ព័ត៌មានជាតិ
សហជីពនៅ កម្ពុជាជំរុញឱ្យអតីតមេដឹកនាំសហជីពក្នុងក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ប្តឹងទៅតុលាការបើចង់ដោះស្រាយពិតប្រាកដ ហើយគ្មានរបៀបវារៈក្រោយខ្នង
សហជីពនៅកម្ពុជាបានជំរុញឱ្យអតីតមេដឹកនាំសហជីព ក្នុងក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ ប្ដឹងទៅតុលាការប្រសិនបើពួកគេគោរពនីតិរដ្ឋ ហើយបញ្ឈប់សកម្មភាពតវ៉ា ឬការស្នើសុំ ដែលបានដោះស្រាយរួចចប់សព្វគ្រប់អស់រយៈពេលជាច្រើនឆ្នាំ ដើម្បីកុំឱ្យប៉ះពាល់ដល់មុខមាត់ និងកិត្តិយសរបស់ប្រទេសជាតិ។
ការជំរុញនេះធ្វើឡើងដោយសារតែក្រុមអ្នកស្រី ឈឹម ស៊ីថរ នៅតែបន្តប្រមូលផ្ដុំគ្នាតវ៉ា និងដាក់ញត្តិជាបន្តបន្ទាប់អូសបន្លាយរយៈពេលប្រមាណ ៤ឆ្នាំមកហើយ ខណៈករណីរបស់ពួកគេត្រូវបានដោះស្រាយ ២៧លើក តែពួកគេមិនព្រមទទួលយក ស្របពេលដែលបុគ្គលិកប្រមាណ ១ ៦០០នាក់ បានយល់ព្រមទទួលយក ប៉ុន្តែដោយឡែក នៅសល់ប្រមាណពី ៥០ ទៅ ៦០នាក់ប៉ុណ្ណោះ បន្តតវ៉ាធ្វើខុសនីតិវិធី។ ម្យ៉ាងទៀត ក្រុមដដែលនេះ បានទាត់ចោលសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាយន្តការត្រីភាគី ដោយពួកគេជាអ្នកជ្រើសរើស។
លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ មានប្រសាសន៍នៅថ្ងៃទី១៥ ខែមករានេះថា ការដោះស្រាយករណីក្រុមអ្នកស្រី ឈឹម ស៊ីថរ ត្រូវបានធ្វើឡើងជាច្រើនលើកច្រើនសារ ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ហើយចំពោះការតវ៉ា ដោយគ្មានមូលដ្ឋាន បំពានទៅលើច្បាប់ ក៏ដូចជាសិទ្ធិដែលមានចែងក្នុងច្បាប់ ស្ដីពីការងារ និងច្បាប់ស្ដីពីសហជីពនោះ អាចបង្កឱ្យមានការយល់ច្រឡំដល់សាធារណជន ព្រមទាំងអាចប៉ះពាល់ដល់រូបភាពនៃបរិយាកាសការងារ ការគោរពច្បាប់ និងបរិយាកាសវិនិយោគនៅកម្ពុជាផងដែរ។

លោកថ្លែងថា«មកដល់ម៉ោងនេះគឺ ២៧លើកហើយ ហើយប្រសិនបើពួកគាត់នៅតែកើតទុក្ខមិនសូវសុខចិត្ត ពួកគាត់គួរគប្បីបន្តនីតិវិធីតាមផ្លូវច្បាប់ទៅតុលាការ ដើម្បីធ្វើការដោះស្រាយវិវាទនេះ»។ លោក អ៊ុន តារា បញ្ជាក់ថា ក្រុមអ្នកស្រី ឈឹម ស៊ីថរ មិនមែនជាបុគ្គលិក និងមិនមែនជាតំណាងបុគ្គលិកនៅក្រុមហ៊ុនណាហ្កាវើលដ៍ទៀតទេ ដូច្នេះពួកគេគួរតែប្រើនីតិវិធីច្បាប់ផ្សេងទៀត ដូចជាអាចប្ដឹងទៅតុលាការ និងយន្ដការដោះស្រាយទៅតាមនីតិវិធីច្បាប់ នោះទើបជាការគោរពត្រឹមត្រូវតាមនីតិវិធីច្បាប់។
ចំណែកលោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា មានប្រសាសន៍ដែរថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ បានដោះស្រាយករណីក្រុមអ្នកស្រី ឈឹម ស៊ីថរ រហូតដល់ ២៧លើកនេះ គឺជាចំនួនដ៏ច្រើន ហើយការដែលបន្តតវ៉ាផ្ទុយពីលក្ខខណ្ឌការងារ និងនីតិវិធីដោះស្រាយនេះ គឺបានធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជា។ លោកបន្តថា សកម្មភាពអ្នកស្រី ឈឹម ស៊ីថរ ហាក់មានចរិតមួយដែលមានសេណារីយ៉ូពីក្រោយ ជួយឧបត្ថម្ភគាំទ្រ។ មេសហជីពរូបនេះកត់សម្គាល់ថា ប្រសិនបើពួកគេតវ៉ារាប់ឆ្នាំ ហើយមិនធ្វើការងារផ្សេង តើពួកគេទទួលបានថវិកាមកពីណាដើម្បីចំណាយការរស់នៅប្រចាំថ្ងៃ និងការធ្វើសកម្មភាពតវ៉ានេះ។

លោកថ្លែងថា «ការតវ៉ានេះ ខ្ញុំគិតថា កុំដើម្បីតែប្រយោជន៍ពីបរទេស ឬក៏ប្រយោជន៍នយោបាយដ៏កខ្វក់ពីក្រោយខ្នង បន្តតវ៉ាដែលធ្វើប៉ះពាល់ជារួមដល់ប្រទេសកម្ពុជា ប៉ះពាល់ប្រយោជន៍រួមរបស់ប្រជាពលរដ្ឋកម្ពុជា ទាំងមូលនោះទេ»។ លោក ហង្ស រ៉ាវី ក៏បានជំរុញឱ្យក្រុមអ្នកស្រី ឈឹម ស៊ីថរ ចូលរួមគោរពនីតិវិធីច្បាប់ឱ្យបានខ្ជាប់ខ្ជួន និងបញ្ឈប់ការទាមទារដែលផ្ទុយពីនីតិវិធីច្បាប់ ហើយក៏បានផ្ដល់យោបល់ឱ្យពួកគេ ដាក់ពាក្យបណ្ដឹងទៅតុលាការប្រសិនបើយល់ឃើញថា ការដោះស្រាយទាំង ២៧លើកនោះ ពុំអាចផ្ដល់នូវយុត្តិធម៌ និងផលប្រយោជន៍ជូនក្រុមរបស់ខ្លួននោះ៕
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


