កីឡា
កីឡាករសង្ស័យមានសញ្ជាតិពីរ ពុំមានឈ្មោះជាមួយក្រុមជម្រើសជាតិអេក្វាឌ័រ សម្រាប់ការប្រកួត World Cup ឡើយ
សហព័ន្ធកីឡាបាល់ទាត់អេក្វាឌ័រ បាននិយាយកាលពីថ្ងៃអង្គារថា ខ្សែការពារ Byron Castillo ត្រូវបានដកចេញពីក្រុមជម្រើសជាតិ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup 2022) ដើម្បីជៀសវាង “ការដាក់ទណ្ឌកម្មអយុត្តិធម៌” បន្ថែមទៀត នៅក្នុងជម្លោះលើសញ្ជាតិរបស់កីឡាករ។

កាលពីសប្ដាហ៍មុន តុលាការអាជ្ញាកណ្ដាលសម្រាប់កីឡា (CAS) បានសម្រេចថា Castillo មានសិទ្ធិទៅលេងនៅប្រទេសកាតា ប៉ុន្តែបានដាក់ទណ្ឌកម្មសហព័ន្ធជុំវិញ “ការក្លែងបន្លំ” លិខិតឆ្លងដែនរបស់គេ។ នោះបានជម្រះផ្លូវសម្រាប់ប្រជាជាតិអាមេរិកខាងត្បូង ដើម្បីចូលរួមក្នុងការប្រកួត World Cup បន្ទាប់ពីឈីលី និងប៉េរូ បានប្រជែងគ្នាដណ្ដើមកៅអីអេក្វាឌ័រ ជុំវិញសិទ្ធិរបស់ Castillo។
សហព័ន្ធបាល់ទាត់ឈីលី (FFCH) បាននិយាយថា គេមានភស្តុតាងដែលថា កីឡាកររូបនេះ កើតនៅប្រទេសកូឡុំប៊ី ក្នុងឆ្នាំ ១៩៩៥ ហើយមិនមែននៅទីក្រុង Playas ប្រទេសអេក្វាឌ័រ ក្នុងឆ្នាំ ១៩៩៨ នោះទេ។ FFCH បានចោទប្រកាន់ “ការប្រើប្រាស់សំបុត្រកំណើតក្លែងក្លាយ ការប្រកាសអាយុ និងសញ្ជាតិក្លែងក្លាយ”។

យ៉ាងណាមិញ សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានច្រានចោលកាលពីខែកញ្ញា ហើយថា Castillo ដែលលេងក្នុងវគ្គជម្រុះចំនួន ៨ លើក ឲ្យអេក្វាឌ័រ ត្រូវបានចាត់ទុកថាមាន “សញ្ជាតិអេក្វាឌ័រអចិន្ត្រៃយ៍”។
ករណីនេះបានទៅដល់តុលាការអាជ្ញាកណ្ដាលសម្រាប់កីឡា (CAS) ដែលបានតម្កល់មួយផ្នែកលើបណ្ដឹងឧទ្ធរណ៍របស់ប្រទេសឈីលី និងប៉េរូ។
តុលាការបាននិយាយថា Castillo មានសិទ្ធិលេងឲ្យអេក្វាឌ័រក្នុងវគ្គជម្រុះ “ដោយពិចារណាថាអាជ្ញាធរអេក្វាឌ័របានទទួលស្គាល់ Byron Castillo ជាជនជាតិអេក្វាឌ័រ”។ ប៉ុន្តែវាបានបន្ថែមថា “ខណៈពេលដែលលិខិតឆ្លងដែនអេក្វាឌ័ររបស់កីឡាករគឺពិតជាពិតប្រាកដ ព័ត៌មានមួយចំនួនដែលបានផ្តល់ឲ្យ គឺមិនពិត។ ជាពិសេស ទាក់ទងនឹងថ្ងៃខែឆ្នាំកំណើត និងទីកន្លែងកំណើតរបស់កីឡាករមិនត្រឹមត្រូវ ចាប់តាំងពីកីឡាកររូបនេះពិតជាបានកើតនៅទីក្រុង Tumaco ប្រទេសកូឡុំប៊ី នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៩៥”។
សហព័ន្ធកីឡាបាល់ទាត់ត្រូវបានបញ្ជាឲ្យបង់ប្រាក់ពិន័យចំនួន ១០០,០០០ ហ្វ្រង់ស្វីស (ប្រមាណ ១០ ម៉ឺនដុល្លារ) ហើយក្រុមបុរស នឹងត្រូវដក ៣ ពិន្ទុ ក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ ២០២៦។
សហព័ន្ធអេក្វាឌ័រ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា Castillo នឹងមិនធ្វើដំណើរទៅប្រទេសកាតាទេ។
សហព័ន្ធកីឡាបាល់ទាត់អេក្វាឌ័រ មានកាតព្វកិច្ចមិនដាក់បញ្ចូលកីឡាករ Byron Castillo Segura ក្នុងបញ្ជីចុងក្រោយដែលបង្ហាញដល់ FIFA ប្រឈមមុខនឹងហានិភ័យ នៃទណ្ឌកម្មអយុត្តិធម៌បន្ថែមទៀត។
អេក្វាឌ័រ នឹងត្រូវប្រកួតដំបូងក្នុងការប្រកួត World Cup ទល់នឹងប្រទេសម្ចាស់ផ្ទះកាតា នៅថ្ងៃអាទិត្យនេះ៕
ប្រភព ៖ supersport.com
អត្ថបទ ៖ មន្នីរ័ត្ន
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


