Connect with us

ព័ត៌មានជាតិ

អង្គការទស្សនៈពិភពលោកដាក់ឱ្យអនុវត្តកម្មវិធីជួយកុមារនៅស្រុកកែវសីមា ផ្ដោតលើការអប់រំ សុខភាព

បានផុស

នៅ

អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីតំបន់ថ្មី នៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខមាលភាពកុមារ និងការពង្រឹងសិទ្ធិអំណាចសហគមន៍ តាមរយៈគំនិតផ្តួចផ្តើមអភិវឌ្ឍន៍នានា។ កម្មវិធីនឹងត្រូវបានអនុវត្តក្នុងភាពជាដៃគូជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី មន្ទីរពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលនៅក្នុងតំបន់ សហគមន៍ រួមទាំងកុមារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីតំបន់កែវសីមា នឹងត្រូវអនុវត្តក្នុងឃុំចំនួន៥ ដូចជាឃុំចុងផ្លាស់ មេម៉ង់ ស្រែឈូក ស្រែខ្ទុម និងស្រែព្រះ ដែលមានចំនួនប្រជាជនសរុបជាង៣ម៉ឺននាក់ ដែលក្នុងនោះមានកុមារចំនួនជាង១២ ៣០០នាក់។ តាមរយៈការវាយតម្លៃកម្មវិធីនេះនឹងជួយដោះស្រាយនូវគម្លាតនៅក្នុងវិស័យអប់រំ សុខភាព អាហារូបត្ថម្ភ កិច្ចការពារកុមារ ទឹកស្អាត អនាម័យ និងជីវភាពរស់នៅ។

ការដាក់ឱ្យដំណើរកម្មវិធីតំបន់ថ្មីនេះ ចំពេលដែលស្រុកកែវសីមាកំពុងប្រឈមនឹងបញ្ហាមួយចំនួនក្នុងវិស័យអប់រំ សុខភាព ការការពារកុមារ និងទឹកស្អាត។ ជាការឆ្លើយតប កម្មវិធីតំបន់កែវសីមា មានគោលបំណងលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព និងកាត់បន្ថយអត្រាបោះបង់ការសិក្សា កែលម្អសុខភាពមាតា និងទារក និងអាហារូបត្ថម្ភ ពង្រឹងប្រព័ន្ធការពារកុមារ និងការយល់ដឹងរបស់សហគមន៍ ពង្រីកលទ្ធភាពទទួលបានទឹកស្អាត និងបរិក្ខារអនាម័យ និងគាំទ្រដល់ជីវភាពរស់នៅប្រកបដោយនិរន្តរភាព ទន្ទឹមនឹងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

អង្គការទស្សនៈពិភពលោកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន អ្នកដឹកនាំសហគមន៍ និងអង្គការដៃគូ ដើម្បីធានាថា អន្តរាគមន៍ទាំងនេះប្រកបដោយបរិយាបន្ន និងនិរន្តរភាព។

លោក ជេនេស អ៉ីម៉ានូអ៊ែលហ្គីនទីញ នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា លើកឡើងពីការចាប់ដៃសហការគ្នារវាងអង្គការទស្សនៈពិភពលោកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការចាប់ផ្តើមកម្មវិធីតំបន់កែវសីមានេះឡើង។ លោក គូសបញ្ជាក់ថា កិច្ចសហការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់កុមារ និងគ្រួសារដែលងាយរងគ្រោះ។

បើតាមលោក ជេនេស អង្គការទស្សនៈពិភពលោកនឹងពង្រឹងប្រព័ន្ធមូលដ្ឋាន ការកសាងសមត្ថភាពសហគមន៍ និងផ្តល់ដំណោះស្រាយប្រកបដោយនិរន្តរភាពក្នុងការអប់រំ សុខភាព ការការពារកុមារ និងទឹកស្អាត ស្របតាមការងារអាទិភាពរបស់រដ្ឋាភិបាល។ លោក និយាយដូច្នេះថា៖ «តួនាទីរបស់យើងគឺដើម្បីជួយបំពេញកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដោយធានាថារាល់អន្តរាគមន៍ពង្រឹងសិទ្ធិអំណាចដល់សហគមន៍ និងបង្កើតការផ្លាស់ប្តូរយូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម