សេចក្ដីជូនដំណឹង
ណាហ្គាវើលដ៍ សម្ពោធជាផ្លូវការពិព័រណ៍ “ស្រមោលស្បែកធំ” ដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ
រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ៖ ណាហ្គាវើលដ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ បង្កើតគំនិតផ្តួចផ្តើមរៀបចំពិព័រណ៍ “សិល្បៈស្រមោលឆ្លងកាត់ពហុសម័យ” ឬហៅថា “ពិព័រណ៍ស្រមោលស្បែកធំ” ដើម្បីចូលរួមអបអរដល់កេរដំណែល ១០០០ ឆ្នាំនៃស្បែកធំ និងសាទរដល់ខួបលើកទី២០ នៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

ពិធីសម្ពោធពិព័រណ៍នៅណាហ្គាវើលដ៍ទី១នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយលោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ និងលោកស្រី Gabrielle Thiboutot មន្ត្រីទទួលបន្ទុកនៃការិយាល័យអង្គការយូណេស្កូ ភ្នំពេញ។

ឯកឧត្តម ហាប់ ទូច បានមានប្រសាសន៍ថា “តាងនាមឱ្យលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខ្ញុំសូមអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះណាហ្គាវើលដ៍ដែលបានគាំទ្រជាបន្តបន្ទាប់ និងប្តេជ្ញាលើកកម្ពស់កេរដំណែលវប្បធម៌ដ៏មានតម្លៃរបស់ខ្មែរ។ តាមរយៈគំនិតផ្តួចផ្តើមបែបនេះរាប់ចាប់ពីសិក្ខាសាលាឆ្លាក់រូបស្បែករហូតដល់ការសម្តែងសិល្បៈ និងការបង្ហាញពីវប្បធម៌របស់ខ្មែរ យើងធានាថា ប្រពៃណីដ៏មានតម្លៃទាំងនេះ នឹងផ្តល់ជាប្រយោជន៍ដល់ក្មេងៗជំនាន់ក្រោយបានឈ្វេងយល់”។

សម្រាប់ណាហ្គាវើលដ៍ គំនិតផ្តួចផ្តើមលើកដំបូងនេះចាប់តាំងពីការចុះបញ្ជីស្បែកធំ តំណាងឱ្យអំណាចនៃការសហការ និងធ្វើឱ្យវប្បធម៌រស់ឡើងវិញ។ លោក Pern Chen បានបញ្ជាក់ថា “យើងជឿជាក់ថា សិល្បៈ និងវប្បធម៌ គឺជាគ្រឹះនៃសង្គម។ សិល្បៈ និងវប្បធម៌ ផ្សារភ្ជាប់ពួកយើងទៅកាន់ប្រវត្តិសាស្ត្ររបស់យើង កំណត់អត្តសញ្ញាណជាតិរបស់យើង និងជំរុញភាពច្នៃប្រតិដ្ឋដែលបង្កើតជាតម្លៃវប្បធម៌ និងសេដ្ឋកិច្ច។ ក្នុងនាមជាក្រុមហ៊ុនដែលគាំទ្រដល់សិល្បៈក្នុងស្រុក ពួកយើងប្តេជ្ញាចិត្តបណ្តុះបណ្តាលទេពកោសល្យ និងអភិរក្សកេរដំណែលវប្បធម៌របស់ខ្មែរ”។

ស្ទើរតែបាត់បង់អំឡុងសម័យខ្មែរក្រហម ស្បែកធំត្រូវបានចុះបញ្ជីដោយអង្គការយូណេស្កូក្នុងឆ្នាំ២០០៥ ដោយសារតែតម្លៃវប្បធម៌ដ៏អស្ចារ្យរបស់វា។ ទម្រង់សិល្បៈនេះ បានរស់រានដោយសារមានការប្តេជ្ញាចិត្តថែរក្សារបស់គ្រូស្បែកធំ និងក្រុមការងាររួមទាំងសមាគមសិល្បៈសុវណ្ណភូមិដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ដោយលោកគ្រូស្បែកធំ ម៉ាន់ កុសល។ ថ្វីត្បិតជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការរបស់សមាគម និងឈានដល់ការបិទមហោស្រពក៏ដោយ ប៉ុន្តែណាហ្គាវើលដ៍បានជួយធ្វើឱ្យសិល្បៈនេះរស់ឡើងវិញតាមរយៈការផ្តល់ការសម្តែង សិក្ខាសាលា និងសកម្មភាពជាច្រើនទៀត។

ចំណែកលោកស្រី Gabrielle Thiboutot បាននិយាយថា “ខ្ញុំសូមអរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ណាហ្គាវើលដ៍ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងការិយាល័យអង្គការយូណេស្កូប្រចាំរាជធានីភ្នំពេញដោយបានបង្កើតមាតិកា និងផ្ទាំងព័ត៌មានសម្រាប់ការតាំងពិព័រណ៍ដ៏អស្ចារ្យនេះ”។ លោកស្រីបានបញ្ជាក់ម្តងទៀតអំពីការប្តេជ្ញាចិត្តរបស់អង្គការយូណេស្កូក្នុងការបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់វិស័យអប់រំ វិទ្យាសាស្ត្រ និងអភិរក្សបេតិកភណ្ឌវប្បធម៌រូបី និងអរូបីដ៏មានតម្លៃរបស់ខ្មែរដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងដៃគូពាក់ព័ន្ធទាំងអស់។

ដំណើរការរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកានៅជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ពិព័រណ៍ “ស្រមោលស្បែកធំ” ស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាដោយសេរី និងឈ្វេងយល់ពីល្ខោនស្រមោលដ៏មានតម្លៃរបស់ខ្មែរតាមរយៈការតាំងពិព័រណ៍ ការសម្តែងសិល្បៈផ្ទាល់ បទពិសោធន៍ឌីជីថល និងការផ្តល់ជូនជាច្រើនទៀត។ កម្មវិធីនេះនឹងបញ្ចប់នៅថ្ងៃទី២៨ ខែវិច្ឆិកាដោយមានការផ្តល់ជូនការសម្តែងល្ខោនស្រមោលស្បែកធំពិសេសនៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ ដែលចូលរួមសម្តែងសមាគមសិល្បៈសុវណ្ណភូមិ និងនាយកដ្ឋានសិល្បៈទស្សនីយភាពអមជាមួយការប្រគំភ្លេងពិណពាទ្យដោយផ្ទាល់។

ពេញមួយខែវិច្ឆិកានេះ ណាហ្គាវើលដ៍ នឹងមានផ្តល់ជូនសិក្ខាសាលាឆ្លាក់រូបស្បែកដោយផ្ទាល់ដែលសាធារណជនអាចរៀនពីរបៀបឆ្លាក់រូបស្បែក និងអាចយករូបស្បែកនោះទៅគេហដ្ឋានផងដែរ។ ពិព័រណ៍នេះក៏មានផ្តល់ជូនការជួលសម្លៀកបំពាក់ប្រពៃណីខ្មែរ និងការលក់ផលិតផលសិប្បកម្ម អាវយឺត និងវត្ថុអនុស្សាវរីយជាច្រើនទៀត។ ប្រាក់ដែលបានពីសិក្ខាសាលា និងបទពិសោធន៍ទាំងនេះ នឹងត្រូវផ្តល់ជូនដល់សមាគមសិល្បៈសុវណ្ណភូមិដើម្បីឱ្យពួកគេអាចជួយរក្សាទម្រង់សិល្បៈនេះបានយូរអង្វែង។
ផ្សារភ្ជាប់បេតិកភណ្ឌវប្បធម៌ជាមួយនវានុវត្តន៍ កម្មវិធីនេះក៏មានផ្តល់ជូនបទពិសោធន៍នៃការថតរូបក្នុងទូរសព្ទឆ្លាតវៃជាមួយស្បែកធំផងដែរ។ សាធារណជននឹងទទួលបានបទពិសោធន៍បែបឌីជីថលជាមួយទម្រង់សិល្បៈនេះលើសពីវិចិត្រសាល។ សូមអញ្ជើញពុកម៉ែបងប្អូន និងសាធារណជនទាំងអស់ចូលរួម និងឈ្វេងយល់ពីពិព័រណ៍ស្រមោលស្បែកធំរបស់ខ្មែរនៅក្នុងខែវិច្ឆិកានេះឱ្យបានគ្រប់ៗគ្នា។ ចូលរួមដោយសេរី។
កម្មវិធីសង្ខេប មានដូចខាងក្រោម ៖
- ពិព័រណ៍ ៖ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង ១០ ព្រឹកដល់ ៧ យប់ ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១
- សិក្ខាសាលាឆ្លាក់រូបស្បែកដោយផ្ទាល់ ៖ ផ្តល់ជូនរៀងរាល់សប្តាហ៍
- ការសម្តែងល្ខោនស្រមោលស្បែកធំពិសេស ៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង ៥ ល្ងាច សាលមហោស្រព NABA ណាហ្គាវើលដ៍ទី២
(សំបុត្រឥតគិតថ្លៃសម្រាប់ការចូលទស្សនាការសម្តែង នឹងមានផ្តល់ជូនចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា នៅបញ្ជរណាហ្គាវើលដ៍រីវ៉ត កន្លែងទទួលភ្ញៀវណាហ្គាវើលដ៍ទី២
*****
អំពីណាហ្គាវើលដ៍បេះដូងសប្បុរស
ណាហ្គាវើលដ៍បេះដូងសប្បុរសដែលត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០១៤ ដោយបុគ្គលិក គឺជាក្រុមការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។ ជាមួយការគាំទ្រពេញទំហឹងពីក្រុមហ៊ុន បុគ្គលិកទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យស្ម័គ្រចិត្តចំណាយពេលវេលា និងបង្ហាញជំនាញរបស់ពួកគេសម្រាប់គម្រោងផ្សេងៗនៅតាមសហគមន៍។ គម្រោងទាំងនេះផ្តោតលើចំណុចសំខាន់ចំនួន ៤ គឺការលើកកម្ពស់ការអប់រំ ការគាំទ្រដល់សហគមន៍ ការអភិវឌ្ឍកីឡា និងការគាំពារបរិស្ថាន។ ចាប់តាំងត្រូវបានបង្កើតឡើង ណាហ្គាវើលដ៍បេះដូងសប្បុរសបានផ្តល់ឥទ្ធិពលវិជ្ជមានដល់ប្រជាជនកម្ពុជាជិត ១ លាននាក់តាមរយៈសកម្មភាពជាច្រើនដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តកសាងអនាគតកាន់តែភ្លឺស្វាងសម្រាប់ទាំងអស់គ្នា។
សម្រាប់ព័ត៌មានអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ [email protected]
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


