Connect with us

ព័ត៌មានជាតិ

ទីស្តីការគណៈរដ្ឋមន្រ្តី កំពុងធ្វើទំនើបកម្មបណ្ណសារ(ឯកសារប្រវត្តិសាស្រ្ត)ស្គែនចូលប្រព័ន្ធកុំព្យូទ័រ

បានផុស

នៅ

ទីស្តីការគណៈរដ្ឋមន្រ្តី បាននិងកំពុងអភិរក្សបណ្ណសារ(កម្រងឯកសាររក្សាទុកជាប្រវត្តិ) ដែលកំពុងប្រឈមហានិភ័យ ជាពិសេសការជួសជុល និងស្គែនឯកសារដែលមានសភាពពុកផុយ ដើម្បីរក្សាទុកនៅក្នុងប្រព័ន្ធកុំព្យូទ័រឱ្យបានគង់វង្ស និងដើម្បីឈានទៅដល់ដំណើការធ្វើឌីជីថលូបនីយកម្មឯកសារទាំងនោះ (Digitalization)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្វើកែទម្រង់ ការធ្វើទំនើបកម្ម និងការអភិវឌ្ឍបណ្ណសារដ្ឋានជាតិ(កន្លែងទុកបណ្ណសារ) គឺជាកិច្ចការចំាបាច់បំផុតមួយ ជាពិសេសក្នុងបរិការណ៍បច្ចុប្បន្ន ដើម្បីធ្វើឱ្យបណ្ណសារដ្ឋានជាតិក្លាយជាកន្លែងមានស្តង់ដា ក្នុងការទាក់ទាញអ្នកស្រាវជ្រាវ និងជាស្ថាប័នតម្កល់ឯកសារឈានមុខរបស់ជាតិ ប្រកបដោយនវានុវត្តន៍ សំដៅចូលរួមចំណែកក្នុងការផ្តល់នូវចំណេះដឹង, ការការពារ និងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការពង្រឹងការចងចាំអត្តសញ្ញាណជាតិ និងវប្បធម៌ស្នេហាជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។ នេះបើតាមការលើកឡើងរបស់ ឧបនាយករដ្ឋមន្រ្តីប្រចាំការលោក វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាបណ្ណសារ នៅក្នុងសិក្ខាសាលាស្តីពី «បណ្ណសារ និងការចងចាំជាតិ៖ ឆ្ពោះទៅខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា» កាលពីថ្ងៃ ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ប្រធានក្រុមប្រឹក្សាបណ្ណសារ

លោកគូសបញ្ជាក់ថា៖« បណ្ណសារ គឺជារតនសម្បត្តិដ៏មានតម្លៃរបស់ប្រទេសនីមួយៗ ដែលផ្ទុកនូវព័ត៌មានពិតជាក់ស្ដែង និងជាភស្ដុតាងប្រវត្តិសាស្ត្រ នៃការវិវត្តរបស់សង្គមជាតិ និងជាប្រភពសម្រាប់ការសិក្សាស្រាវជ្រាវ និងជាបទពិសោធសម្រាប់អភិវឌ្ឍប្រទេសជាតិ។ ដូច្នេះហើយ បានជាប្រទេសទាំងអស់នៅលើពិភពលោក ជាពិសេសបណ្តាប្រទេសអភិវឌ្ឍបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារគ្រប់គ្រងថែរក្សាឯកសារ និងបណ្ណសារនេះ»។

ម្យ៉ាងវិញទៀត ការគ្រប់គ្រងថែរក្សាឯកសារនិងបណ្ណសារឱ្យបានល្អត្រឹមត្រូវ ក៏ជាកត្តាមួយដ៏សំខាន់ក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយផងដែរ។ លោកបានគូសរំលេចថា៖«ពិតណាស់ មនុស្សអាចបាត់បងជីវិតទៅបាន ប៉ុន្តែបណ្ណសារដែលកត់ត្រាពីស្នាដៃ និងសកម្មភាពការងាររបស់មនុស្ស មិនអាចបាត់បង់បានទេ។ ហេតុនេះយើងត្រូវតែយកចិត្តទុកដាក់គ្រប់គ្រង ថែរក្សាឯកសារ និងបណ្ណសារទាំងនោះ ឱ្យបានត្រឹមត្រូវតាមលក្ខណៈស្តង់ដាបច្ចេកទេស»។


យ៉ាងណាមិញ លោកកត់សម្គាល់ថា ការគ្រប់គ្រង ការថែរក្សាទុក និងការអភិវឌ្ឍនៃវិស័យបណ្ណសារនៅកម្ពុជាយើងនៅមានកម្រិត និងមិនទាន់អាចឆ្លើយតបបានសមស្របនៅឡើយ ដោយសារយើងមិនទាន់មានឃ្លាំង និងប្រព័ន្ធគ្រប់គ្រងបណ្ណសារ ដែលមានលក្ខណៈស្តង់ដារួម ហើយបណ្ណសារភាគច្រើនទៀតសោតក៏មានសភាពពុកផុយ រីឯការជួសជុល និងការធ្វើជាទម្រង់ឌីជីថលបណ្ណសារវិញ ក៏សម្រេចបានតិចតួច ដោយសារខ្វះឧបករណ៍សម្ភារៈបច្ចេកទេស។

គួរជម្រាបថា បណ្ណសារដ្ឋានជាតិនៃកម្ពុជា (NAC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២៦ ហើយបើគិតត្រឹមឆ្នាំ២០២៥នេះ អគារបណ្ណសារដ្ឋានជាតិកម្ពុជាមានអាយុកាល ៩៩ឆ្នាំ ដែលមានផ្ទុកបណ្ណសារ​​​​​ តាំងពីសម័យបារាំងរហូតមកដល់បច្ចុប្បន្ន ដែលមានឯកសារប្រមាណ ៨០% ជាភាសាបារាំង និងប្រមាណ ២០% ផ្សេងទៀត ជាភាសាខ្មែរ និងភាសាផ្សេងៗ សរុបចំនួន ២,០០០ ម៉ែត្រលីនេអ៊ែ។  ក្នុងនោះមានដូចជា ផែនទី, ប្លង់ស្ថាបត្យកម្ម, ព្រះឆាយាល័ក្ខណ៍, រូបថត, កាសែត, ទស្សនាវដ្តី, រាជកិច្ច, រដ្ឋកិច្ច, ផ្ទាំងផ្សព្វផ្សាយ និងខិតបណ្ណជាដើម។ល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម