Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងផ្លាស់ប្តូរប្រព័ន្ធបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតបឋមសិក្សា និងអនុវិទ្យាល័យចាប់ពីឆ្នាំ២០២៦

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការផ្លាស់ប្តូរប្រព័ន្ធបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតបឋមសិក្សានិងអនុវិទ្យាល័យចាប់ពីឆ្នាំ២០២៦តទៅ ដើម្បីទាក់ទាញបេក្ខជនដែលមានសមត្ថភាពមកធ្វើជាគ្រូបង្រៀនសំដៅចូលរួមចំណែកលើកកម្ពស់គុណភាពគ្រូបង្រៀននៅកម្ពុជាកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ណាត ប៊ុនរឿន

នៅក្នុងពិព័រណ៍ និងសន្និសីទអប់រំប្រចាំឆ្នាំលើកទី៥ ក្រោមប្រធានបទ “បរិវត្តកម្មការបង្រៀន និងរៀន ឆ្លើយតបការអប់រំក្នុងសតវត្សទី២១” រយៈពេល២ថ្ងៃគឺថ្ងៃទី២៨-២៩វិច្ឆិកា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដើម្បីធ្វើកំណែទម្រង់គ្រូបង្រៀនចាប់ពីឆ្នាំ២០២៦ តទៅ ការបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតបឋមសិក្សា និងអនុវិទ្យាល័យនឹងត្រូវផ្លាស់ប្តូរទៅប្រព័ន្ធ បរិញ្ញាបត្រ (12+4) និង បរិញ្ញាបត្រ+១ ដោយលុបចោលទាំងស្រុងនូវប្រព័ន្ធ (12+2)។ លោកគូសបញ្ជាក់ថា ការផ្លាស់ប្តូរនេះដើម្បីទាក់ទាញបេក្ខជនដែលមានសមត្ថភាពមកធ្វើជាគ្រូបង្រៀន ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពគ្រូបង្រៀននៅកម្ពុជាគ្រូហើយបង្រៀនកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ក៏នឹងទទួលបានក្របខណ្ឌ (ក) ដែលជាក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តម។

ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការ បានជំរុញការស្រាវជ្រាវនិងបានណែនាំដល់អគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ រួមទាំងវិទ្យាស្ថានគរុកោសល្យជាពិសេសរាជធានីភ្នំពេញ និងបាត់ដំបង ឱ្យធ្វើការសិក្សាស៊ីជម្រៅអំពីស្ថានភាពគ្រូបង្រៀនដែលបានបម្រើការងារចាប់តាំងពីឆ្នាំ១៩៨៦ រហូតដល់ចូលនិវត្តន៍។ ព្រោះថា ទិន្នន័យនេះមានសារៈសំខាន់ណាស់ក្នុងការគាំទ្រដល់ការអភិវឌ្ឍគោលនយោបាយគ្រូបង្រៀនដែលជាប្រធានសម្រាប់ធ្វើបទបង្ហាញក្នុងពិធីពិព័រណ៍ និងសន្និសីទអប់រំលើកទី៦ ឆ្នាំក្រោយ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ នឹងមានបទបាឋកថាពីវាគ្មិនសំខាន់ៗចំនួន៣ ការពិភាក្សាពេញអង្គចំនួន២ ការដាក់តាំងបង្ហាញស្នាដៃពិព័រណ៍សរុប ៤៨ គម្រោង និងមានបទបង្ហាញស្រាវជ្រាវអប់រំចំនួន ៣២ ពីគ្រូឧទ្ទេស គរុនិស្សិត អតីតគរុនិស្សិត ព្រមទាំងដៃគូអភិវឌ្ឍន៍ផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម