ព័ត៌មានអន្ដរជាតិ
លោក Macron នឹងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីក្នុងរយៈពេល៤៨ម៉ោង
យោងតាមការចុះផ្សាយរបស់ BBC នាថ្ងៃព្រហស្បតិ៍ទី៩ខែតុលាឆ្នាំ២០២៥នេះ ប្រធានាធិបតីបារាំង Emmanuel Macron នឹងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីក្នុងរយៈពេល៤៨ម៉ោងខាងមុខ ដោយការតែងតាំងនេះមានគោលបំណងដើម្បីបញ្ចប់ភាពមិនប្រាកដប្រជានយោបាយជាច្រើនថ្ងៃ បន្ទាប់ពីនាយករដ្ឋមន្ត្រី Sébastien Lecornu បានលាលែងពីតំណែងកាលពីដើមសប្តាហ៍។

ប្រទេសបារាំងបានជាប់គាំងក្នុងវិបត្តិនយោបាយ ចាប់តាំងពីការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០២៤ នៅពេលដែលគ្មានគណបក្សណាមួយទទួលបានសំឡេងភាគច្រើនច្បាស់លាស់។ ប្រការនេះបានធ្វើឲ្យមានការលំបាកក្នុងការអនុម័តច្បាប់ និងកញ្ចប់ថវិកាជាតិ។ លោក Lecornu គឺជានាយករដ្ឋមន្ត្រីទី៣ហើយ ដែលលាលែងពីតំណែងក្នុងរយៈពេលតិចជាងមួយឆ្នាំ ដែលបង្ហាញពីការបែកបាក់យ៉ាងខ្លាំងនៅក្នុងសភាបារាំង។
យ៉ាងណាមិញ លោក Macron បានស្នើសុំឲ្យលោក Lecornu បន្តកាន់តំណែងរយៈពេលខ្លីសិន ដើម្បីជួបពិភាក្សាបន្ទាន់ជាមួយគណបក្សនយោបាយនានា។ នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ លោក Lecornu បាននិយាយថា ប្រទេសនេះនៅតែត្រូវការអនុម័តកញ្ចប់ថវិកាថ្មីមួយ ដែលលោកគ្រោងនឹងបង្ហាញនៅសប្តាហ៍ក្រោយ។ លោកបានជំរុញឲ្យសមាជិកសភាពិភាក្សាយ៉ាងហ្មត់ចត់ ជាជាងបដិសេធភ្លាមៗ។
ប្រទេសបារាំងក៏កំពុងតស៊ូជាមួយនឹងបំណុលជាតិដ៏ធំ ប្រហែល ៣,៤ពាន់ពាន់លានអឺរ៉ូ ឬ ១១៤% នៃ GDP របស់ខ្លួន ដែលជាកម្រិតខ្ពស់បំផុតមួយនៅក្នុងទ្វីបអឺរ៉ុប។
ទន្ទឹមនឹងនេះ លោក Macron កំពុងប្រឈមមុខនឹងសម្ពាធកើនឡើង។ មេដឹកនាំបក្សប្រឆាំងដូចជា លោកស្រី Marine Le Pen និងលោកស្រី Mathilde Panot កំពុងទាមទារឲ្យមានការបោះឆ្នោតថ្មី និងឲ្យលោក Macron លាលែងពីតំណែង។ សូម្បីអតីតសម្ព័ន្ធមិត្តរបស់លោក Macron មួយចំនួនក៏បានចាប់ផ្តើមរិះគន់គាត់ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ លោក Lecornu បាននិយាយថា នេះមិនមែនជាពេលវេលាសក្ដិសមនៅឡើយទេដើម្បីរកអ្នកជំនួសលោក Macron។
លោកបានមានប្រសាសន៍ថា៖ «ប្រទេសបារាំងត្រូវការស្ថិរភាព និងអ្នកដឹកនាំដ៏រឹងមាំមួយរូបនៅពេលនេះ»៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


