Connect with us

សន្តិសុខសង្គម

អភិបាលខេត្តកំពតជំរុញឲ្យមន្ត្រីបង្កើនការរក្សាសន្តិសុខ និងហាមមិនឲ្យដំឡើងថ្លៃគ្រប់សេវាកម្មក្នុងឱកាសបុណ្យអុំទូក

បានផុស

នៅ

លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានជំរុញដល់អាជ្ញាធរក្រុង-ស្រុកទាំង៩ និងកងកម្លាំងទាំងអស់ ត្រូវថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនភ្ញៀវទេសចរឱ្យបានល្អ និងហាមដាច់ខាតមិនឱ្យមានការដំឡើងថ្លៃលើគ្រប់សេវាកម្មទាំងអស់ ដើម្បីទាក់ទាញទេសចរឱ្យមកសម្រាកលម្ហែកម្សាន្តកាន់តែច្រើននៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ម៉ៅ ធនិន លើកឡើងថា ក្រោមកិច្ចចង្អុលបង្ហាញការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានជំរុញឱ្យខេត្តកំពតដែលមានសក្តានុពលលើវិស័យទេសចរណ៍ដែលត្រូវបានរៀបចំកែច្នៃ និងអភិវឌ្ឍផ្សែងទេសចរណ៍​ឱ្យកាន់តែមានភាពទាក់ទាញ ក្នុងន័យដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពរីកចម្រើន។

លោក ម៉ៅ ធនិន បន្ថែមថា ក្រោយរដ្ឋបាលខេត្តបានរៀបចំឡើងនូវឆ្នេរខ្សាច់កម្សាន្ត រូបសំណាកត្រីសេះសមុទ្របាញ់ទឹក នាឡិការយក្ស និងសួនទឹករាំតាមចង្វាក់ភ្លេង បានធ្វើឱ្យកំណើនភ្ញៀវទេសចរមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលរាល់ពេលបុណ្យទាន និងថ្ងៃឈប់សម្រាកខ្លះមានភ្ញៀវទេចរមកលេងកម្សាន្តចន្លោះពី ៤ម៉ឺន ទៅ ៥ម៉ឺននាក់។ កត្តាដែលនាំឱ្យភ្ញៀវទេសចរមានទំនុកចិត្ត និងដើរលេងកម្សាន្តដោយសប្បាយរីករាយក្នុងខេត្តនោះ ក៏ដោយសារតែការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើរពីសំណាក់អាជ្ញារ និងកងកម្លាំងទាំងអស់ផងដែរ ដូច្នេះអាជ្ញាធរក្រុង-ស្រុកទាំងអស់ រួមនឹងកងកម្លាំងគ្រប់ប្រភេទត្រូវបន្តធ្វើយ៉ាងណាថែរក្សាសន្តិសុខសណ្តាប់ធ្នាប់​សាធារណៈ ជូនភ្ញៀវទេសចរ ដែលមកលេងកម្សាន្តក្នុងខេត្តនាឱកាសថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលខាងមុខឱ្យបានល្អប្រសើរបំផុត បើទោះបីកន្លងមកពុំមានភាពមិនប្រក្រតីណាមួយកើតឡើងក៏ដោយ។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់អាជីវករ សេវាករ និងអ្នកផ្តល់សេវាកម្មគ្រប់ផ្នែកទាំងអស់តាមរយៈមន្ទីរទេសចរណ៍ មិនត្រូវមានការដំឡើងថ្លៃខុសពីថ្ងៃធម្មតានោះឡើយ ហើយត្រូវរួមគ្នាទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរដែលបានមកលេងកម្សាន្តក្នុងខេត្តឱ្យបានល្អប្រសើរ ដើម្បីរួមគ្នាលើមុខមាត់ខេត្ត និងទទួលបានភ្ញៀវទេសចរ កាន់តែច្រើនបន្ថែមទៀត។

គួរជម្រាបថា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំនេះ ខេត្តកំពតមិនមានការរៀបចំធ្វើពិធីប្រណាំងទូក.ង និងកម្មវិធីកម្សាន្តសប្បាយនោះទេ តែទោះជាយ៉ាងណាមន្ត្រីជំនាញរំពឹងថា ខេត្តនឹងមានភ្ញៀវទេសចរមកសម្រាកលម្ហែកម្សាន្តច្រើន ខណៈមកទល់ពេលនេះ សណ្ឋាគារ បឹងហ្គាឡូ រីស៊ត និងផ្ទះសំណាក់ត្រូវបានកក់ពេញ។

បើតាមលោក ម៉ៅ ធនិន ខេត្តកំពតមានរមណីយដ្ឋាន សហគមន៍ និងគោលដៅទាក់ទាញទេសចរណ៍សរុបចំនួន ៤២កន្លែង កំពុងដំណើរការផ្តល់សេវាកម្ម ព្រមទាំងសេវាកម្មស្នាក់នៅគ្រប់កម្រិតមានចំនួន ៣៤២កន្លែង ស្មើនឹង ៥,១០៣បន្ទប់៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម