Connect with us

ព័ត៌មានជាតិ

ជំនាញលើការងារបង្ក្រាបគ្រឿងញៀន លោក សារី បុត្រសត្យា ត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តស្ទឹងត្រែង

បានផុស

នៅ

នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ត្រូវបានប្រកាសចូលកាន់តំណែងជាស្នងការនគរបាលខេត្តស្ទឹងត្រែង ជំនួសលោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ដែលត្រូវបានផ្ទេរទៅកាន់តំណែងថ្មីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រកាសចូលកាន់តំណែងរបស់ស្នងការនគរបាលខេត្តស្ទឹងត្រែងថ្មីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួមពីសំណាក់លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។

ការផ្លាស់ប្តូរនេះ លោកនាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា ក្នុងគោលបំណងដើម្បីកែលម្អនូវប្រសិទ្ធភាពដឹកនាំ និងបង្កើនសមត្ថភាពអង្គភាពនគរបាលឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ក្នុងន័យនេះ លោកនាយឧត្តមសេនីយ៍ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងកម្លាំងនគរបាលខេត្តស្ទឹងត្រែងឱ្យបន្តរក្សាសាមគ្គីភាពផ្ទៃក្នុង បំពេញភារកិច្ចដោយភាពចិត្តអំណត់ និងវិជ្ជាជីវៈខ្ពស់។

ដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា មុនពេលទទួលបានតំណែងស្នងការនគរបាលខេត្តស្ទឹងត្រែង បានបម្រើការងារជាអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកនាយឧត្តមសេនីយ៍ អគ្គស្នងការ បានជំរុញឱ្យស្នងការថ្មីរូបនេះ ប្រើប្រាស់បទពិសោធន៍ និងចំណេះដឹងដើម្បីអនុវត្តការងារបានប្រសើរជាងមុន ជាពិសេសត្រូវផ្តោតសកម្មភាពបង្ក្រាបបទល្មើសគ្រឿងញៀន រួមទាំងបទល្មើសផ្សេងៗដែលប៉ះពាល់ដល់សន្តិសុខសង្គម។

លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា បានប្តេជ្ញាចិត្តបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពថែមទៀត និងបន្តសម្របសម្រួលការងារយ៉ាងសាមគ្គីជាមួយថ្នាក់ដឹកនាំខេត្ត និងអង្គភាពពាក់ព័ន្ធ ដើម្បីធានាថែរក្សានូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសាធារណៈ និងការអភិវឌ្ឍខេត្តស្ទឹងត្រែងឱ្យកាន់តែរីកចម្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម