សហព័ន្ធកីឡាហុកគីកម្ពុជា នឹងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២០ ដែលតាមការគ្រោងទុក ការប្រកួតនឹងធ្វើនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាហុកគីកម្ពុជា បានឲ្យដឹងថា ការប្រកួតកីឡាហុកគីជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០នេះ ត្រូវបានធ្វើឡើងស្របតាមផែនការសកម្មភាពការងារប្រចាំឆ្នាំ២០២០ របស់សហព័ន្ធដោយការទទួលចុះឈ្មោះចូលរួមប្រកួតប្រជែងមេដាយរបស់ក្លិប សមាគម ក្រសួងស្ថាប័នរាជធានីខេត្ត នៅតែបន្តទទួលរហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នៅទីស្នាក់ការសហព័ន្ធ នៃទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NO CC)។ ចំពោះការចំណាយលើការស្នាក់នៅ ហូបចុក និង ការធ្វើដំណើរ ជាបន្ទុករបស់សាមីក្លិប-សមាគម ។
លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជាបានអះអាងថា ការប្រកួតជើងឯកថ្នាក់ជាតិនេះ ទើបតែបានរៀបចំជាលើកដំបូងទេទោះបីជាប្រភេទកីឡាហុកគីនេះ ធ្លាប់បានរៀបចំការប្រកួតក្នុងស្រុក និងធ្លាប់បានចេញទៅប្រកួតលើឆាកអន្តរជាតិនានា នាពេលកន្លងមកក្តី ។
លោកបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិលើកទី១នេះ សហព័ន្ធប្រើប្រាស់ថវិកាខ្លួនឯងផ្ទាល់ ព្រោះសហព័ន្ធមិនធ្លាប់ទទួលបានកញ្ចប់ថវិកាគាំទ្រពីក្រសួងអប់រំយុវជន និង កីឡាដូចសហព័ន្ធនានានោះទេ។ ការប្រកួតនេះ មាន៥ក្រុមចូលរួម ដែលមកពី៣រាជធានី-ខេត្ត ដោយ៣ក្លិបស្ថិតនៅរាជធានីភ្នំពេញ និង២ក្លិបទៀតមកពីខេត្តកំពង់ធំ និងខេត្តកំពង់ចាម ។ លោកសុធាបន្ថែមថា សហព័ន្ធជំនាញមួយនេះ មិនបានរៀបចំវិញ្ញាសាច្រើនឲ្យបានទូលំទូលាយពេកទេ ដោយសារតែលទ្ធភាពរបស់ខ្លួននៅមានកម្រិត ដោយរៀបចំតែលើវិញ្ញាសាហុកគីក្នុងសាលបុរស ៥នាក់ទល់៥នាក់ ហើយក្រុមទាំង៥នឹងត្រូវប្រកួតលក្ខណៈវិលជុំ។
ទោះយ៉ាងនេះក្តី នៅឆ្នាំក្រោយៗ សហព័ន្ធនឹងខិតខំរៀបចំឲ្យបានច្រើនវិញ្ញាសាទាំងបុរស-នារី ប្រភេទអាយុ និងបង្កើនក្រុមចូលរួមប្រកួតឲ្យបានច្រើនជាងនេះសម្រាប់ប្រជែងគ្នា ។ កាលណាការប្រកួតកាន់តែច្រើននោះ សិទ្ធផលកីឡាករ កីឡាការិនី កាន់តែល្អប្រសើរទៅតាមនោះដែរ។
ជាមួយគ្នានេះដែរ សហព័ន្ធបានដាក់ចេញនូវគោលការណ៍រៀបចំការប្រកួតជើងឯក ការប្រកួតពានរង្វាន់ផ្សេងៗទៀតនាពេលខាងមុខ ដើម្បីបង្កើតបាននូវធនធានបន្ថែមនិងពង្រឹងគុណភាពកាន់តែប្រសើរដែលតាមរយៈការប្រកួតជើងឯកថ្នាក់ជាតិ ដែលជាការប្រកួតប្រជែងក្នុងកម្រិតជំនាញខ្ពស់ជាងគេ នឹងអាចស្វែងរកធនធានប្រកបដោយសមត្ថភាពផងដែរ ដើម្បីជ្រើសរើសប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិ ។ ទន្ទឹមនឹងនេះ តាមរយៈការប្រកួតនេះ ក៏ជាការបង្កើនសិទ្ធផលរបស់កីឡាករ កីឡាការិនីរបស់ខ្លួន ត្រៀមឆ្ពោះទៅប្រកួតលក្ខណៈអន្តរជាតិនានា នាពេលខាងមុខ ជាពិសេសគឺការត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ លោក សំហេង បុរស ជួបសំណេះសំណាលសមាជិកប្រតិបត្តិសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត