Connect with us

សេដ្ឋកិច្ច

ការតភ្ជាប់​ជើង​ហោះហើរ​តួកគី-កម្ពុជា ​បង្ហាញ​ឱកាស​ថ្មី​សម្រាប់​វិស័យ​ទេស​ចរណ៍ និង​អាជីវកម្ម

បានផុស

នៅ

ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍​ដែលហោះ​ហើរទៅ​កាន់ប្រទេស​ជាច្រើនដែលច្រើនជាងក្រុមហ៊ុនដទៃទៀត បានឈានមួយជំហាន​ទៀតដើម្បីពង្រីក​វិសាលភាពជាសកលរបស់ខ្លួន ដោយបានបើកដំណើរការជើងហោះហើរមក​កាន់រាជធានីភ្នំពេញ ដែលស្របទៅតាមគោលដៅយុទ្ធសាស្ត្ររបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងគោលដៅថ្មីនេះ កម្ពុជាបានក្លាយជាប្រទេសទី ៧ ដែលបម្រើសេវាកម្ម​ដោយក្រុមហ៊ុន​អាកាសចរណ៍ជាតិនៅអាស៊ីអាគ្នេយ៍ ហើយរាជធានីភ្នំពេញបានចូលរួមក្នុងបណ្តាញជាទីក្រុងទី ១១​ នៅក្នុងតំបន់។ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងសាធារណរដ្ឋតួកគី និងកម្ពុជា និងរួម​ចំណែក​ដល់កំណើនសេដ្ឋកិច្ចនៃទីផ្សារដែលកំពុងរីកចម្រើននេះ ផ្លូវហោះហើរពីរាជ​ធានីភ្នំ​ពេញទៅពង្រីកបណ្តាញចុងបូព៌ារបស់ក្រុមហ៊ុនអាកាសចរណ៍ដល់ទៅ ២០ ទីក្រុង និងអាកាស​យានដ្ឋានចំនួន ២១។

ផ្លូវហោះហើរថ្មីនេះផ្តល់ជូនភ្ញៀវរបស់ក្រុមហ៊ុន Turkish Airlines នូវច្រកផ្លូវទៅ​កាន់គោលដៅ​សំខាន់ៗមួយក្នុងតំបន់បានកាន់តែងាយស្រួល និងបង្ហាញជាថ្មីម្តងទៀតអំពីការតភ្ជាប់ដែល​មិនអាចប្រៀបផ្ទឹមបាន ដែលក្រុមហ៊ុនអាកាសចរណ៍នៃសាធារណរដ្ឋតួកគីយ៉េផ្តល់ជូន ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបតែមួយគត់ដែលហោះហើរទៅកាន់គោលដៅនេះ។

ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ដំណើរការជើងហោះហើរមកកាន់​រាជធានី​ភ្នំពេញ​បីដង​ក្នុង​​​មួយ​សប្តាហ៍។ ជើងហោះហើរពីទីក្រុងអ៊ីស្តង់ប៊ុលមកកាន់រាជធានីភ្នំពេញចេញដំណើរ​នៅថ្ងៃពុធ ថ្ងៃសុក្រ​ និងថ្ងៃ​អាទិត្យ​ ខណៈ​ដែល​ជើងហោះហើរទៅមកទីក្រុងអ៊ីស្តង់ប៊ុល​ដំណើរ​ការនៅថ្ងៃច័ន្ទ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។

លោក Bilal Ekşi នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Turkish​Airlines មានប្រសាសន៍​ថា៖ «ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍​របស់សាធារណរដ្ឋតួកគី យើងបន្តពង្រីក​បណ្តាញ​​​​តភ្ជាប់​ទ្វីបនានា និងពង្រឹងការតភ្ជាប់របស់យើងជាមួយគោលដៅយុទ្ធសាស្ត្រ។ ការ​បន្ថែម​​កម្ពុជាជាប្រទេសទី ១៣២ របស់យើងទៅក្នុងបណ្តាញដែលមិនអាច​​ប្រៀបផ្ទឹមបាន​របស់យើង ហើយការដាក់ឱ្យដំណើរការ​ជើងហោះ​ហើរ​ទៅ​កាន់​​រាជធានីភ្នំពេញ​ គឺជាជំហានដ៏សំខាន់មួយឆ្ពោះ​ទៅ​មុខក្នុងគោលដៅនេះ។ ជើងហោះហើររបស់យើងមកកាន់កម្ពុជា នឹងបង្ហាញពីឱកាសថ្មីៗ សម្រាប់​ទាំងវិស័យ​ទេសចរណ៍ ​និងអាជីវកម្ម»។

ទីក្រុងភ្នំពេញ ជាមជ្ឈមណ្ឌលទេសចរណ៍ និងពាណិជ្ជកម្មដ៏​សំខាន់បំផុត​មួយ​នៅក្នុងតំបន់ ជាមួយនឹងរចនាសម្ព័ន្ធប្រវត្តិសាស្ត្រ បេតិកភណ្ឌវប្បធម៌ និងជីវិតទីក្រុង​ដ៏រស់​រវើក។​ ស្ថិត​នៅ​ចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេសាប ទីក្រុងនេះផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍​វប្បធម៌​​ដ៏សម្បូរ​បែប​ជាមួយនឹងព្រះបរមរាជវាំង សារមន្ទីរជាតិ និងផ្សារប្រពៃណី។

យោងតាមក្រសួងទេសចរណ៍ កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ជាង​ ៤,៧ លាននាក់ នៅ​​ក្នុង​រយៈពេល ១០ ខែ ឆ្នាំ ២០២៥ ធ្លាក់ចុះ ​១១,៦% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។​

ក្នុង​ចំណោម​ភ្ញៀវទេសចរ​អន្តរជាតិជាង​ ៤,៧ លាន​​នាក់ ​ទេសចរណ៍​វៀត​ណាមឈរនៅ​លំដាប់​លេខរៀងទី១ ចំនួនជាង ១ លាននាក់ ធ្លាក់ចុះ ៦,៨% ចិន ១ លាននាក់ កើនឡើង ៤៤,៦% ថៃ ៩៩ ម៉ឺននាក់ ធ្លាក់ចុះ ៤២,៣% អាមេរិកជាង ១៦ ម៉ឺននាក់ ធ្លាក់ចុះ ២,៦% កូរ៉េជិត ១៤ ម៉ឺននាក់ ធ្លាក់ចុះ ១២%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម