Connect with us

កីឡា

សមិទ្ធផល​​បាល់ទាត់​ថ្មី ៥ កន្លែង​ កំពុង​សាង​សង់​អាច​​​​នឹង​បើក​ដំណើរ​ការ​​នៅ​ឆ្នាំថ្មីខាង​មុខ

បានផុស

នៅ

កីឡដ្ឋាន​បាល់ទាត់​ចំនួន ៥ ​ដែល​បាន​កំពុង​ដំណើរការ​សាង​សង់​អាច​នឹង​បើក​ដំណើរ​ការ​ប្រកួតនៅ​ឆ្នាំ​ថ្មី​ ក្នុង​នោះ​មាន​កីឡដ្ឋាន​គោកធ្លក កីឡដ្ឋាន​ខេត្ត​ស្វាយរៀង កីឡដ្ឋាន​អឹមអូអាយកំពង់ដេវ៉ា កីឡដ្ឋានខេត្ត​ព្រះ​សីហនុ និង​កីឡដ្ឋាន​ខេត្ត​ត្បូង​ឃ្មុំ។

កីឡដ្ឋាន​គោកធ្លក

សហព័ន្ធ​បាល់ទាត់​កម្ពុជា​កំពុង​​សាង​សង​ទី​ស្នាក់​ការ និង​​​កីឡដ្ឋាន​ផ្ទាល់​ខ្លួន ​ដែល​​ចំណាយ​ថវិកា​សរុប​ ៤.៤ ​លាន​ដុល្លារ​អាមេរិក។ កីឡដ្ឋាន​ថ្មី​នេះ​ឈ្មោះ​ថា គោកធ្លក ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​ផ្ទាល់​ប្រមាណ​ ១២,០០០ ​នាក់ ស្ថិត​នៅ​ព្រែក​អញ្ចាញ ស្រុក​មុខ​កំពូល​ ខេត្ត​កណ្តាល​ និង​គ្រោង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០២៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោល​បំណង​នៃ​សាង​សង​កីឡដ្ឋាន​នេះ​គឺ​សម្រាប់​ការ​ប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ទាំង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ និង​ពាន​រង្វាន់​ផ្សេង​ៗ ប៉ុន្តែ​​សម្រាប់​ការ​ប្រកួតកម្រិត​ស្តង់ដា​ធំ​ៗ​នឹង​ធ្វើ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក និង​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

កីឡដ្ឋានខេត្ត​ស្វាយរៀង

កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ត្រូវ​បាន​កសាង​ឡើង​វិញ​កាល​ពី​ដើម​ឆ្នាំ ២០២៥ ដែល​ត្រូវ​ចំណាយ​ពេល​ជាងមួយ​ឆ្នាំ​ ហើយ​តាម​ការ​គ្រោង​ទុក​អាច​នឹង​បើក​ដំណើរ​ការ​ប្រកួត​​នៅ​​ពាក់​កណ្តាល​ឆ្នាំ ២០២៦។

ការ​កសាង​កីឡដ្ឋាន​​ឡើង​វិញ​នេះគឺ​ដើម្បី​បំពេញ​ទៅ​តាម​លក្ខខណ្ឌ​ និង​ស្តង់ដា​របស់សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី ដែល​រួម​មាន​ស្តង់ដាពន្លឺ​ភ្លើង ស្មៅ​ ប្រព័ន្ធ​ទឹក ប្រព័ន្ធ​សុវត្ថិភាព កន្លែង​អង្គុយ បន្ទប់​ក្រុម​ម្ចាស់​ផ្ទះ បន្ទប់​ភ្ញៀវ បន្ទប់​សន្និសីទ និង​ហេដ្ឋាន​រចនា​សម្ព័ន្ធ​ផ្សេង​ៗ​ទៀត​ស្រប​តាម​តម្រូវ​ការ​របស់ AFC។

កីឡដ្ឋាន អឹមអូអាយ កំពង់ដេវ៉ា

កីឡដ្ឋាន អឹមអូអាយ កំពុងដេវ៉ា ត្រូវ​បាន​បើក​ដំណើរ​ការ​សាង​សង់​កាល​ពីថ្ងៃ​ទី​ ១៤ ខែ​មីនា ឆ្នាំ​២០២៦ នៅ​ខេត្ត​ព្រះ​សីហនុ។ កីឡដ្ឋាន​​ដែល​នឹង​បម្រើ​ការ​ប្រកួត​ក្នុង​លីគ និង​ពាន​រង្វាន់​សម្តេច​តេជោ​នេះ ក៏​មាន​បំណង​បម្រើ​ដល់​ការ​ប្រកួត​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា និង​ការ​បោះ​ជំរុំ​របស់​ក្រុម​ជម្រើស​ជាតិ​ដែរ។

កីឡដ្ឋាន​នេះ អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ជិត ១ ម៉ឺន​នាក់ និង​មាន​ប្រព័ន្ធ​ភ្លើង ទឹក សុវត្ថិភាព និង​សេវាបម្រើ​ដល់​អ្នក​គាំទ្រ​ជា​ដើម។

កីឡដ្ឋាន​ខេត្ត​ព្រះ​សីហនុ

ពហុកីឡដ្ឋាន ខេត្តព្រះសីហនុ គឺជារបស់រដ្ឋ ស្ថិតនៅតាមបណ្ដោយផ្លូវល្បឿនលឿនខេត្តព្រះសីហនុ ចូលតាមផ្លូវក្បាលឆាយចម្ងាយ ៥គីឡូម៉ែត្ររួចបត់ស្ដាំចម្ងាយ ១,៥ គីឡូម៉ែត្រ។ តាម​ផែន​ការ កីឡដ្ឋាន​ខេត្ត​ព្រះ​សីហនុ​មាន​ទ្រទ្រាយ​ធំ និង​ស្តង់ដា​ដែល​មាន​ទី​លាន​ផ្សេង​ៗ​ជា​ច្រើន​ទៀត។

កីឡដ្ឋាន​ខេត្ត​ត្បូងឃ្មុំ

កីឡដ្ឋាន​ខេត្ត​ត្បូងឃ្មុំ នឹង​ក្លាយ​ជា​កីឡដ្ឋាន​ដែល​មាន​លក្ខណៈ​ស្តង់ដា​ជា​គេ​បំផុត​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ។ កីឡដ្ឋាន​នេះ​ត្រូវ​បាន​បញ្ចុះ​បឋម​សិលា​សាង​សង់​កាល ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ ២០២៦។ តាម​ផែន​ការ ខេត្តដែល​សំបូរ​អ្នក​ចូល​ចិត្ត​បាល់ទាត់​មួយ​នេះ មិន​ត្រឹម​តែ​ផ្តោត​លើ​កីឡា​បាល់ទាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មាន​ទាំង​ទី​លាន​កីឡា​ផ្សេង​ៗ​ដូច​ជា បាល់ទះ និង​ប៉េតង់​ជា​ដើម៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម