Connect with us

កីឡា

លោកគ្រូ​ Mattew ថា ដៃ​គូ​កាត​ក្រហម បែរ​ជា ព្រះ​ខ័ន​រាជ​ស្វាយរៀង ធ្លាក់​គុណភាពវិញ

បានផុស

នៅ

ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ៣-០ លើ​ក្រុម​ម្ចាស់​ផ្ទះ Shan United នៅ​ប្រទេស​មីយ៉ាន់ម៉ា យប់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ ២០២៥ សម្រាប់​ការ​ប្រកួត​លើក​ទី១ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ពាន​រង្វាន់​ក្លិប​កំពូល​អាស៊ាន ASEAN Club Championship រដូវ​កាល ២០២៥-២៦។

លោក Mattew McConkey
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​បាន​ត្រឹម​តែ ១១​នាទី​ប៉ុណ្ណោះ មិន រតនៈ ស៊ុត​ចូល​គ្រាប់​បាល់​នាំ​មុខ ១-០ បន្ទាប់​ពីខ្សែ​ប្រយុទ្ធ Patrick បញ្ជូន​បាល់​ឲ្យ​យ៉ាង​ល្អ។ ការ​ប្រកួត​​បន្ត​ទៅ​បាន​ ៨ នាទី​ទៀត ខ្សែ​ការពារ​សញ្ជាតិ​ជប៉ុន Ryuji Hirota របស់​ម្ចាស់​ផ្ទះ ត្រូវ​បាន​អាជ្ញា​កណ្តាល​ពិន័យ​កាតក្រហម​ដោយ​បណ្តេញ​ចេញ​ពី​ទី​លាន ដូច្នេះ​ Shan United មាន​គ្នា​តែ​ ១០​នាក់ លេង​ទល់​នឹង ព្រះ​ខ័ន​រាជ​ស្វាយរៀង ១១​នាក់។

បន្ទាប់​ពី​ដៃ​គូ​មាន​សមាជិក​តែ ១០ នាក់ ប៉ុន្តែ​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​តែ​មិន​អាច​បង្កើត​ឱកាស​បាន​ល្អ​តាម​រយៈ​បច្ចេកទេស​ឡើយ ហើយ​រក​បាន ២ គ្រាប់​បន្ថែម​នោះ​គឺ​ជា​គ្រាប់​បាល់​តែត​ចូល​​តាម​រយៈ​ការ​លើក​បាល់​ពី​ជ្រុង និង​ប៉េណាល់​ទី​១១​ម៉ែត្រ។ ពាក់​ព័ន្ធ​នឹង​ទម្រង់​លេង​នេះ  លោក Mattew McConkey គ្រូ​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​មើល​ឃើញ​ក្រុម​របស់​លោក​ធ្លាក់​ចុះ​គុណភាព បន្ទាប់​ពី​ដៃ​គូ​ទទួល​បាន​កាត​ក្រហម។

ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង

លោក​បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ការ​ប្រកួត​ថា ៖«បន្ទាប់​ពីឡាករ​របស់ Shan United ទទួល​បាន​កាត​ក្រហម ច្បាស់​ណាស់​គឺ​ជួយ​យើង ប៉ុន្តែ​ ក្រុម​​របស់​យើង​បែរ​ជា​​ធ្លាក់​ចុះ​កម្រិត​លេង​ទៅ​វិញ។ យើង​ត្រូវ​ការ​​​កែលំអ​ចំណុច​បែប​នេះ​ ដើម្បី​​ឲ្យ​កាន់​តែ​ស៊ី​សង្វាក់​គ្នា​។ បន្ទាប់​ពី​កាត​ក្រហម ពួក​យើង​ជួប​ការលំបាក​ទៅ​វិញ​ ដោយសារ​ពួក​គេ​​​ព្យាយាម​ការពារ​ច្រើន។ ទោះ​ជា​យ៉ាង​ណា ពួក​យើង​គ្រប់​គ្រង​ការ​ប្រកួត វា​ជា​ការ​ប្រកួត​វាយ​លុក និង​ការពារ។ ខ្ញុំ​គិត​ថា ប្រសិន​បើ ពួក​គេ​មិន​មាន​កាតក្រហម នោះ​ការ​លេង​របស់​ពួក​គេ​កាន់​តែ​ល្អ​ជាង​នេះ»។​

តាម​រយៈជ័យជម្នះ​នេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​៣ពិន្ទុ ឡើង​ទៅ​ឈរ​លើ​កំពូល​តារាង​បណ្តោះ​អាសន្ន ខណៈ​លេខ​២ ក្រុម​របស់​ម៉ាឡេស៊ី Johor Darul Tazim មាន​៣​ពិន្ទុ​ដែរ។

ការ​ប្រកួត​ទី​២​ក្នុង​ពាន​រង្វាន់​នេះ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​នឹង​ធ្វើ​ដំណើរទៅ​ប្រទេស​វៀតណាម ប៉ះ ក្រុម Nam Dinh នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ ២០២៥។ ការ​ប្រកួត​ទី​៣ ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​ក្រុម​ខ្លាំង​ម៉ាឡេស៊ី Johor Darul Tazim នៅ​ពហុកីឡដ្ឋាន​ជាតិ មរតក​តេជោ ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ ២០២៥។ ការ​ប្រកួត​ទី​៤ ​ទទួល​​ក្រុម​ខ្លាំង​របស់​ថៃ Bangkok United នៅពហុកីឡដ្ឋាន​ជាតិ មរតក​តេជោ ​ថ្ងៃ​ទី២៩ ខែ​មករា ឆ្នាំ ២០២៦ និង​ចុង​ក្រោយ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​សិង្ហបុរី ប៉ះ​ក្រុម Lion City Sailors នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ ២០២៦៕

តារាង​ពិន្ទុ​ពូល B

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម