ព័ត៌មានជាតិ
បទវិចារណកថា សិល្បៈនៃវោហារសាស្ត្រ៖ ស្ពានតភ្ជាប់រវាងមន្ត្រីសាធារណៈ និងទំនុកចិត្តមហាជន
ក្នុងសម័យកាលដែលព័ត៌មានមានល្បឿនលឿន ការថ្លែងសារ ឬការធ្វើជាអ្នកនាំពាក្យសម្រាប់ស្ថាប័នសាធារណៈ មិនមែនគ្រាន់តែជាការបញ្ជូនព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសិល្បៈនៃការកសាង «ទំនុកចិត្ត» ពីពលរដ្ឋដែរ។ មន្ត្រីសាធារណៈ ឬវាគ្មិនដែលទទួលបានការគោរព និងការផ្ដល់តម្លៃខ្ពស់ មិនមែនជាអ្នកដែលពូកែនិយាយឱ្យឮខ្លាំងជាងគេនោះទេ ប៉ុន្តែជាអ្នកដែលចេះថ្លឹងថ្លែងរវាង «អ្វីដែលត្រូវនិយាយ» និង «របៀបដែលត្រូវនិយាយ» ដោយផ្អែកលើគ្រឹះនៃក្រមសីលធម៌ ភាពសមហេតុផល និងការយល់ចិត្តអ្នកស្ដាប់។

គុណតម្លៃនៃវាគ្មិនម្នាក់ចាប់ផ្ដើមពីភាពច្បាស់លាស់នៃពាក្យពេចន៍។ ការជ្រើសរើសពាក្យសម្ដីដែលថ្លៃថ្នូរ មិនជ្រុលនិយម និងមានលក្ខណៈវិជ្ជមាន គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសេចក្ដីថ្លៃថ្នូរនៃតួនាទី។ ដូចដែលវាគ្មិនឆ្នើមៗក្នុងប្រវត្តិសាស្ត្របានបង្ហាញ ការប្រើប្រាស់ភាសាសាមញ្ញតែមានខ្លឹមសារជ្រាលជ្រៅ ជាពិសេសការបញ្ចូលសុភាសិត ឬពាក្យប្រៀបធៀបក្នុងបរិបទវប្បធម៌ខ្មែរ អាចធ្វើឱ្យសារដែលស្មុគស្មាញក្លាយជារឿងងាយយល់ និងដក់ជាប់ក្នុងចិត្តអ្នកស្ដាប់ ប៉ុន្តែ វាគ្មិននោះត្រូវតែយល់ឱ្យច្បាស់អំពីខ្លឹមសារនិងធម្មជាតិនៃសុភាសិត ឬពាក្យប្រៀបធៀបដែលខ្លួនលើកយកមកប្រើនោះឱ្យច្បាស់ដើម្បីចៀសវាងការប្រើប្រាស់វាខុស ដែលនាំឱ្យមានប្រតិកម្មពីអ្នកស្ដាប់ឬមហាជន។ ជាងនេះទៅទៀត ការបញ្ចេញសូរសៀងដោយមានចង្វាក់ ការផ្អាកឱ្យចំកន្លែង និងភាសាកាយវិការដែលបង្ហាញពីភាពនឹងនរ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការបញ្ជាក់ពីទំនុកចិត្ត។
ទោះបីជាយ៉ាងណាក៏ដោយ ក៏សូរសៀងដ៏ពិរោះមិនអាចគ្របដណ្ដប់លើភាពទទេស្អាតនៃខ្លឹមសារបានឡើយ។ «ភាពសមហេតុផល» គឺជាឆ្អឹងខ្នងនៃសុន្ទរកថាឬបទបង្ហាញ។ មន្ត្រីសាធារណៈត្រូវតែប្រកាន់ខ្ជាប់នូវមូលដ្ឋានទិន្នន័យជាក់ស្ដែង ក្នុងរាល់ការបកស្រាយរបស់ខ្លួន។ មិនថាជាការឆ្លើយតបនឹងបញ្ហាសង្គម ឬការបកស្រាយគោលនយោបាយនោះទេ រចនាសម្ព័ន្ធនៃការនិយាយត្រូវមានតក្កវិជ្ជាច្បាស់លាស់៖ បង្ហាញបញ្ហា មូលហេតុ និងដំណោះស្រាយដែលផ្អែកលើផលប្រយោជន៍រួម ច្បាប់ និងសីលធម៌។ ការហ៊ានទទួលស្គាល់ការណ៍ពិត ឬការសារភាពដោយស្មោះត្រង់ថាខ្លួនត្រូវការពេលវេលាដើម្បីផ្ដល់ចម្លើយច្បាស់លាស់ គឺមានតម្លៃខ្ពស់ជាងការឆ្លើយតបដោយការស្មានឬការកុហក ដែលជាទង្វើបំផ្លាញទំនុកចិត្តយ៉ាងឆាប់រហ័សពីអ្នកស្ដាប់ឬមហាជន។

ការកសាងទំនុកចិត្តក្នុងនាមជាវាគ្មិន ឬមន្ត្រីសាធារណៈ គឺស្ថិតនៅលើការសម្របសម្រួលឱ្យបានល្អឥតខ្ចោះរវាងសសរស្តម្ភសំខាន់ៗចំនួនបី។ ទីមួយគឺ ចំណេះដឹង ដែលជាមូលដ្ឋានគ្រឹះនៃភាពគួរឱ្យទុកចិត្ត ដោយអ្នកនិយាយត្រូវបង្ហាញពីសមត្ថភាពនិងការយល់ដឹងច្បាស់លាស់លើប្រធានបទដែលខ្លួនកំពុងលើកឡើង ដើម្បីឱ្យអ្នកស្ដាប់មានអារម្មណ៍ថាពួកគេកំពុងទទួលបានព័ត៌មានពីអ្នកជំនាញ។ ទីពីរគឺ ភាពសមហេតុផល ដែលជាឆ្អឹងខ្នងនៃសាររបស់អ្នក ដោយសារការនិយាយត្រូវមានតក្កវិជ្ជា មានទិន្នន័យត្រឹមត្រូវ និងការដោះស្រាយបញ្ហាដែលមានលក្ខណៈជាក់ស្ដែង ដើម្បីឆ្លើយតបទៅនឹងការចង់ដឹង និងការវិភាគរបស់អ្នកស្ដាប់។ ទីបីគឺ ការតភ្ជាប់អារម្មណ៍ ដែលជាអ្នកបើកផ្លូវនិងបង្កើតភាពស្និទ្ធស្នាល ដោយវាទាមទារឱ្យមានការប្រើប្រាស់ភាសាបេះដូង ការយល់ចិត្តពីសុខទុក្ខពិតរបស់ប្រជាពលរដ្ឋ និងការរៀបរាប់រឿងរ៉ាវដែលប៉ះទង្គិចដល់អារម្មណ៍អ្នកស្ដាប់។
ជាសរុប នៅពេលដែលវាគ្មិនម្នាក់អាចបញ្ចូល «ចំណេះដឹង» ដើម្បីឱ្យគេជឿ «ហេតុផល» ដើម្បីឱ្យគេស្ដាប់ និង«បេះដូង» ដើម្បីឱ្យគេស្រឡាញ់ ចូលមកក្នុងសុន្ទរកថាតែមួយបាន នោះអ្នកនឹងក្លាយជាវាគ្មិនដ៏មានឥទ្ធិពល ដែលទទួលបានទាំងការគោរព និងការផ្ដល់តម្លៃពីមហាជនយ៉ាងពិតប្រាកដ។
មន្ត្រីសាធារណៈត្រូវចងចាំជានិច្ចថា ពាក្យសម្ដីរបស់ខ្លួនមានឥទ្ធិពលលើស្មារតីសង្គម។ នៅពេលដែលវាគ្មិនម្នាក់និយាយដោយការគិតគូរដល់ផលប៉ះពាល់ មានការគោរពចំពោះអ្នកស្ដាប់ និងប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ នោះពាក្យសម្ដីរបស់ពួកគេនឹងមិនត្រឹមតែជា «សំឡេង»ប៉ុណ្ណោះទេ ប៉ុន្តែនឹងក្លាយជា«កម្លាំង»ដែលជំរុញឱ្យមានការគាំទ្រ និងការជឿជាក់យ៉ាងរឹងមាំពីមហាជនទៀតផង៕
ដោយបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌត្យសភាកម្ពុជា
-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


