កីឡា
នារី១០នាក់ក្នុងចំណោមសិក្ខាកាម២៥នាក់បានរៀនវគ្គគ្រូបង្វឹកលើកទម្ងន់
សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានផ្តោតយកចិត្តទុកដាក់សំខាន់លើស្ត្រីភេទដែលជាអត្តពលិកមានសក្តានុពលក្នុងការស្វែងរកមេដាយលើឆាកអន្តរជាតិជូនជាតិ ហេតុដូច្នេះ ការជ្រើសរើសអត្តពលិកជម្រើសជាតិក្នុងការហ្វឹកហាត់ និងជ្រើសរើសគ្រូបង្វឹកក៏ផ្តល់អាទិភាពច្រើនដល់ស្ត្រីភេទ។

ជាក់ស្តែងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាលើកទម្ងន់កម្រិត២ដែលឧបត្ថម្ភដោយគម្រោងសាមគ្គីអូឡាំពិក មាននារី១០នាក់ក្នុងចំណោមសិក្ខាកាមចំនួន២៥នាក់ដែលបានចូលរៀនរយៈពេល៨ថ្ងៃ បញ្ចប់កាលពីថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
អ្នកគ្រូ ទ្រី សុថាវី គ្រូបង្វឹកកីឡាលើកទម្ងន់ជម្រើសជាតិកម្ពុជាបានឲ្យដឹងថា សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានស្វះស្វែងរកស្ត្រីភេទឲ្យចូលរួមច្រើនមិនឲ្យចាញ់បុរសទេទាំងផ្នែកអត្តពលិក និងគ្រូបង្វឹក។ កីឡាភាគច្រើនទាំងក្រុមការងារគ្រូបង្វឹក និងអត្តពលិកគឺមិនសូវមានស្ត្រីភេទចូលរួមច្រើនទេ ប៉ុន្តែស្ត្រីភេទមានភាគរយខ្ពស់ក្នុងការឈ្នះមេដាយលើឆាកអន្តរជាតិ បើប្រៀបធៀបនឹងបុរស។

អ្នកគ្រូដែលបង្ហាត់ទាំងកីឡាករ និងកីឡាការិនីលើកទម្ងន់ជម្រើសជាតិកម្ពុជាបាននិយថា ៖«កីឡាការិនីមានអាទិភាពជាងបុរសក្នុងការរកបានមេដាយ ពីព្រោះមិនថានៅប្រទេសយើង ឬប្រទេសគេគឺមិនសូវមានកីឡាការិនីច្រើន ដូច្នេះហើយសហព័ន្ធលើកទម្ងន់បានព្យាយាមផ្តល់អាទិភាពខ្ពស់ដល់នារី។ ដូចថ្ងៃនេះជាដើម វគ្គបណ្តុះបណ្តាលគ្រូបង្វឹកយើងមានសិក្ខាកាមជានារីដល់ទី១០នាក់បានចូលរៀន»។
«កាលស៊ីហ្គេម ២០២៣ យើងមានកីឡាការិនីម្នាក់ទទួលបានមេដាយសំរិទ្ធ។ កីឡាការិនីជាម្ចាស់មេដាយសំរិទ្ធ និងកីឡាការិនីម្នាក់ទៀតយើងបានបញ្ជូនពួកគាត់ទៅហ្វឹកហាត់នៅចិនហើយ ដើម្បីត្រៀមកីឡាស៊ីហ្គេម នៅថៃឆ្នាំ២០២៥។ យើងកំពុងសម្រួចលើកីឡាការិនីដើម្បីបប្រជែងយកមេដាយលើឆាកអន្តរជាតិ។ មិនមែនមានន័យថា យើងអត់ផ្តោតលើបុរសទេ តាមពិតបុរសមានភាគច្រើនស្រាប់ហើយ គ្រាន់តែយើងបង្កើននារីឲ្យបានច្រើន»។ អ្នកគ្រូ សុថាវី បានបញ្ជាក់។

អ្នកគ្រូដែលជាគ្រូបង្វឹកជម្រើសជាតិ និងក៏ជាសិក្ខាកាមម្នាក់ដែលបានចូលរួមវគ្គបណ្តុះគ្រូបង្វឹកកម្រិត២នេះសង្ឃឹមថា វគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះនឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍកីឡាករ កីឡាការិនីលើកទម្ងន់នៅក្នុងប្រទេសកម្ពុជា ពីព្រោះកីឡាលើកទម្ងន់នេះមិនសូវមានសក្តានុពលទេ ស្របពេលធនធានកីឡាករ កីឡាការិនី ក៏ដូចជាគ្រូបង្វឹកមិនសូវសំបូរ។
វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាលើកទម្ងន់កម្រិត២ដែលមានគ្រូជំនាញ Aveennash Pandoo មកពីអាហ្វ្រិកខាងត្បូងមានសិក្ខាកាមមកពី៩ខេត្ត-រាជធានីគឺភ្នំពេញ សៀមរាប កណ្តាល បាត់ដំបង កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ចាម តាកែវ និងបន្ទាយមានន័យ ដែលសិក្សារហូតដល់៨ថ្ងៃ។

នេះជាលើកទី២ហើយដែលមានវគ្គបណ្តុះបណ្តាលលើជំនាញគ្រូបង្វឹកលើកទម្ងន់ បន្ទាប់ពីលើកទី១កាលពីឆ្នាំ២០២២ មានសិក្ខាកាម២៥នាក់ ក្នុងនោះមានស្រី៥នាក់ប៉ុណ្ណោះ ខណៈឆ្នាំ២០២៤មាននារីរហូតដល់១០នាក់៕








អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


