Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារអំពាវនាវគ្រប់ភាគីពាក់ព័ន្ធរួមគ្នាលើកកម្ពស់ផលិតភាពការងារដើម្បីឲ្យការប្រកួតប្រជែងកាន់តែមានប្រសិទ្ធភាព

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមលើកកម្ពស់ផលិតភាពការងារនៅក្នុងស្រុកឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត​ ដើម្បីឱ្យការប្រកួតប្រជែងផលិតផលរបស់យើងកាន់តែមានប្រសិទ្ធភាព និងទទួលបានការគាំទ្រកាន់តែច្រើននៅលើឆាកអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីចុងសប្តាហ៍កន្លងទៅនេះ បានមានប្រសាសន៍ថា គ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមក្នុងកិច្ចការនេះឱ្យទូលំទូលាយ ទាំងកម្រិតជាតិ កម្រិតវិស័យឯកជន កម្រិតសហគ្រាស គ្រឹះស្ថាន និងកម្រិតកម្មករនិយោជិតម្នាក់ៗ។ ក្នុងនោះនៅកម្រិតវិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហការគ្នា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ ចាប់យកមកអនុវត្តនូវស្តង់ដា និងការអនុវត្តល្អៗ ព្រមទាំងផ្តល់ការបណ្តុះបណ្តាលលើកកម្ពស់ជំនាញកម្លាំងពលកម្មជាក់លាក់តាមវិស័យនីមួយៗ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ចំណែកនៅកម្រិតសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុននីមួយៗជាអ្នកនាំមុខ ក្នុងការផ្តួចផ្តើមដើម្បីចាប់យកផ្នត់គំនិតបត់បែនលឿន និងភាពស្របគ្នាល្អ, ការធ្វើនវានុវត្តន៍ និងវិនិយោគលើបច្ចេកវិទ្យា សំដៅឱ្យការប្រកួតប្រជែងកាន់តែមានប្រសិទ្ធភាព។ រីឯកម្មករនិយោជិតវិញ ត្រូវប្រកាន់យកនូវឥរិយាបថ និងផ្នត់គំនិតក្នុងការបន្តលើកកម្ពស់ និងពង្រីកជំនាញ ឱ្យមានភាពបត់បែនលឿន ឆ្លើយតបទាន់ទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។ លើសពីនេះទៀត សហជីពក៏មានតួនាទីយ៉ាងសំខាន់ ក្នុងការជួយកម្មករនិយោជិតឱ្យទទួលបានជំនាញថ្មី និងរក្សាទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយភាពសុខដុមរមនា។

លោក រដ្ឋមន្ត្រីបានបញ្ជាក់ថា ការពង្រឹងជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងជំនាញបច្ចេកវិទ្យា គឺជាកត្តាចាំបាច់បំផុតនាពេលបច្ចុប្បន្នដើម្បីឆ្លើយតបនឹងបម្រែបម្រួលយ៉ាងលឿន ជាពិសេសឌីជីថលនីយកម្ម និងស្វ័យប្រវត្តិកម្ម ការលើកកម្ពស់ផលិតភាព ដោយប្រែក្លាយកម្លាំងពលកម្មជំនាញ និងមានផលិតភាពខ្ពស់។

លោក រដ្ឋមន្ត្រីបានបន្តទៀតថាពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥នេះគឺជាវេទិកាមួយផ្តល់ឱកាសឱ្យអ្នកស្វែងរកការងារ អាចជួបដោយផ្ទាល់ និងសម្ភាសន៍ភ្លាមៗជាមួយនិយោជក ដែលកំពុងមានតម្រូវការជ្រើសរើសកម្លាំងពលកម្មជាក់ស្តែងចំនួនជាង ៣ម៉ឺនកន្លែង។ ទន្ទឹមនេះ វាគ្មិនជាច្រើនរូប នឹងចែករំលែកបទពិសោធក្នុងការចាប់យកអាជីព ចំណេះដឹង ចំណេះធ្វើ សំដៅដល់ការបណ្តុះផ្នត់គំនិត កែប្រែឥរិយាបថ និងបង្កើនការយល់ដឹងអំពីផលិតភាព និងការប្រកួតប្រជែង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម