Connect with us

សន្តិសុខសង្គម

អាជ្ញាធររាជធានី បន្តគិតគូរសម្របសម្រួលជម្លោះពលរដ្ឋ និងពលរដ្ឋ លើបាតុភាពទាមទារបើកច្រកចេញចូល

បានផុស

នៅ

អាជ្ញាធរ​រាជធានី​ភ្នំពេញ ពិសេស​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ ៧ មករា នៅតែ​បន្ត​គិតគូរ ដើម្បី​ជួយ​សម្រប​សម្រួល​លើ​បញ្ហា​ជម្លោះ​រវាង​ពលរដ្ឋ និង​ពលរដ្ឋ ទាក់ទិន​នឹង​ការ​ទាមទារ​ឲ្យ​បើក​ច្រក​ដី​ឡូត៍ សម្រាប់​ប្រើប្រាស់​ជា​សាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បាតុភាព​នេះ បាន​កើត​ឡើង​បន្ទាប់ពី​មាន​ភាគី​ពលរដ្ឋ​ជា​អ្នក​រស់នៅ​អគារ​ខុន​ដូរ​មួយ​កន្លែង ក្នុង​ភូមិ ៣ សង្កាត់​វាលវង់ ខណ្ឌ ៧ មករា បាន​ប្តឹង​តវ៉ា​ទាមទារ​ឲ្យ​ម្ចាស់​ដី​ឡូត៍​មួយ​កន្លែង ដែល​ស្ថិតនៅ​ខាង​ក្រោយ​ខុន​ដូរ​នោះ ធ្វើការ​បើក​ច្រក​ដី​ឡូត៍ ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ ក៏ប៉ុន្តែ​ភាគី ម្ចាស់​ដី​ឡូត៍​ពុំ​យល់ព្រម ដោយ​អះអាង​ថា ច្រក​ចូល​ដី​ឡូត៍​ខាងលើ​ជា​កម្មសិទ្ធិ​របស់​គាត់។

តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា បញ្ហា​ចម្រូងចម្រាស​រវាង​ភាគី​ទាំង ២ បាន​ប្ដឹងផ្ដល់​ដល់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​រក​ខុសត្រូវ។

បន្ទាប់ពី​ទទួល​បាន​បណ្តឹង​លើ​បញ្ហា​ចម្រូងចម្រាស​នេះ រដ្ឋបាល​ខណ្ឌ បាន​ពិនិត្យ​ឃើញ​ថា ភាគី​ម្ចាស់​ដី​ឡូត៍​មាន​បង្កាន់ដៃ​កាន់កាប់​ស្របច្បាប់ ដែល​ទទួល​ស្គាល់​ពី​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយ៍កម្ម និង​សំណង់ តាំងពី​ឆ្នាំ ១៩៩១ មក​ម្ល៉េះ ប៉ុន្តែ​កាលពី​ឆ្នាំ ២០២៤ ដោយ​អ្នកគ្រប់គ្រង​អគារ​ខុន​ដូរ​ដែល​កំពុង​មាន​វិវាទ​ជាមួយគ្នា​នោះ បាន​ធ្វើការ​ជួល​ច្រក​ដី​ឡូត៍​ខាងលើ​ពី​ម្ចាស់​ដី​ឡូត៍ ដោយ​ផ្ដល់​តម្លៃ​ជួល​ជា​ទឹកប្រាក់​ក្នុង​តម្លៃ​មួយ​សមរម្យ​ជាប្រចាំ​ខែ។ ក្នុង​នោះ មួយ​រយៈពេល​ក្រោយ​ជាច្រើន​ខែ​កន្លង​មក​នេះ ភាគី​អ្នកគ្រប់គ្រង​ខុន​ដូរ​ខាងលើ បាន​បញ្ឈប់​ការ​ផ្ដល់​ទឹកប្រាក់​ថ្លៃ​ជួល​ច្រក​ខាងលើ​ទៅ​ឲ្យ​ម្ចាស់​ដី​ឡូត៍ មិន​គោរព​តាម​កិច្ចសន្យាជួល ទើប​បង្ក​ឲ្យ​មាន​វិវាទ​តវ៉ា​តែម្ដង​ទៅ។

លោក ថេង សុថុល អភិបាល​ខណ្ឌ ៧ មករា បាន​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ សូម​មេត្តា​រក្សា​ភាព​ស្ងប់ស្ងៀម ទុក​លទ្ធភាព​ឲ្យ​រដ្ឋអំណាច និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ពិសេស​មន្ទីរ និង​ក្រសួង​ជំនាញ​ដែនដី ព្យាយាម​សម្របសម្រួល​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ ស្របតាម​យុទ្ធសាស្ត្រ​ឈ្នះៗ ទាំងអស់​គ្នា។

លោក ថេង សុថុល ក៏បាន​ស្នើ​ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​ទាំងឡាយ​ណា​ដែល​បង្ក​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​សង្គម​បន្ត​ទៀត។

លោក​អភិបាល​ខណ្ឌ បញ្ជាក់​ច្បាស់ៗ ថា អ្វី​ដែល​ជា​សម្បត្តិ​សាធារណៈ នៅតែ​ជា​សម្បត្តិ​សាធារណៈ ទុក​សម្រាប់​ជូន​​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​ប្រយោជន៍​រួម ពុំ​អនុញ្ញាត​ឲ្យ​បុគ្គល​ណា​រំលោភបំពាន​នោះ​ឡើយ។ ក៏ប៉ុន្តែ​ប្រសិន​បើ​សម្បត្តិ​ណា​ជា​កម្មសិទ្ធិឯកជន គ ​រដ្ឋអំណាច​ត្រូវតែ​ថែរក្សា​ជូន​ពួកគាត់​ឲ្យ​ស្រប​ទៅ​តាម​ច្បាប់ទម្លាប់ បញ្ចៀស​ដាច់ខាត​ពី​ការ​រំលោភ​បំពាន​ពី​ភាគី​ណាមួយ​ដែល​ពុំ​មែន​ជា​ម្ចាស់​កម្មសិទ្ធិ៕

អត្ថបទ ៖ សុភា

អត្ថបទពាក់ព័ន្ធ ៖ បាតុភាពដុតកង់ឡាននៅខណ្ឌ ៧ មករា ផ្អើលអាជ្ញាធរចុះអន្តរាគមន៍ ផ្ដើមពីរឿងច្រកចេញ-ចូលលំនៅឋាន ជម្លោះពលរដ្ឋ និងពលរដ្ឋ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម