Connect with us

ជីវិតកម្សាន្ដ

ពេជ្រ ចរណៃ នឹងនាំយកមរតកគុនល្បុក្កតោ ទៅបង្ហាញក្នុងព្រឹត្តិការណ៍បុណ្យអុំទូកនៅក្រុងសៀមរាប សប្តាហ៍ក្រោយនេះ

បានផុស

នៅ

ក្រោយជោគជ័យក្នុងការរៀបចំកម្មវិធី «ឥទ្ធិពលនៃវប្បធម៌ ជាសម្រស់នារីខ្មែរសម័យថ្មី» ក្នុងន័យដើម្បីផ្សព្វផ្សាយគុនល្បុក្កតោរបស់ខ្មែរ កាលពីពាក់កណ្តាលខែតុលាកន្លងទៅ កញ្ញា ពេជ្រ ចរណៃ បានប្រកាសនូវការចូលរួមលើកស្ទួយគុនល្បុក្កតោជាថ្មី ក្នុងមហាព្រឹត្តិការណ៍ផ្ទាំងទស្សនីយភាពសិល្បៈវប្បធម៌ខ្មែរចម្រុះ នាថ្ងៃទី ៥-៦ ខែវិច្ឆិកាខាងមុខនេះ ក្នុងក្រុងសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ពេជ្រ ចរណៃ ជាតារាសម្តែង និងជាគ្រូគុនល្បុក្កតោមួយរូប ដែលតែងសកម្មក្នុងការចូលរួមចំណែកផ្សព្វផ្សាយ និងលើកស្ទួយវប្បធម៌ក្បាច់គុនបុរាណខ្មែរ តាមរយៈការចូលរួមសម្តែងក្បាច់គុនក្នុងព្រឹត្តិការណ៍ជាតិ ក៏ដូចជាតាមកម្មវិធីនានា ខណៈថ្មីៗនេះ កញ្ញាទើបតែបើកសាលាគុនល្បុក្កតោ តេជ័យតេជៈ ដើម្បីរួមរក្សាមរតកក្បាច់គុនខ្មែរដល់កូនខ្មែរជំនាន់ក្រោយ។

ជាមួយនឹងការបំផុសគំនិតចូលរួមលើកស្ទួយមរតកក្បាច់គុនល្បុក្កតោនេះដែរ ពេជ្រ ចរណៃ កាលពីពាក់កណ្តាលតុលាកន្លងទៅថ្មីៗនេះ បានសហការជាមួយនឹងក្រុមហ៊ុនគ្រឿងសម្អាងធំមួយប្រចាំកម្ពុជា ក្នុងការរៀបចំកម្មវិធី «ឥទ្ធិពលនៃវប្បធម៌ ជាសម្រស់នារីខ្មែរសម័យថ្មី» ដើម្បីចូលរួមលើកស្ទួយគុនល្បុក្កតោខ្មែរ។ មិនតែប៉ុណ្ណោះ ក៏មានគម្រោងបន្តរៀបចំនៅតាមបណ្តាខេត្តក្រុងនានាផងដែរ ដោយចាត់ទុកជាផ្នែកមួយនៃចលនាចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោក បានស្គាល់ពីគុនខ្មែរកាន់តែទូលំទូលាយ។

គួរឱ្យដឹងដែរថា កម្មវិធី “ឥទ្ធិពលនៃវប្បធម៌ជាសម្រស់នារីខ្មែរសម័យថ្មី” ដែលទើបរៀបចំធ្វើកាលពីពាក់កណ្តាលខែតុលាកន្លងទៅ មិនត្រឹមតែបានបង្ហាញពីឈុតឆាកគុនល្បុក្កតោពីសំណាក់កញ្ញា​ ពេជ្រ ចរណៃ និងគ្រូ ព្រមទាំងកូនសិស្សគុនល្បុក្កតោនោះទេ តែអ្នកចូលរួមក៏មានឱកាសបានស្លៀកឈុតគុនល្បុក្កតោដូចគ្នាដែរ​ ដើម្បីចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោកផងដែរ។

ក្នុងកម្មវិធីនេះដែរ ក៏មានការចូលរួមទស្សនាពីសំណាក់សាធារណជនខ្មែរជាច្រើន ព្រមទាំងជនបរទេសផងដែរ និងបានសម្ភាសដោយផ្ទាល់ជាមួយកញ្ញាផ្ទាល់ទៀតផង។ ស្របនឹងការតស៊ូបំផុសផ្សព្វផ្សាយក្បាច់គុនល្បុក្កតោជាហូរហែរ តែ ពេជ្រ ចរណៃ ក៏មិនដែលភ្លេចបង្ហាញនូវការដឹងគុណចំពោះវីរភាពរបស់លោកគ្រូតាក្រមាមាស ក្បាច់គុនល្បុក្កតោ សាន គឹមស៊ាន នៅដែរ។

ដោយមើលឃើញនូវគុណតម្លៃ នៃការផ្សព្វផ្សាយមរតកក្បាច់គុនបុរាណខ្មែរ ពេជ្រ ចរណៃ ក៏តែងអំពាវនាវជារឿយៗឱ្យសាធារណជនខ្មែរចូលរួមលើកស្ទួយ និងផ្សព្វផ្សាយមរតកក្បាច់គុនដ៏ផូរផង់របស់ខ្មែរឱ្យបានផុសផុល។ ទន្ទឹមនេះ​ កញ្ញាក៏ប្រកាសពីជំហានបន្ទាប់របស់ខ្លួនផងដែរ តាមរយៈការបង្ហាញ និងផ្សព្វផ្សាយពីក្បាច់គុនល្បុក្កតោ នាថ្ងៃទី ៥ -៦ ខែវិច្ឆិកាខាងមុខនេះ នៅសួនច្បារ មាត់ស្ទឹងសៀមរាប ចាប់ពីម៉ោង ៦ល្ងាច ក្នុងមហាព្រឹត្តិការណ៍ ផ្ទាំងទស្សនីយភាពសិល្បៈវប្បធម៌ខ្មែរចម្រុះជាច្រើន ដោយសង្កត់ធ្ងន់ថា “ចូលរួមផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ជាតិយើងទៅកាន់ពិភពលោកទាំងអស់គ្នា”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម