Connect with us

ព័ត៌មានជាតិ

បណ្ឌិត ឈត ប៊ុនថង៖ ក្នុងពេលសង្គ្រាមត្រូវរក្សាផ្លូវចិត្តឱ្យបានរឹងមាំ ទើបសត្រូវមិនអាចបំបាក់បាន

បានផុស

នៅ

សង្គ្រាមកម្ពុជា-ថៃ រយៈពេលប៉ុន្មានថ្ងៃមកនេះ ធ្វើឱ្យវីរកងទ័ពកម្ពុជា និងជនស៊ីវិលមួយចំនួនបានស្លាប់ និងរងរបួស។ ការណ៍នេះ ធ្វើឱ្យប្រជាជនមួយចំនួនប៉ះពាល់ផ្លូវអារម្មណ៍ ជាពិសេសសាច់ញាតិវីរកងទ័ពដែលឈរជើងនៅសមរភូមិជួរមុខ និងជនភៀសសឹកដែលត្រូវចាកចេញពីផ្ទះសម្បែងធ្លាប់រស់នៅ។ ក្នុងស្ថានភាពដ៏លំបាកនេះ អ្នកជំនាញផ្នែកទស្សនវិជ្ជានៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត ឈត ប៊ុនថង បានណែនាំឱ្យពលរដ្ឋរក្សាផ្លូវចិត្តឱ្យបានរឹងមាំ ទើបសត្រូវមិនអាចបំបាក់បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញរូបនេះ បានលើកឡើងថា បច្ចុប្បន្នប្រទេសថៃបានវាយប្រហារទាំងនៅលើសមរភូមិ និងប្រើសង្គ្រាមចិត្តសាស្ត្រ ដូចជាការប្រមាថមើលងាយ និងការបំភិតបំភ័យជាដើម ដើម្បីបំបាក់ទឹកចិត្តភាគីជម្លោះ។ ហេតុនេះ ការរក្សាផ្លូវចិត្តឱ្យបានល្អ គឺជារឿងចាំបាច់ដែលត្រូវធ្វើ ព្រោះបើផ្លូវចិត្តរបស់យើងទន់ខ្សោយសត្រូវងាយនឹងបំបាក់បានណាស់។ បន្ថែមពីនេះលោកបានប្រាប់ឱ្យបន្តរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត សាមគ្គីភាព ធ្វើអ្វីដែលអាចធ្វើបាន ចូលរួមចំណែកជួយសង្គមតាមដែលអាចធ្វើទៅបាន ហើយត្រូវជឿជាក់លើរាជរដ្ឋាភិបាល។

លោកបានលើកឡើងទៀតថា «កាលណាដែលផ្លូវចិត្ត និងផ្លូវកាយយើងរឹងមាំ យើងអាចធ្វើអ្វីដែលយើងធ្វើបាន យើងអាចជួយជាតិតាមលទ្ធភាព ហើយបើយើងនៅតែខូចចិត្តខូចអារម្មណ៍ នោះប្រាកដជាធ្វើអ្វីលែងបាន ព្រួយបាន ប៉ុន្តែកុំឱ្យការព្រួយនោះសម្លាប់រាងកាយយើង សម្លាប់ជាតិយើង»។

ទន្ទឹមនោះ លោកថាមិនមែនមានតែប្រទេសកម្ពុជាប៉ុណ្ណោះទេដែលទទួលរងគ្រោះដោយសារសង្គ្រាម ជាក់ស្តែងប្រទេសមីយ៉ាន់ម៉ា រុស្ស៊ី-អ៊ុយក្រែន អ៊ីស្រាអែល-ប៉ាលេស្ទីន សុទ្ធតែកើតមានសង្គ្រាម។ ដូច្នេះ មានតែរក្សាផ្លូវចិត្តឱ្យល្អខំប្រឹងរស់នៅឱ្យបាន ទើបអាចយកឈ្នះសត្រូវបាន។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៧ រហូតមកដល់ម៉ោង ៦ល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ សង្គ្រាមឈ្លានពានពីសំណាក់យោធាថៃមកលើបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា បានបណ្តាលឱ្យប្រជាជនស៊ីវិលស្លាប់ចំនួន ១៧នាក់ និងរបួសចំនួន ៧៧នាក់ ព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើនទៀត៕

អត្ថបទ៖ គេន ម៉ាលិះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម