កីឡា
លោក ហ៊ុន ចន្ទរាជ ថា ច្បាប់ប្រកួត MMA អាស៊ីល្អសម្រាប់អ្នកកីឡាគុនខ្មែរ
លោក ហ៊ុន ចន្ទរាជ ជាគ្រូបង្វឹក និងជាកីឡាករផងបានចាត់ទុកច្បាប់ប្រកួតគុនចម្រុះជើងឯកអាស៊ី (Asian Mixed Martial Arts Championship) មានអំណោយផលល្អសម្រាប់កីឡាករ កីឡាការិនីគុនខ្មែរនៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាថ្ងៃទី១១-១២-១៣ ខែកក្កដា ឆ្នាំ២០២៤។

គ្រូបង្វឹកដែលមានបទពិសោធច្រើនបានឲ្យដឹងថា ការប្រកួតគុនចម្រុះអាស៊ីនេះមិនដូចការប្រកួតគុនចម្រុះអាជីពដែលរៀបចំតាមសង្វៀនឯកជនទេ។ ការប្រកួតនេះ គណៈកម្មការបានដកក្បាច់ណាដែលគ្រោះថ្នាក់ ហើយការដេកអោបគ្នាលើក្តារទីលានបានត្រឹមតែរយៈពេល១៦វិនាទីប៉ុណ្ណោះ។ អាជ្ញាកណ្តាលនឹងបំបែកឲ្យឈរប្រកួតឡើងវិញ។ ការកំណត់ច្បាប់ប្រកួតបែបនេះដើម្បីជំរុញកីឡា MMA ចូលក្នុងព្រឹត្តិការណ៍ផ្លូវការដូចជា កីឡាស៊ីហ្គេម កីឡាអាស៊ី ឬកីឡាអូឡាំពិក។
លោក ហ៊ុន ចន្ទរាជ បាននិយាយថា ៖«ខ្ញុំគិតថា ច្បាប់ MMA នេះ វាស្រួលសម្រាប់កីឡាករគុនខ្មែរយើង។ និយាយទៅអត់គ្រោះថ្នាក់អ្វីទេ។ គេធ្វើឲ្យមានសុវត្ថិភាពខ្ពស់»។
អ្នកលេងគុនខ្មែរមានបទពិសោធច្រើន បូករួមទាំងការហ្វឹកហាត់គុនចម្រុះថែមទៀតនោះបានធ្វើឲ្យថ្នាក់ដឹកនាំ និងគ្រូបង្វឹកមានក្តីសង្ឃឹមខ្ពស់ក្នុងការទទួលបានមេដាយក្នុងនាមជាម្ចាស់ផ្ទះ។

លោកបានឲ្យដឹងថា ៖«យើងបានប្រមូលផ្តុំហ្វឹកហាត់តាំងពីខែមេសា។ ខ្ញុំមើលឃើញថា កីឡាករ កីឡាការិនីជម្រើសជាតិយើងទាំងអស់មានការរីកចម្រើនខ្លាំង។ កីឡាករមួយចំនួននឹងធ្វើបានល្អ ហើយអាចឈានដល់វគ្គផ្តាច់ព្រ័ត្រ។ អ្នកថ្មីៗក៏យើងសង្ឃឹមដែរ ពីព្រោះពួកគាត់យកចិត្តទុកដាក់ បច្ចេកទេសក៏ល្អ។ ជាពិសេសកីឡាករដែលប្រកួតវិញ្ញាសាទម្ងន់ស្រាល គឺសង្ឃឹមខ្ពស់»។
ក្នុងចំណោមកីឡាការិនី៥រូប លោកគ្រូ ហ៊ុន ចន្ទរាជ មានសង្ឃឹមច្រើនចំពោះកីឡាការិនី គុណ វ៉ាន់នីតា ដែលប្រកួតវិញ្ញាសាទម្ងន់ក្រោម៧០គីឡូក្រាម។ លោកបានឲ្យដឹងថា ដោយសារវិញ្ញាសាទម្ងន់ធ្ងន់មិនសូវមានកីឡាការិនីពីបណ្តាប្រទេសផ្សេងច្រើនចូលរួម។
លោក ហ៊ុន ចន្ទរាជ បន្ថែមថា ៖«យើងសង្ឃឹមគាត់ (វ៉ាន់នីតា) ឈ្នះមេដាយមាស ដោយសារទម្ងន់ធ្ងន់នេះអត់សូវមានបេក្ខនារីច្រើនទេ»។

សម្រាប់កម្ពុជាបានត្រៀមអត្តពលិកទាំង១៦រូបរួចហើយគឺកីឡាករ ផេង សុបញ្ញា, ឡុង ឡា, រិន សារ័ត្ន, ហ៊ុន គឹមហៀង, មាស ម៉ើ, សែន ច័ន្ទឫទ្ធិគុន, ហ៊ុន ចន្ទរាជ, ធាន អាន, ចាន់ រតនា, អេ វីរៈខាំឈីតភូថង, ហាត ភី ខណៈកីឡាការិនីមានដូចជា ខៀវ ចិន្ដារ័ត្ន, នៅ ស្រីពៅ, គុណ វ៉ាន់នីតា, សំ ថារ័ត្ន និង ទួន ស្រីភីន។
ព្រឹត្តិការណ៍ប្រកួតគុនចម្រុះអាស៊ីគឺរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ី (AMMA) និងសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា។ គោលបំណងធំបំផុតនៃការរៀបចំព្រឹត្តិការណ៍នេះដើម្បីជំរុញ ផ្សព្វផ្សាយ និងលើកកម្ពស់តម្លៃកីឡាគុនចម្រុះឲ្យក្លាយជាកីឡាផ្លូវការ ស្តង់ដាត្រឹមត្រូវដើម្បីចូលក្នុងព្រឹត្តិការណ៍កីឡាអាស៊ី និងកីឡាអូឡាំពិក។
ការប្រកួតគុនចម្រុះជើងឯកអាស៊ី លើកទី២ នៅប្រទេសកម្ពុជា ក៏ជាការប្រកួតជម្រុះដើម្បីជ្រើសរើសជ័យលាភីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍«កីឡាក្នុងសាល និងក្បាច់គុនអាស៊ី (Asian Indoor and Martial Arts Games) នាខែវិច្ឆិកា ឆ្នាំ២០២៤ នៅប្រទេសថៃ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


