ព័ត៌មានជាតិ
អ្នកតាមដានសង្គម និងប្រតិបត្តិករទេសចរណ៍ ជំរុញរដ្ឋាភិបាលចាត់វិធានការតឹងរឹងថែមទៀតលើបទល្មើសអនឡាញ
ក្រោយការស្លាប់យុវជនកូរ៉េខាងត្បូងម្នាក់ ដែលត្រូវបានចាប់ជំរិតក្នុងបទល្មើសអនឡាញប្រព្រឹត្តដោយឧក្រិដ្ឋជនបរទេស ក្នុងខេត្តកំពត បានក្លាយជាប្រធានបទក្ដៅសម្រាប់ការជជែកវែកញែកជាច្រើននៅលើបណ្ដាញសង្គម។ ខណៈរដ្ឋាភិបាលកូរ៉េខាងត្បូងបង្ហាញការប្រតិកម្ម និងស្នើចាត់វិធានការឆ្លើយតបទៅនឹងបញ្ហានេះបន្ទាន់។ សម្រាប់អ្នកតាមដានសង្គមនិងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ ក៏ជំរុញរដ្ឋាភិបាលកម្ពុជាខិតខំចាត់វិធានការឱ្យបានតឹងរឹងបន្ថែមទៀតលើករណីឧក្រិដ្ឋកម្មអនឡាញនេះ។

អ្នកតាមដានសង្គមកម្ពុជា លោកបណ្ឌិត ឈត ប៊ុនថង លើកឡើងថា បទល្មើសអនឡាញ គឺជាបញ្ហាសកលដែលកំពុងកើតមានឡើងក្នុងសម័យទំនើបនេះ ហើយកំពុងរីកសាយភាយស្ទើរពាសពេញពិភពលោក រួមទាំងកម្ពុជាក៏ជាប្រទេសរងគ្រោះពីបទល្មើសអនឡាញនេះដែរ។
ជុំវិញការប្រតិកម្មពីរដ្ឋាភិបាលកូរ៉េខាងត្បូង ក្រោយការស្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់នៅកម្ពុជានេះ លោកបណ្ឌិត ថា បទល្មើសអនឡាញកំពុងរាលដាលពីប្រទេសមួយទៅប្រទេសមួយ រាប់ទាំងប្រទេសកូរ៉េខាងត្បូងដែលមានប្រជាជនរងគ្រោះនោះ ក៏មានប្រជាជនកូរ៉េជាបណ្ដាញក្នុងការប្រព្រឹត្តនេះដែរ នៅក្នុងប្រទេសកម្ពុជា។ ក្នុងន័យនេះ លោកបានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការបង្កើនសមត្ថភាព និងការពួតដៃសហការជាសកល ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសនេះ ដែលកំពុងផ្ទុះខ្លាំងក្លាយជាក្ដីបារម្ភសម្រាប់ពិភពលោកទាំងមូល។

បណ្ឌិត ឈត ប៊ុនថង ក៏បានគូសរំលេចពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជាដែលបានបង្ក្រាបបទល្មើសអនឡាញជាបន្តបន្ទាប់ ទាំងក្របខណ្ឌផ្ទៃក្នុងប្រទេស ជាទ្វេភាគី និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ជំនួសឱ្យការរុញបញ្ហាដោយដាក់បន្ទុកតែទៅលើប្រទេសណាមួយនោះ ត្រូវបានបណ្ឌិតរូបនេះ និយាយថា៖ «ការរួមគ្នាដើម្បីតាមប្រមាញ់ ដើម្បីពង្រឹងសហប្រតិបត្តិការបង្ក្រាប Scam online គឺជារឿងដែលគួរធ្វើ ជាជាងការស្ដីបន្ទោសដាក់គ្នា»។
ពាក់ព័ន្ធទៅនឹងកិច្ចការបង្ក្រាបបទល្មើសអនឡាញនេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីបាស៊ីហ្វិក (PATA) ក៏បានបង្ហាញទស្សនៈស្រដៀងគ្នានឹងអ្នកតាមដានសង្គមខាងលើ ដោយលោក បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបង្កើនកិច្ចសហការជាមួយបណ្ដាប្រទេសជាមិត្ត ក្នុងការចាត់វិធានការបង្ក្រាបបទល្មើសអនឡាញនៅកម្ពុជាឱ្យទាន់ពេលវេលា ដើម្បីរក្សាកេរ្តិ៍ឈ្មោះកម្ពុជា ជាពិសេសរក្សាបាននូវស្ថិរភាពក្នុងវិស័យទេសចរណ៍។

លោក ធួន ស៊ីណាន បានលើកឡើងតាមរយៈកម្ពុជាថ្មី នៅថ្ងៃទី១៥ ខែតុលានេះ ថា បទល្មើសអនឡាញដែលបាននិងកំពុងកើតមានឡើងនៅកម្ពុជាពេលនេះ គឺវាបានបង្ហាញនូវភាពមិនល្អជាច្រើន រាប់ទាំងការជះឥទ្ធិពលមួយចំនួនធំទៅលើវិស័យទេសចរណ៍ ជាពិសេសនោះគឺភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជាតែម្ដង។ ខណៈក្រសួងទេសចរណ៍ ដែលជាសេនាធិការរបស់រដ្ឋាភិបាល សហការជាមួយវិស័យឯកជន កំពុងខិតខំយ៉ាងខ្លាំងក្លាក្នុងការកៀរគរទេសចរឱ្យមកកម្ពុជាកាន់តែច្រើនថែមទៀត តាមរយៈការផ្សព្វផ្សាយពីសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជា។

ក្នុងន័យនេះ លោកសង្កត់ធ្ងន់ថា រដ្ឋាភិបាលមានកាតព្វកិច្ចចាំបាច់ក្នុងការបង្ក្រាបឱ្យខានតែបាននូវពួកឧក្រិដ្ឋជនអនឡាញ ពីព្រោះវាបានប៉ះពាល់ទាំងសេដ្ឋកិច្ចជាតិ និងថែមទាំងប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះរបស់កម្ពុជាលើវេទិកាអន្តរជាតិ។ ប៉ុន្តែយ៉ាងណាក្ដី លោកក៏បានទទួលស្គាល់ពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាដែលបានបើកប្រតិបត្តិការបង្ក្រាបទីតាំងលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញជាច្រើនកន្លែងនៅទូទាំងប្រទេស ដោយឃាត់ខ្លួននូវជនល្មើសរាប់សិបនាក់ ដែលភាគច្រើនជាជនបរទេស។

សម្រាប់ករណីដែលជនជាតិកូរ៉េខាងត្បូងបានស្លាប់នៅកម្ពុជា ដោយសារពាក់ព័ន្ធនឹង Scamming ក៏ដូចជាការចាប់ជំរិត នាពេលថ្មីៗនេះ លោក ធួន ស៊ីណាន ថា ជាការពិតមិនអាចបដិសេធបាន ដែលទង្វើឧក្រិដ្ឋកម្មនេះកើតឡើងនៅលើទឹកដីកម្ពុជា។
ក៏ប៉ុន្តែ លោកទាញការចាប់អារម្មណ៍ពាក់ព័ន្ធនឹងបទសល្មើសអនឡាញដែលកំពុងកើតមានឡើងពេលនេះ ថា អាចមានក្រុមទី៣ ក្នុងការព្យាយាមផ្សព្វផ្សាយមិនល្អពីកម្ពុជា ដោយបំផ្លើសហួសពីការពិត ក្រោមរូបភាពចោទប្រកាន់ដោយដាក់បន្ទុកតែលើកម្ពុជា ក្នុងចេតនាសម្អុយឈ្មោះកម្ពុជាប៉ុណ្ណោះ។ ត្រង់ចំណុចនេះ លោក ថា ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្ន និងពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ។ ខណៈបើនិយាយពីចំនួនប្រជាជនខ្មែរស្លាប់នៅកូរ៉េ ដោយសារជនជាតិកូរ៉េធ្វើបាប ឬសម្លាប់នៅក្នុងប្រទេសកូរ៉េនោះ វាច្រើនជាងចំនួនជនជាតិកូរ៉េដែលរងគ្រោះនៅកម្ពុជាទៅទៀត៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៧ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


