Connect with us

ព័ត៌មានជាតិ

ក្រុមសហជីពនៅកម្ពុជា ចេញញត្តិថ្កោលទោសយោធាថៃ ដែលបើកការឈ្លានពានសារជាថ្មីមកលើអធិបតេយ្យភាពកម្ពុជា

បានផុស

នៅ

ក្រុមសហជីពនៅកម្ពុជា បានចេញញត្តិថ្កោលទោសយោធាថៃ ដែលបានធ្វើការឈ្លានពានសារជាថ្មីមកលើអធិបតេយ្យភាពកម្ពុជា ដែលបានបណ្ដាលឱ្យប្រជាជនស៊ីវិលកម្ពុជាបាត់បង់ជីវិត និងរងរបួសមួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញញត្តិថ្កោលទោសនេះ គឺបន្ទាប់ពីយោធាថៃ បានបើកការបាញ់ប្រហារទៅលើទីតាំងប្រជាជនស៊ីវិល ចាប់តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយគិតត្រឹមវេលាម៉ោង ៦ព្រឹកនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ៧នាក់បាត់បង់ជីវិត និងរបួសចំនួន ២០នាក់។

ក្រុមសហជីពទាំងនោះ បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់យោធាថៃ ដែលបានធ្វើការឈ្លានពានសារជាថ្មី មកលើអធិបតេយ្យភាពកម្ពុជា។ ការឈ្លានពានរបស់ថៃ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅ យ៉ាងសាហាវព្រៃផ្សៃ បានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជាមួយចំនួនរងរបួស ផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លាញ សិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ។

ញត្តិថ្កោលទោសរបស់ក្រុមសហជីព បានលើកឡើងបន្តថា ភាគីថៃម្តងហើយម្តងទៀត បានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន។

ជាមួយគ្នានេះ ក្រុមសហជីព បានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ និងអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

បន្ថែមលើនេះទៀត ក្រុមសហជីព ក៏បានអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ ព្រមទាំងប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញាអនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការប្រើប្រាស់កម្លាំងអាវុធ សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម