Connect with us

កីឡា

លន បញ្ញា ជា​កីឡាករ​កម្ពុជា​ទី១ ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់គុន​ខ្មែរ​-WKN ពិភពលោក ថ្ងៃអាទិត្យ​នេះ​

បានផុស

នៅ

ជើង​ខ្លាំង​គុន​ខ្មែរ លន បញ្ញា បាន​ក្លាយ​ជា​​កីឡាករ​កម្ពុជា​ទី​១​​ ក្នុង​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក WKN ដោយ​ត្រូវ​តទល់​នឹង​កីឡាកររ​ម៉ារ៉ុក Zakaria Rouigate នៅ​ថ្ងៃ​អាទិត្យ ទី​១១ ខែ​មករា ឆ្នាំ ២០២៦។

តាម​រយៈកិច្ច​សហការ​រវាង សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ និង​«បណ្តាញ​ឃីក​បុក​ស៊ីង​ពិភព​លោក (WKN) បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​​គុន​ខ្មែរ​​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​លើក​ដំបូង​នេះ ​កីឡាករ លន បញ្ញា ត្រូវ​បាន​ដាក់​ឲ្យ​ដណ្តើម​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក WKN ​ទម្ងន់ Welterweight។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លន បញ្ញា ជា​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ដែល​កំពុង​ឈរ​លំដាប់​លេខ​១​ប្រចាំ​ទម្ងន់​ចន្លោះ ៦៥-៦៧ ដែល​មិន​ទាន់​ស្គាល់​បរាជ័យ​ឡើយ​នា​មួយ​រយៈ​ពេល​ចុង​ក្រោយ ទាំង​ការ​ប្រកួត​ក្នុង​ស្រុក និង​ក្រៅស្រុក។ កីឡាករ​រូប​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​កោត​សរសើរ​ពី​សមត្ថភាព​ប្រកួត​ល្អ​ទាំង​ព្រម​ ពោល​គឺកណ្តាប់​ដៃ ទាត់ ជង្គង់ កែង និង​កម្លាំងស៊ុហ្វ​ពេញ​ល្អ កម្រ​បាក់​ស្រុត​ ទោះ​ជា​ប្រកួត​៥​ទឹក​ពេញ​ក៏​ដោយ។

ដៃ​គូ​របស់​ លន បញ្ញា គឺ​កីឡាករ Zakaria Rouigate ធ្លាប់​មក​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ម្តង​ហើយ​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ ២០២៥ ដោយ​បាន​យក​ឈ្នះ​កីឡាករ​កម្ពុជា ធន់ ក្របី នៅ​ក្នុង​ទឹក​ទី​២។ រូប​គេ​ក៏​មាន​បទ​ពិសោធច្រើន​​ក្នុង​ការ​​ប្រកួត​របស់​ស្ថាប័ន WKN ដូច្នេះ​អាច​ជា​ដៃ​គូ​ដ៏​ល្អ​មួយ​សម្រាប់​កីឡាករ លន បញ្ញា។

លោក Stephane Cabrera ប្រធាន​បណ្តាញឃីក​បុក​ស៊ីង​ពិភ​លោក​បាន​លើក​ឡើង​ថា លោក​ពិត​ជា​មាន​មោទនភាពខ្លាំង​ណាស់​ដែល​បាន​កំពុង​ធ្វើ​ការយ៉ាង​ល្អ​ជា​មួយ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ដើម្បី​អភិវឌ្ឍ​​កីឡា​អត្តសញ្ញាណ​ខ្មែរ​រីក​ចម្រើន​លើ​ឆាក​អន្តរជាតិ។

អ្វី​ដែលកាន់​តែ​ពិសេស​សម្រាប់​ការ​ប្រកួត​គុន​ខ្មែរ​ WKN គឺ រាល់​ការ​ប្រកួត​នឹងកត់​ត្រា​ជា​ផ្លូវ​ការនៅ BoxRec ដែល​ជា​ដៃ​គូ​ផ្តាច់​មុខ​របស់​ស្ថាប័ន​ប្រដាល់ WKN។ តាម​រយៈ​កិច្ច​ព្រម​ព្រៀង​រវាងស្ថាប័ន WKN និង BoxRec ការ​ប្រកួត​គុន​ខ្មែរ​ WKN ​ទាំង​អស់​នឹង​ត្រូវ​កត់​ត្រា​ទុក និង​ទទួល​ស្គាល់​ជា​សកល ដើម្បី​​បង្ហាញ​គុន​ខ្មែរ​លើ​ឆាក​អន្តរជាតិ។

BoxRec ជាវេបសាយ​ផ្លូវ​ការ​សម្រាប់​ការ​កត់​ត្រា​ទុកនូវ​រាល់​ការ​ប្រកួតកីឡា​ប្រយុទ្ធ​​ទូទាំង​ពិភព​លោក​ដែល​មាន​ទាំង​ ការផ្សព្វផ្សាយ​ អត្រា​នៃ​ការ​ប្រកួត កាល​វិភាគ​ប្រកួត លទ្ធផល ការ​ស្រាវ​ជ្រាវ និង​ប្រវត្តិ​​នៃ​កីឡាករ កីឡាការិនី​ជា​ដើម។

ការ​ចាប់​ដៃ​គូ​ជា​មួយ ស្ថាប័ន WKN អាច​ជាកិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​សម្រាប់​​កីឡា​ប្រដាល់​គុ​ន​ខ្មែរ​ដើម្បី​ពង្រីក​ខ្លួន​លើ​ឆាក​អន្តរជាតិ ពី​ព្រោះ​ស្ថាប័ន​មួយ​នេះ​មាន​កម្មវិធី​ប្រកួត​ច្រើន​តាម​បណ្តា​ប្រទេស​ផ្សេង​ៗ ហើយ​​ប្រមូល​ផ្តុំ​កីឡាករ កីឡាការិនី​​​ទូទាំង​ពិភព​លោក។

សូម​បញ្ជាក់​ថា លន បញ្ញា ត្រូវ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ជា​មួយ​កីឡាករ Zakaria Rouigate នា​​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ ២០២៦ នៅ​ក្នុងបរិវេណកីឡដ្ឋានស្រុកកោះធំ ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាលវេលា​ម៉ោង​ ៦:៣០​ ល្ងាច​៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម