ព័ត៌មានជាតិ
ឱកាសការងារជាង១ម៉ឺនកន្លែង ត្រូវបានបើកបង្ហាញក្នុងពិព័រណ៍ការងារនៅស្រុកពួក សម្រាប់អតីតពលករមកពីប្រទេសថៃ
សហគ្រាស ក្រុមហ៊ុន រោងចក្រចំនួន២១ បានសម្ភាស និងជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ក្នុងពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើឡើងនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ឃុំពួក ស្រុកពួក ខេត្តសៀមរាប នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ ពិព័រណ៍ការងារនោះ បាននាំយកនូវឱកាសការងារប្រមាណជាង១ម៉ឺនកន្លែងសម្រាប់អតីតពលករមកពីប្រទេសថៃ។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងគ្រាចូលរួមជាអធិបតីថា ការរៀបចំពិព័រណ៍ការងារនេះ គឺជាព្រឹត្តិការណ៍មួយដ៏ពិសេស ក្នុងគោលបំណងផ្តល់ការងារតាមតម្រូវការជូនអតីតពលករ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ ហើយក៏បាននាំយកសហគ្រាស ក្រុមហ៊ុន រោងចក្រ មកដល់មូលដ្ឋានផ្ទាល់តែម្តង បើទោះបីជាសម្ភាសការងារជាប់ ឬមិនជាប់ ក៏បងប្អូនមិនចាំបាច់ចំណាយថ្លៃធ្វើដំណើរ ទៅរាជធានីភ្នំពេញ ឬក៏ទៅខេត្តផ្សេងៗនោះឡើយ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា មូលហេតុដែលអតីតពលករមួយចំនួនជ្រើសរើសធ្វើចម្ការ គឺដោយសារតម្លៃនៃសេរីភាព ប៉ុន្តែប្រសិនបើគ្រួសាររបស់បងប្អូនមាន៣នាក់ អាចមានម្នាក់មកធ្វើការវិញ នោះប្រាក់ចំណូលនឹងកើនឡើងច្រើនដែរ ដែលអាចឱ្យគ្រួសារបងប្អូនសម្រួលបន្ទុកបានច្រើនផងដែរ។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីអត្ថប្រយោជន៍ដែលធ្វើការក្នុងស្រុក គឺទទួលបានប័ណ្ណ ប.ស.ស. អាចព្យាបាលជំងឺដោយឥតគិតថ្លៃ មានប្រាក់សោធនពេលធ្វើការដល់អាយុ៦០ឆ្នាំ រស់នៅជួបជុំក្រុមគ្រួសារ ប្រកបដោយសុភមង្គលទៀតផង និងបានរំលេចអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ របស់រាជរដ្ឋាភិបាលទៅដល់អតីតពលករ និងប្រជាពលរដ្ឋដែលនៅទីនោះ ដើម្បីទទួលការសិក្សារៀនសូត្រ មានជំនាញបន្ថែមសម្រាប់ជីវិត ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង។

សូមជម្រាបថា ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលស្រុកពួក សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប វិស័យឯកជន សមាគមមិត្តយើង អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធផ្សេងទៀត ដែលមានអ្នកចូលរួមប្រមាណ ៧៣៧នាក់។ នាពេលកន្លងមក ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក៏បានរៀបចំពិព័រណ៍ការងារ នៅតាមបណ្ដាខេត្តចំនួន ២០លើករួចមកហើយ។ លើសពីនេះទៀត ក៏បានរៀបចំវេទិកាការងារនៅតាមបណ្ដាខេត្តចំនួន ៥៧៧លើករួចមកហើយដែរ៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


