ព័ត៌មានអន្ដរជាតិ
កាន់តែតានតឹង! នាវាផ្ទុកយន្តហោះចិនបង្កើនប្រតិបត្តិការផ្លូវអាកាសក្បែរប្រទេសជប៉ុន
ក្រុមនាវាផ្ទុកយន្តហោះចិន បានបង្កើនប្រតិបត្តិការផ្លូវអាកាសយ៉ាងខ្លាំងក្លានៅជិតប្រទេសជប៉ុនកាលពីចុងសប្តាហ៍ ខណៈដែលប្រទេសទាំងពីរបានផ្លាស់ប្តូរការព្រមានការទូតដ៏ក្ដៅគគុក ដែលធ្វើឲ្យទំនាក់ទំនងតានតឹងរួចទៅហើយកាន់តែតានតឹងថែមទៀត។

យោងតាមទីភ្នាក់ងារព័ត៍មានរ៉យទ័រ កងកម្លាំងស្វ័យការពារជប៉ុន (SDF) បានប្រកាសនាថ្ងៃចន្ទទី៨ខែធ្នូឆ្នាំ២០២៥នេះថា នាវាផ្ទុកយន្តហោះ Liaoning របស់ចិន បានបង្ហោះ និងចុះចតយន្តហោះចម្បាំងចុះឡើងប្រហែល១០០លើក នៅពេលដែលវាបានធ្វើដំណើរទៅភាគខាងកើតចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកឆ្លងកាត់ប្រជុំកោះអូគីណាវ៉ា។
ទីក្រុងតូក្យូបានកោះហៅឯកអគ្គរដ្ឋទូតចិន លោក Wu Jianghao កាលពីថ្ងៃអាទិត្យ បន្ទាប់ពីចោទប្រកាន់យន្តហោះចម្បាំងចិនដែលហោះចេញពីនាវា Liaoning ថាបានតម្រង់ភ្លើងរ៉ាដា ទៅលើយន្តហោះជប៉ុនដែលកំពុងហោះតាមដានក្រុមនាវាចិនកាលពីមួយថ្ងៃមុននោះ។ ការបាញ់ពន្លឺរ៉ាដានេះ អាចជាសញ្ញានៃការត្រៀមរៀបចំសម្រាប់ការវាយប្រហារ និងបង្ខំឲ្យយន្តហោះដែលត្រូវបានកំណត់គោលដៅត្រូវចាត់វិធានការគេចវេះ។
ប្រទេសចិនបានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា យន្តហោះជប៉ុនបានបង្កគ្រោះថ្នាក់ដោយព្យាយាមចូលទៅជិតក្រុមនាវាផ្ទុកយន្តហោះ ដែលកំពុងបើកបរជាមួយនាវាពិឃាតមីស៊ីលចំនួន៣គ្រឿងផ្សេងទៀត។
ស្ថានទូតចិនបានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍ថា «ចិនទាមទារយ៉ាងដាច់ណាត់ឲ្យជប៉ុនបញ្ឈប់ការបង្ខូចកេរ្តិ៍ឈ្មោះ កំណត់យ៉ាងតឹងរ៉ឹងនូវសកម្មភាពជួរមុខរបស់ខ្លួន និងទប់ស្កាត់ឧប្បត្តិហេតុស្រដៀងគ្នានេះកុំឲ្យកើតឡើងម្តងទៀត»។
ប្រទេសជប៉ុនបានបដិសេធសេចក្តីរាយការណ៍របស់ទីក្រុងប៉េកាំង។ ប្រធានលេខាធិការគណៈរដ្ឋមន្ត្រី លោក Minoru Kihara បានលើកឡើងថា យន្តហោះជប៉ុនបានធ្វើសកម្មភាពត្រឹមត្រូវ ហើយទីក្រុងតូក្យូនឹង «ឆ្លើយតបដោយស្ងប់ស្ងាត់ ប៉ុន្តែម៉ឺងម៉ាត់ និងបន្តតាមដានចលនារបស់កងកម្លាំងចិននៅក្នុងដែនទឹកជុំវិញប្រទេសរបស់យើង»។
ការប្រឈមមុខគ្នាកាលពីចុងសប្តាហ៍ កើតឡើងចំពេលមានការបង្កើនវោហាសាស្ត្រលើបញ្ហាតៃវ៉ាន់។ នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi បានព្រមានកាលពីខែមុនថា ជប៉ុនអាចនឹងឆ្លើយតបទៅនឹងសកម្មភាពយោធារបស់ចិនណាមួយប្រឆាំងនឹងតៃវ៉ាន់ ដែលគំរាមកំហែងដល់សន្តិសុខជប៉ុន។ ទីក្រុងប៉េកាំងក្រោយមកបានសម្ដែងការមិនពេញចិត្តជាខ្លាំង ហើយបានណែនាំប្រជាពលរដ្ឋរបស់ខ្លួនឲ្យជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន និងផ្អាកការនាំចូលអាហារសមុទ្រពីទីក្រុងតូក្យូ។
ចិនអះអាងថា តៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន ហើយបានបង្កើនសម្ពាធយោធាលើដែនកោះមួយនេះ ដែលស្ថិតនៅចម្ងាយត្រឹមតែ១១០គីឡូម៉ែត្រ ពីកោះភាគខាងលិចបំផុតរបស់ជប៉ុនក្នុងខេត្តអូគីណាវ៉ា។
សព្វថ្ងៃ ជប៉ុនគឺជាកន្លែងប្រមូលផ្តុំដ៏ធំបំផុតនៃកងកម្លាំងយោធាអាមេរិកនៅបរទេស ដោយក្នុងនោះមានទាហានម៉ារីនអាមេរិករាប់ម៉ឺននាក់ឈរជើងនៅអូគីណាវ៉ា។ ក្រសួងការបរទេសអាមេរិក និងស្ថានទូតអាមេរិកប្រចាំទីក្រុងតូក្យូ មិនបានធ្វើអត្ថាធិប្បាយលើការអះអាងរបស់ជប៉ុនអំពីការប្រឈមមុខគ្នាចុងក្រោយនេះទេ។ ចំណែកឯប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតែរក្សាភាពស្ងៀមស្ងាត់ ខណៈដែលលោកត្រៀមខ្លួនទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងនៅឆ្នាំក្រោយសម្រាប់កិច្ចពិភាក្សាពាណិជ្ជកម្ម៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


