Connect with us

សេដ្ឋកិច្ច

​កម្ពុជា​រកចំណូល​បាន​ $១៣២ លាន​ ​ពី​ការ​នាំចេញ​ផ្លែ​ចេក​ស្រស់ត្រឹមរយៈពេល ៩ ខែ ​

បានផុស

នៅ

​កម្ពុជា​រក​ចំណូល​បាន​ចំនួន​ ១៣២ លាន​ដុល្លារ ​ពី​ការ​នាំ​ចេញ​ផ្លែ​ចេក​ស្រស់ ​នៅ​ក្នុង​រយៈពេល ​៩ ខែ (មករា-កញ្ញា) ​ឆ្នាំ ២០២៥ ​កើន​ឡើង ​២០,៥៦ ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ ២០២៤ ​ដែល​សម្រេច​បាន ១១០ ​លាន​ដុល្លារ។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឃឹម ហ្វីណង់ ​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទមានប្រសាសន៍ថា ​ការ​​​នាំ​​​​ចេញ​​​ចេក​ស្រស់​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​បរទេស​មាន​ការ​កើនឡើង​​ដោយ​សារ​តែមានតម្រូវ​ការខ្ពស់។

​អ្នកស្រី ហេង ដាវី ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន ឡុង ស្រេង ចម្ការ​ចេក​នៅ​ក្នុង​ស្រុក​ស្ទឹងត្រង់បាន​ប្រាប់​សារព័ត៌មានថា បច្ចុប្បន្ន​មាន​ទីផ្សារ​​ប្រទេស​ធំ​ពីរ​ដែល​ក្រុមហ៊ុន​បាន​នាំ​ចេញ​មាន​ទីផ្សារ​​ប្រទេស​ចិន និង​ជប៉ុន។ ​

អ្នកស្រី ហេង ដាវី បញ្ជាក់ថា ​ក្នុង​មួយ​ថ្ងៃ​ក្រុមហ៊ុន​ត្រូវ​កាប់​ចេក​ចេញ​ពី​ចម្ការ​ពី ៦ ទៅ ៧ ពាន់​ស្និត​ដើម្បី​វេច​ខ្ចប់​នាំចេញ ដែល​មួយ​ថ្ងៃ​​​យ៉ាងហោចណាស់មានពី​​ ៣ កុងតឺន័រ និង​អាច​ឈាន​ដល់ ១០ កុងតឺន័រ​ នៅ​ពេល​មាន​តម្រូវការ​ខ្ពស់ ដែល​ភាគ​ច្រើន​នាំ​ទៅ​ទីផ្សារ​​​ប្រទេស​ចិន​និង​ជប៉ុន ខណៈ​ទីផ្សារ​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច។

នៅក្នុងឆ្នាំ ២០២៤ កម្ពុជារកចំណូលបានជាង ១៣៨ លានដុល្លារ ពីការនាំចេញ​ចេក​ស្រស់ មានការធ្លាក់ចុះជាង ១១% ធៀបនឹងឆ្នាំ ២០២៣។

​កម្ពុជា​មាន​ផ្ទៃដី​ដាំ​ដុះ​ចេក​ប្រមាណ​ជាង​ ១៦ ​ពាន់​ហិកតា និង​ផ្ទៃដី​កំពុង​​ប្រមូល​ផល​ជាង​១១​ពាន់​ហិកតា ដោយ​ក្នុងនោះ​ខេត្ត​ដែលមាន​ដាំ​ដុះ​ចេក​ច្រើនជាងគេ រួម​មាន​​ខេត្តរតនគិរី ក្រចេះ ស្ទឹង​ត្រែង កំពត កំពង់ចាម និងខេត្តកំពង់ស្ពឺ​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម