កីឡា
តើអាស៊ានជ្រើសរើសក្រុមបាល់ទាត់ដូចម្តេច បើធ្វើម្ចាស់ផ្ទះ World Cup 2034?
បណ្តាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) បានពិភាក្សាពីផែនការដេញថ្លៃធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ជើងឯកពិភពលោក ឆ្នាំ២០៣៤ (FIFA World Cup 2034)។ នេះបើតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក វ៉ាត់ ចំរើន បានផ្តល់បទសម្ភាសដល់សារព័ត៌មាន«កម្ពុជាថ្មី»ថា នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកីឡាអាស៊ាននៅទីក្រុងឈៀងម៉ៃ ប្រទេសថៃកាលពីសប្តាហ៍មុននេះ ថ្នាក់ដឹកនាំអាស៊ានបានឯកភាពគ្នាជំរុញ និងដាក់ចេញផែនការដើម្បីដេញថ្លៃរៀបចំការប្រកួតជើងឯកពិភពលោកឆ្នាំ២០៣៤។

គោលការណ៍របស់អាស៊ាន ចាប់ពីថ្នាក់ដឹកនាំកំពូលរហូតដល់ថ្នាក់ដឹកនាំរដ្ឋមន្ត្រីកីឡា បានជំរុញលើកិច្ចការនេះ។ អាស៊ាននៅក្នុងសវត្ស៍ទី២១បានជំរុញសេដ្ឋកិច្ច និងការលូតលាស់គួរឲ្យកត់សំគាល់ខ្លាំង ដូច្នេះហើយបានជាដាក់ចេញយុទ្ធសាស្ត្រក្នុងការដេញថ្លៃរៀបចំការប្រកួតជើងឯកពិភពលោកឆ្នាំ២០៣៤។ នេះគឺជាយុទ្ធសាស្ត្រមួយក្នុងការស្វែងរកឧត្តមភាព និងសក្តានុពលរបស់អាស៊ាន ក៏ដូចជាភូមិសាស្ត្រនយោបាយក្នុងតំបន់។
លោក វ៉ាត់ ចំរើន បានលើកឡើងថា ៖«ផែនការនេះ យើងមិនគិតពីរឿងឈ្នះ ចាញ់ ឬបានធ្វើជាម្ចាស់ផ្ទះ ឬមិនបានទេ ប៉ុន្តែអ្វីដែលយើងធ្វើគឺត្រូវតែជំរុញ និងត្រូវរៀបចំឲ្យបានល្អដើម្បីដេញថ្លៃ។ ទោះបីជាយ៉ាងណា ក្នុងលក្ខខណ្ឌសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសអាស៊ានទាំង១០មានសេដ្ឋកិច្ចទាប មធ្យម និងខ្ពស់ ដូច្នេះក៏ជាបញ្ហាប្រឈមសម្រាប់បេក្ខភាពអាស៊ានដើម្បីដេញថ្លៃ»។
ជាពិសេសទៀតនោះ បេក្ខភាពដេញថ្លៃមិនមែនមានតែអាស៊ានមួយនោះទេ ប៉ុន្តែមានប្រទេសធំៗដូចជា ចិន អូស្ត្រាលីរួមជាមួយនូវេសេឡុង និងអារ៉ាប៊ីសាអ៊ូឌីត ប្រទេសធំនេះជាឧបសគ្គធំសម្រាប់អាស៊ាន។
ជាងនេះទៀតនោះ គ្រប់ប្រទេសអាស៊ានទាំងអស់ក៏មិនប្រាកដសុទ្ធតែអាចរៀបចំការប្រកួត ឬរៀបចំពិធីបើក-បិទបានដែរ។ ចំណុចនេះគឺជាកិច្ចការផ្ទៃក្នុងរបស់អាស៊ានដើម្បីពិនិត្យមើលលក្ខណៈសម្បត្តិរបស់ប្រទេសសមាជិកនីមួយៗថាតើមានសក្តានុពលអ្វីខ្លះ និងខ្វះខាតអ្វីខ្លះ។ ដើម្បីធ្វើកិច្ចការនេះ អាស៊ានត្រូវបង្កើតក្រុមការងារដែលប្រទេសនីមួយៗមានអ្នកជំនាញមកពីក្រសួងអប់រំ យុវជន និងកីឡា និងតំណាងសហព័ន្ធកីឡាបាល់ទាត់ដើម្បីធ្វើការរួមគ្នា និងបំពេញតាមលក្ខខណ្ឌតម្រូវការ។

លោកអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថា ៖«ក្នុងនោះ អាស៊ានបានកត់សំគាល់ឃើញពីសក្តានុពលរបស់កម្ពុជាដែរ ប៉ុន្តែក៏នៅមានចំណុចខ្វះខាត។ ឧទាហរណ៍ យើងមានពហុកីឡដ្ឋានល្អហើយ ប៉ុន្តែពហុកីឡដ្ឋានរបស់យើងមិនអាចរៀបចំពិធីបើក ឬបិទបានទេ បានត្រឹមតែជាកន្លែងសម្រាប់រៀបចំការប្រកួត។ យើងត្រូវពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតដូចជា ទីលានប្រកួត ទីលានហ្វឹកហាត់ជាដើមថាតើមានលក្ខណសម្បត្តិស្របតាមស្តង់ដារបស់ FIFA ឬយ៉ាងណា? បើយើងខ្វះខាតអ្វី យើងត្រូវបំពេញឲ្យស្របតាមការណែនាំរបស់អាស៊ាន»។
នៅពេលសួរថា តើជ្រើសរើសក្រុមបាល់ទាត់តំណាងឲ្យអាស៊ានយ៉ាងដូចម្តេច? លោក វ៉ាត់ ចំរើន បានឆ្លើយតបថា ៖«សម្រាប់កិច្ចការនេះ ធម្មតា ប្រព័ន្ធនៃការប្រកួតជម្រុះរបស់ FIFA នៅតែរក្សាដដែល ប៉ុន្តែអាស៊ានជាម្ចាស់ផ្ទះត្រូវយកក្រុមមួយតំណាងឲ្យអាស៊ានទាំងមូល»។
«ការជ្រើសរើសកីឡាករទៅតាមឧត្តមភាព និងបច្ចេកទេសរបស់កីឡាករម្នាក់ៗនៅក្នុងតំបន់អាស៊ាន ដើម្បីជ្រើសរើសក្រុមមួយដ៏ល្អដើម្បីតំណាងឲ្យអាស៊ាន ហើយនេះជាលក្ខខណ្ឌរបស់ FIFA ដែលយើងត្រូវអនុវត្តតាម ក៏ដូចជាប្រទេសជាម្ចាស់ផ្ទះផ្សេងៗទៀតដែលមានសិទ្ធិ និងមានក្រុមតំណាងដូចគ្នា»៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


