Connect with us

កីឡា

ទីបំផុត! សែន រ៉ាដេត បំពេញបំណង ជើងខ្លាំងជប៉ុន Morioka ដែលចង់ជួបកីឡាករគុនខ្មែរ

បានផុស

នៅ

អ្នកប្រដាល់គុនខ្មែរ សែន រ៉ាដេត នឹងត្រូវទទួលភារកិច្ចថ្មីមួយ ដោយត្រូវឆ្លងដែនទៅប្រទេស ជប៉ុន ដើម្បីជួបជាមួយកីឡាករម្ចាស់ផ្ទះ Morioka Yuki នៅសង្វៀន Knock Out ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥។

កីឡាករសែន រ៉ាដេត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយសង្វៀន Knock Out ប្រកាសអំពីជំនួបរវាងកីឡាករទាំង ២ នៅថ្ងៃ ពុធ ទី ២២ ខែ តុលា ឆ្នាំ ២០២៥ បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ពីព្រោះ Morioka Yuki ធ្លាប់បានប្រកាស ថា «រូបគេចង់សាកល្បងជាមួយកីឡាករគុនខ្មែរ» បន្ទាប់ពីឃើញ ម៉ឺន មេឃា អេ អាំម៉ារីនភូថង និងកីឡាករគុនខ្មែរប៉ុន្មានរូបទៀត បានយកឈ្នះមិត្តរួមជាតិរបស់គេនៅទីនោះ។

ខិត្តប័ណ្ណផ្សព្វផ្សាយការប្រកួត

សែន រ៉ាដេត បានក្លាយជាកីឡាករគុនខ្មែរដំបូងគេ ដែលនឹងបំពេញបំណងជូនកីឡាករ ជប៉ុន វ័យ ៣១ ឆ្នាំរូបនេះ។ ទោះបីជាយ៉ាងណា ការទទួលភារកិច្ចនេះ អាចថាមិនមែនជារឿងងាយស្រួលប៉ុន្មានឡើយសម្រាប់កីឡាករគុនខ្មែរ ត្រូវជាប្អូនប្រុសបង្កើតរបស់អតីតកីឡាករម្ទេសខ្មាំង សែន រ៉ាឌី ព្រោះថាគេគឺជាម្ចាស់ផ្ទះ ហើយម្យ៉ាងទៀត Morioka នេះ ជាជើងខ្លាំងមួយរូបក្នុងទម្ងន់ ៥៤ ទៅ ៥៧ គីឡូក្រាមនៅ ជប៉ុន។

ដកស្រង់ប្រវត្តិត្រួសៗ Morioka Yuki បច្ចុប្បន្នជាម្ចាស់ខ្សែក្រវាត់របស់សង្វៀន Knock Out ២ ខ្សែ ក្នុងនោះមាន Knock Out Red និង Knock Out Black។ កីឡាករ ធ្លាប់ឡើងសង្វៀនអាជីពចំនួន ៣៥ ដង ក្នុងនោះឈ្នះ ២១ ដង (ផ្តួលដៃគូឱ្យបោះបង់ការប្រកួត ១៣ ដង) ចាញ់ ១១ ដង និងស្មើ ៣ ដង។

Morioka Yuki

Morioka Yuki ក៏ធ្លាប់ឡើងសង្វៀន ONE ផងដែរកាលពីខែ ឧសភា ឆ្នាំ ២០២៤ ដោយពេលនោះរូបគេបានយកឈ្នះលើកីឡាករ អ៊ីរ៉ង់ Peyman Zolfaghari ដោយផ្តួលឱ្យសន្លប់ទឹកទី ១។ ដោយឡែកការប្រកួតចុងក្រោយរបស់កីឡា ជប៉ុន រូបនេះ គឺបានយកឈ្នះមិត្តរួមជាតិ FUKUDA Takumi កាលពីខែ កញ្ញា កន្លងទៅ និងដណ្តើមបានខ្សែក្រវាត់ Knock Out Black មួយគ្រឿង។

រឿងដ៏ចាប់ចាប់អារម្មណ៍មួយទៀត សម្រាប់ Morioka Yuki គឺរូបគេមានកណ្តាប់ដៃត្រង់ និងលឿនខ្លាំង ហើយម្យ៉ាងទៀតកណ្តាប់ដៃរបស់គេក៏ធ្ងន់ផងដែរ។ ជាក់ស្តែងការផ្តួលដៃគូរបស់គេទាំង ១៣ លើក ភាគច្រើនសុទ្ធតែតាម​រយៈ​កណ្តាប់​ដៃ។ យ៉ាងណា សែន រ៉ាដេត របស់ កម្ពុជា ក៏ជាជើងខ្លាំងមួយរូបផងដែរ ដោយរូបគេជាកីឡាករមួយរូបសម្បូរទាំងសាច់ស្នៀត និងបទពិសោធ។ ដូច្នេះការប្រកួតនេះ ធានាថានឹងកក្រើកសម្រាប់អ្នកគាំទ្រទាំងសងខាង។

គួរឱ្យដឹងថា ក្រៅអំពីសែន រ៉ាដេត គឺមានកីឡាករ កីឡាការិនីគុនខ្មែរ ៤ នាក់ទៀត ដែលត្រូវអមដំណើទៅជាមួយផងដែរ រួមមាន រស្មី គុនខ្មែរ ទូច ចាន់វត្តី មាស ប៊ុនថេន និង ផានិត គុនខ្មែរ៕

គូ រស្មី គុនខ្មែរ
គូ ទូច ចាន់វត្តី
គូ មាស ប៊ុនថេន
គូ ផានិត គុនខ្មែរ

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម