Connect with us

កីឡា

លេង ១៦ ប្រកួត Kwame រក​បាន ១៧ ​គ្រាប់ កំពុង​នាំ​មុខកីឡាករ​លេខ​ពីរ ៥ គ្រាប់

បានផុស

នៅ

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហ្គាណា Kwame Peprah ពិត​ជា​ធ្វើ​បាន​ល្អ​ខ្លាំងមែន​ទែន​ដោយ​រក​បាន ៣ គ្រាប់​ម្នាក់​ឯង​ទល់​នឹង​ក្រុម ភ្នំពេញ​ក្រោន កាល​ពី​ថ្ងៃអាទិត្យ ទី​១៨ ខែ​មករា ឆ្នាំ ២០២៦ ជា​ពេល​ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ឈ្នះ​ដោយ​លទ្ធផល ៣-២ ក្នុង​សប្តាហ៍​ទី​១៦ នៃ​លីគ​កំពូល​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Kwame Peprah កាន់​តែ​បង្កើន​គម្លាត​នាំ​មុខ​គូ​ប្រជែង​ក្នុងនាម​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​គិត​ត្រឹម​សប្តាហ៍​ទី​១៦។ រូប​គេ​រក​បាន ១៧ គ្រាប់ ពី​ការបង្ហាញ​ខ្លួន​នៅ​លើ​ទី​លាន ១៦ ប្រកួត​ក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​នេះ​ដោយ​បាន​នាំ​មុខ​ ៥ គ្រាប់ លើ​កីឡាករ​លេខ​២ Minigawa Yusuke របស់​ណាហ្គាវើលដ៍​ដែល​រក​បាន ១២ គ្រាប់។

គ្រាប់​បាល់​ទាំង​ ១៧ គ្រាប់​ ខ្សែ​ប្រយុទ្ធ​ព្រះ​ខ័ន​រាជ​ស្វាយរៀង រក​បាន​ដូច​ខាង​ក្រោម៖

  • រក​បាន ១ គ្រាប់ ​ពេល ឈ្នះ អង្គរថាយហ្គឺរ ៣-០ ជើង​ទី១ និង​ជើង​ទី​២ រក​បាន ២ គ្រាប់​ពេល ឈ្នះ ៣-១
  • រក​បាន ២ គ្រាប់​ ពេល​ឈ្នះ បឹងកេត ៣-០ ជើង​ទី១
  • រក​បាន ១ គ្រាប់ ពេល​ឈ្នះ វិសាខា ២-០ ជើង​ទី​១
  • រក​បាន ១ គ្រាប់ ពេល​ឈ្នះ ឡាយហ្វ ខេត្តព្រះសីហនុ ៦-១ ជើង​ទី១ និង​ជើង​ទី​២ រក​បាន ២ គ្រាប់ ពេលឈ្នះ ៤-១
  • រក​បាន ១ គ្រាប់ ពេលចាញ់ ភ្នំពេញ​ក្រោន ២-៣ ជើង​ទី១ និង​ជើង​ទី២ រក​បាន ៣ គ្រាប់ ពេល​ឈ្នះ ៣-២
  • រក​បាន ១ គ្រាប់ ពេលឈ្នះ កងយោពលខេមរភូមិន្ទ ៦-១ ជើង​ទី​១
  • រក​បាន ១ គ្រាប់ ពេលឈ្នះ គិរីវង់សុខសែន​ជ័យ ២-១ ជើង​ទី​១
  • រក​បាន ១ គ្រាប់ ពេល​ឈ្នះ ISI ដង្កោសែន​ជ័យ ៦-១ ជើង​ទី១
  • រក​បាន ១ គ្រាប់ ពេលឈ្នះ ណាហ្គាវើលដ៍ ២-១ ជើង​ទី១

ក្រៅ​ពី​ការ​រក​បាន​គ្រាប់​បាល់ កីឡាករ Kwame Peprah ក៏​​បញ្ជូន​បាល់ (assist) ​បាន ៤ លើក​ឲ្យ​ដៃ​គូ​ស៊ុត​ចូល​។ ដូច្នេះ​រូប​គេ​កំពុង​ក្លាយ​ជា​បេក្ខភាព​ឈាន​មុខ​គេ​ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ការឈ្នះ​ពាន​ស្បែក​ជើង​មាស ក្នុង​នាម​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេនៅ​រដូវ​កាល​នេះ។

គ្រាប់​បាល់​ខាង​លើ​គឺ​គ្រាន់​តែ​គិត​សម្រាប់​ការ​ប្រកួត​ក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ប៉ុណ្ណោះ ប៉ុន្តែ​រូប​គេ​ក៏​រក​បាន​គ្រាប់​បាល់​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​ផង​ដែរ។

គិត​ត្រឹម​សប្តាហ៍​ទី​១៦ ព្រះខ័ន​រាជ​ស្វាយរៀង កំពុង​ឈរ​លើ​កំពូល​តារាង​ ដោយ​មាន​ ៣៩ ពិន្ទុ​ ដោយ​នាំ​មុខ​ក្រុម​លំដាប់​លេខ ២ ភ្នំពេញ​ក្រោន ដែល​មាន ៣៤ពិន្ទុ ប៉ុន្តែ​ភ្នំពេញ​ក្រោន នៅ​សល់​ ១ ​ប្រកួត​ទៀត​ក្នុង​ដៃ៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម