Connect with us

សេដ្ឋកិច្ច

​ការដោះដូរ​ទំនិញ​កម្ពុជា​-អន្តរជាតិ​ សម្រេច​បានជាង ៥៨ ​ពាន់លានដុល្លារ ​ត្រឹមរយៈពេល ១១ ​ខែ

បានផុស

នៅ

ការដោះដូរ​ទំនិញ​កម្ពុជា​ ជាមួយ​ដៃ​គូ​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​សម្រេច​បាន​នូវ​ទំហំ​ទឹក​ប្រាក់​ជាង​ ៥៨ ​ពាន់លានដុល្លារ នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៥ កើនឡើង ១៦,២ ភាគរយ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នានៅឆ្នាំ ២០២៤ ដែលមានទំហំប្រមាណ ៥០ ពាន់លានដុល្លារ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ទិន្នន័យ​របស់​អគ្គនា​យក​ដ្ឋាន​​គយ ​និង​រដ្ឋាករ​កម្ពុជា​ ​(GDCE) ​ចេញផ្សាយនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ ​បង្ហាញថា ​​ចាប់ពីខែមករា ដល់ខែ វិច្ឆិកា ​ការនាំចេញ-នាំចូល​ទំ​និញ​រវាងកម្ពុជា ជា​មួយ​ដៃ​គូ​អន្តរជាតិមានទំហំទឹកប្រាក់សរុប ​៥៨,០៣ ​ពាន់លានដុល្លារ ​ក្នុងនោះ​កម្ពុជា​នាំចេញ​មានតម្លៃ ​២៧,៣៧ ​ពាន់លានដុល្លារ ​កើន ១៤ ភាគរយ ​​ចំណែកទំនិញនាំចូលមានតម្លៃ ​៣០,៦៥ ​ពាន់​លាន​ដុល្លារ កើនឡើង ១៨,២ ភាគរយ។

​ទិន្នន័យខាងលើបង្ហាញថា ​តុល្យភាព​ជញ្ជីង​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​មាន​ឱនភាព​ប្រមាណ​ ៣,២៧ ​ពាន់លានដុល្លារ។ ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ៗ​របស់​កម្ពុជារួម​មាន​ ចិន អាមេរិក វៀតណាម ថៃ និង​ជប៉ុន​។ ​

​​អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់កម្ពុជាថ្មីថា ទំហំពាណិជ្ជកម្មរបស់កម្ពុជាកើនឡើង ​ដោយសារ​គម្រោងវិនិយោគ​កន្លងមក ​ដែលកម្ពុជាចុះបញ្ជី​តាមថ្នាលបច្ចេកវិទ្យានៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​មានការ​កើនឡើង​ទំហំនៃការ​វិនិ​យោគ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលធ្វើឱ្យការផលិត និងសេដ្ឋកិច្ចកម្ពុជា​រឹងមាំ​ឈាន​ដល់ការនាំចេញកើនឡើង។

​លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ​មានប្រសាសន៍ថា ពាណិជ្ជ​កម្ម​អន្តរជាតិរបស់កម្ពុជា មានការកើនឡើង ក្នុងនោះការនាំចេញក្នុងវិស័យឧស្សាហកម្ម កាត់ដេរ​សម្លៀក​បំពាក់ ការនាំចេញ កង់ សំបកកង់រថយន្ត និងគ្រឿងបង្គុំអគ្គិសនី និងអេឡិកត្រូ​និក​មាន​ការ​កើន​ឡើង។

លោកបណ្ឌិត ជ័យ តិច យល់ឃើញថា៖ «ការវិនិយោគក៏មានការកើនឡើង ហើយការនាំចេញ​ក៏មាន​ការកើនឡើង ​ពាក់ព័ន្ធទៅនឹងការ​ទទួលបាននូវអត្រាពន្ធ ដូចជាចក្រភពអង់គ្លេស គឺយើងនាំចូល​គ្រឿងបង្គុំអគ្គិសនី ក៏ដូចជាវាយនភណ្ឌ គឺអត្រាសូន្យភាគរយ»។​

​លោកបណ្ឌិត ជ័យ តិច ​បន្ថែមថា ​ការនាំចេញរបស់កម្ពុជា ​ទៅសហរដ្ឋអាមេរិក ក៏មានការ​កើន​ឡើង​ខ្លាំង​ដោយសារតែអត្រាពន្ធ ១៩% ​បើធៀបជាមួយសមាជិកអាស៊ាន និងប្រទេសដៃគូប្រកួតប្រជែង គឺកម្ពុជាមានប្រៀបជាង ពោលគឺស្មើតែប្រទេស​ឥណ្ឌូនេស៊ី លើវិស័យវាយនភណ្ឌ។

តាមការវាយតម្លៃរបស់រាជរដ្ឋាភិបាល​សេដ្ឋកិច្ចកម្ពុជា ​ត្រូវបានព្យាករថា ​នឹងសម្រេចកំណើន​ក្នុង​រង្វង់ ៥,២% ​នៅឆ្នាំ ២០២៥ ​និងសម្រេចកំណើន ៥% សម្រាប់ឆ្នាំ ២០២៦ ​ស្របពេលដែល ផ.ស.ស សម្រាប់មនុស្សម្នាក់ ​ត្រូវរំពឹងថា ​នឹងកើនដល់ ​៣ ០២០ ​ដុល្លារ។​

​កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៦ ​គាំទ្រដោយវិស័យ​ឧស្សាហកម្ម ​វិស័យសេវាកម្ម ​វិស័យកសិកម្ម ​ខណៈ​អត្រា​អតិផរណា​ត្រូវបានព្យាករថា ​ស្ថិតក្នុងរង្វង់ ២,៨%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម