Connect with us

សន្តិសុខសង្គម

នគរបាលកម្រិតធ្ងន់ បង្ហាញមុខជនសង្ស័យ ០៨ នាក់ ក្លែងបន្លំឯកសណ្ឋានជា​សមត្ថកិច្ច ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សខុសច្បាប់ 

បានផុស

នៅ

នគរបាលកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យ០៨នាក់ ក្រោយធ្វើសកម្មភាពចាប់បង្ខាំងជនជាតិចិន និង ជំរិតទារប្រាក់ចំនួន ៥ម៉ឺន២ពាន់ដុល្លារ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការបង្ហាញមុខជនសង្ស័យទាំង ០៨នាក់ ជាសាធារណៈ ក្រោយចប់បញ្ចប់នីតិវិធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ដោយមានបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពរញ រួមជាមួយ ឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង និង លោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការងទទួលការិយាល័យកម្រិតធ្ងន់ បានបញ្ជាឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះស្រាវជ្រាវករណីចាប់បង្ខាំងជនជាតិចិន និងជំរិតទារប្រាក់ចំនួន ៥មុឺន ២ពាន់ដុល្លារ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៣ និង២០នាទី ទៀបភ្លឺ នៅចំណុចខុនដូមួយកន្លែង តាមបណ្តោយផ្លូវលេខ៣៥២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

នាយការិយាល័យបានបន្តថា តាមការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាព ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយអធិការដ្ឋាននគរបាលទាំង១៤ខណ្ឌ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល , ខេត្តតាកែវ , ខេត្តកំពត ,សៀមរាប និងខេត្តព្រះសីហនុ កំណត់បាននូវទីតាំងរបស់ជនសង្ស័យ កំពុងពួនសម្ងំលាក់ខ្លួន រហូតឈានដល់ការបង្រ្កាបជនសង្ស័យចំនួន ០៨នាក់ ជាជនជាតិខ្មែរ។

ក្នុងនោះនគរបាលជំនាញបានដកហូតវត្ថុតាងពីជនសង្ស័យរួមមាន រថយន្តម៉ាកព្រុស ពណ៌ស ពាក់ស្លាកលេខ កំពត 2B-8818 , រថយន្តម៉ាកព្រុស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BQ-8101 , កាំភ្លើងខ្លី ០៤ដើម , ទូរស័ព្ទចំនួន ០៦គ្រឿង , គ្រាប់ចំនួន ៣៨គ្រាប់ , ខ្នោះដៃចំនួន ០៧ , សម្លៀកបំពាក់កងរាជអាវុធហត្ថចំនួន ០៤កំប្លេ , កាតកងរាជអាវុធហត្ថចំនួន ០២សន្លឹក(COPY) និងកាបូបស្ពាយចំនួន ០១។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៨នាក់ខាងលើ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ធ្វើការកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម