កីឡា
រឿងសំខាន់ ៦ ចារជាប្រវត្តិ ក្រោយព្រះខ័នរាជស្វាយរៀងឡើងវគ្គផ្តាច់ព្រ័ត្រ AFC លើកទី២
ព្រះខ័នរាជស្វាយរៀង ត្រូវបានចាត់ទុកជាក្រុមទទួលបានជោគជ័យជាងគេបំផុតទាំងក្នុងស្រុក និងអន្តរជាតិ បន្ទាប់ពីទទួលបានលទ្ធផលយ៉ាងល្អនៅក្នុងរដូវកាល ២០២៥-២០៦។ ក្រឡេកមើលកំណត់ត្រាថ្មីៗរបស់ក្លិបជើងឯកលីគកម្ពុជាមួយនេះបង្កើតឡើងពិតជាគួរឲ្យចាប់អារម្មណ៍។

- ទី១. ព្រះខ័នរាជស្វាយរៀង បានក្លាយជាក្រុមកម្ពុជាទី ១ ឈ្នះជើងឯកលីគបាល់ទាត់កំពូលកម្ពុជា ៣ រដូវកាលជាប់គ្នាគឺរដូវកាល ២០២៣-២៤, ២០២៤-២៥ និង ២០២៥-២៦។ នេះជាកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រលីគបាល់ទាត់កំពូលកម្ពុជា។
- ទី២. ព្រះខ័នរាជស្វាយរៀង ជាក្រុមទី ១ របស់កម្ពុជា និងជាក្រុមទី១នៅក្នុងតំបន់អាស៊ីខាងកើត ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League ពីររដូវកាលជាប់គ្នា បន្ទាប់ពីពានអាស៊ីកម្រិតទី៣នេះ ត្រូវបានប្តូរឈ្មោះពី AFC President’s Cup មកជា AFC Challenge League។ កាលពីរដូវកាលមុន ក្រុម Arkadag បានឡើងវគ្គផ្តាច់ព្រ័ត្រ និងឈ្នះជើងឯក ប៉ុន្តែក្រុមនេះបានឡើងទៅលេងពានអាស៊ីកម្រិតទី២។
- ទី៣. ព្រះខ័នរាជស្វាយរៀង បានបង្កើតកំណត់ត្រាមិនទាន់ចាញ់សោះក្នុងពានរង្វាន់ AFC Challenge League នៅក្នុងរដូវកាលនេះ។ វគ្គសន្សំពិន្ទុក្នុងពូល ពួកគេឈ្នះ SP Falcons ៣-០, ឈ្នះ Ezra FC ៣-០ និងស្មើ Manila Digger ២-២។ នៅវគ្គ ៨ ក្រុមចុងក្រោយ ព្រះខ័នរាជស្វាយរៀង ឈ្នះ ភ្នំពេញក្រោន ៤-១ ក្នុងជើងទី១ និងឈ្នះ ២-១ ក្នុងជើងទី២ ហើយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្មើ Manila Digger ១-១ ក្នុងជើងទី១ និងឈ្នះ ៣-០ ក្នុងជើងទី២ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
- ទី៤. ព្រះខ័នរាជស្វាយរៀង ជាក្រុមកម្ពុជាទី ១ ដែលបានធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League នៅលើទឹកដីកម្ពុជា។ នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់កម្ពុជាប្រមាណជាង ៥០ ឆ្នាំចុងក្រោយ គឺការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់អាស៊ីទើបកើតមានលើកដំបូង នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៥។
- ទី៥. កម្ពុជាបានក្លាយជាកន្លែងរៀបចំការប្រកួតពានរង្វាន់ AFC Challenge League ដែលមានអ្នកគាំទ្រចូលទស្សនាច្រើនជាងគេបំផុតពីររដូវកាលជាប់គ្នា តាំងពីវគ្គសន្សំពិន្ទុក្នុងពូល រហូតដល់វគ្គផ្តាច់ព្រ័ត្រ។ និយាយតែវគ្គផ្តាច់ព្រ័ត្រមួយគឺមានអ្នកទស្សនាផ្ទាល់ចំនួន ៥១.៦១០ នាក់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលចំនួននេះច្រើនជាងការប្រកួតវគ្គផ្តាច់ព្រ័ត្រណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្រពានរង្វាន់ AFC Challenge League។
- ទី៦. ព្រះខ័នរាជស្វាយរៀង បានជួយឲ្យក្លិបលីគបាល់ទាត់កម្ពុជាទទួលបានកៅលេងពានអាស៊ីកម្រិតទី ២ AFC Champions League Two ពីររដូវកាលជាប់គ្នា។ ក្នុងនាមជាក្រុមឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League រដូវកាលមុន កម្ពុជាទទួលបាន ១ កៅអីកន្លះ ដើម្បីប្រកួតក្នុងពានរង្វាន់អាស៊ីកម្រិតទី ២ សម្រាប់រដូវកាល ២០២៦-២៧ ហើយបានឡើងវគ្គផ្តាច់ព្រ័ត្រ AFC Challenge League ២០២៥-២៦ កម្ពុជា ទទួលបាន ១ កៅអីកន្លះទៀតសម្រាប់រដូវកាល ២០២៧-២៨។ នេះនៅមិនទាន់គិតពីអត្ថប្រយោជន៍ផ្សេងៗទៀត ហើយប្រសិនបើឈ្នះជើងឯក AFC Challenge League ទៀតនោះគឺរឹតតែមានផលល្អសម្រាប់ក្លិបកម្ពុជា៕



អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


