្រកួតគ្នាជាលក្ខណៈអន្តរជាតិបែបនេះ។ ប្រហែលជានេះជាលើកទីមួយ ខ្ញុំមិនដឹងទេ។ ដូច្នេះខ្ញុំគិតថា វានឹងក្លាយជាការប្រកួតដ៏ល្អ និងជាឱកាសល្អសម្រាប់ប្រទេស»។

តាមការលើកឡើងរបស់លោក McConkey គឺលោកមិនអាចគ្រប់គ្រងការប្រកួតនៅពេលអនាគត ថាត្រូវជួប ភ្នំពេញក្រោន ឬមិនជួបនៅវគ្គ ៨ ក្រុមពាន ACGL បាននោះទេ។ យ៉ាងណា ការជួប ភ្នំពេញក្រោន នឹងក្លាយជាការប្រកួតដ៏តឹងតែង ព្រោះលោកធ្លាប់ជួបពួកគេ ២ លើករួចមកហើយនៅដើមរដូវកាលនេះ។

លោកបានបន្ថែម ថា វានឹងក្លាយជារឿងប្រសើរជាងនេះ ប្រសិនបើក្រុមលោកមិនទាន់ជួប ភ្នំពេញក្រោន នៅវគ្គ ៨ ក្រុម ព្រោះករណីបើក្រុមទាំង ២ ត្រូវជួបគូប្រជែង ដែលជាក្រុមផ្សេងរៀងៗខ្លួន នោះនឹងអាចជួយដណ្តើមពិន្ទុនៅក្នុងចំណាត់ថ្នាក់លីគ AFC បន្ថែមទៀត សម្រាប់ កម្ពុជា។
គួរបញ្ជាក់ ថា ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយរវាង ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន នឹងធ្វើឡើង ២ ជើង ដោយជើងទី ១ ធ្វើនៅថ្ងៃទី ៥ ខែ មីនា និងជើងទី ២ ធ្វើនៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


